ពលរដ្ឋខ្មែរក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលហាមមិនឲ្យកសាងចេតិយវីរបុរស សេនាទា

ដោយ លី ឈូន

ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម​​ ដែល​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ពល​លាវ ​កសាង​ចេតិយ​វីរបុរស​សេនា​ទា ដោយ​អាជ្ញាធរ​ចោទ​​ប្រកាន់​អ្នក​ផ្ដើម​កសាង​នាំ​ឱ្យ​មាន​ការ​បះ​បោរ​​ និង​​ថា​រឿង​សេនា​ទា​ជា​រឿង​ព្រេង​​​និទាន​ ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ថា​ ​ការ​រារាំង​ ការចោទប្រកាន់​របស់​វៀតណាម​ដូច្នេះ ព្រោះ​ពួក​គេ​ខ្លាច​ សាធារណជន​កាន់​តែ​ដឹង​ច្បាស់​ថែម​ទៀត​អំពី​ប្រវត្តិ​កម្ពុជា​ក្រោម ។​ វីរបុរស​ខ្មែរ​ក្រោម​​ទាំង​បី​រូប​ គឺ​លោក​សេនា​សួស សេនា​មាន់​ ​និង​សេនា​ទា​ បាន​បន្ត​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​យួន​ នៅ​ត្រើយ​ខាង​លិច​ ទោះ​បី​ជា​​វីរបុរស​ឧកញ៉ា សឺន គុយ នៅ​ត្រើយ​ខាង​កើត​ត្រូវ​យួន​សម្លាប់​ក៏​ដោយ​ ។ លោក​សេនា​ទា​​បាន​ស្លាប់​នៅ​ឆ្នាំ​ ១៨៤៩ នា​សមរភូមិ​​ពាម​ព្រែក​ទឹកសាប​ ខេត្ត​ពល​លាវ​​ ។ ​សព្វ​ថ្ងៃ ​ស្លាក​ស្នាម​ផ្នូរ​របស់​សេនា​ទា​ ស្ថិត​​ខាង​ទិស​​លិច​នៃ​វត្ត​ខ្វែង​បបែល​ខាង​ជើង​​ ក្នុង​ខេត្ត​ពល​លាវ ។

ទីស្ថាន​ផ្នូរ​របស់​វីរបុរស​សេនា​ទា​ បច្ចុប្បន្នស្ថិត​នៅ​ខាង​លិច​វត្ត​ខ្វែង​បបែល​ខាង​ជើង​ ស្រុក​ពុតធ្លេ​ ខេត្ត​ពល​លាវ ។ រូបៈ Screenshot

ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ ធម្មោ​​ រំឭក​​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​ព្រៃនគរ​​ថា ​កាលពី ៨ ឆ្នាំមុន លោក​អារ្យ​វត្ត​ម្នាក់ ឈ្មោះ បារាំង និង​ពុទ្ធបរិស័ទ​ចំណុះ​​​ជើង​​ខ្វែង​បបែល​ខាង​ជើង​ក្នុង​ខេត្ត​ពល​លាវ​ ដែល​វៀតណាម​ ប្ដូរ​ឈ្មោះ​ថ្មី​ថា​បាក​​លីវ​ (Bac Lieu) សុំ​ឲ្យ​ព្រះ​អង្គ​ជួយឧបត្ថម្ភ​កសាង​ចេតិយ​មួយ​ ដើម្បី​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​វីរបុរស​សេនា​ទា ហើយ​ចេតិយ​​នោះ​​ ត្រូវ​បាន​រៀបចំ​កសាង​​ លើ​ទីស្ថាន​ផ្នូរ​របស់​វីរបុរស​សេនា​ទា​ នៅ​ជិត​វត្ត​ខ្វែង​បបែល​ខាង​ជើង​តែម្ដង ។

ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ ធម្មោ​ លើកឡើង​បន្ត​ថា ក្នុង​ពេល​​កំពុង​កសាង​នោះ ស្រាប់​តែ​នគរបាល​វៀតណាម​ខេត្ត​ពល​លាវ​ មក​គំរាម​កំហែង​រា​រាំង​មិន​ឲ្យ​កសាង ​ដោយ​សមត្ថកិច្ច​ចោទ​ថា​រឿង​របស់​វីរបុរស​សេនា​ទា​ ជា​រឿង​ព្រេង​និទាន​ ហើយ​ការ​កសាង​ចេតិយ​នេះ​ ជា​ហេតុ​នាំ​ឲ្យ​ជ្រួល​ច្របល់​ក្នុង​សង្គម ៖ «អា​នេះ​ តាម​ពិត​ទៅ​វា​ធ្វើ​ផ្ទុយ​ស្រឡះ​តែ​ម្ដង​ ជា​ឧទាហរណ៍​ដូច​ពួក​គេ​ក្នុង​សម័យ​សង្គ្រាម​ គេ​ប្រឌិត​រឿង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ ឡេ​ វាំង​ តាម​ (Le Van Tam) ជា​វរជន​ ប្រើ​សាំង​ដុត​បំផ្លាញ់​សត្រូវ​ជាដើម​ ។ រឿង​វីរបុរស​របស់​គេ​សុទ្ធ​​ជា​រឿង​ប្រឌិត​ ហេតុ​អី​យួន​អភិ​រក្ស​បាន​ ឯ​វីរបុរស​ខ្មែរ​ជា​រឿង​ពិត​ហេតុ​អី​មក​រារាំង​ខ្មែរ​ ។  និយាយ​ឱ្យ​ចំ​ទៅ​ទៀត​ ទោះ​បី​សេនា​ទា​ ជា​វីរបុរស​ក្ដី មិន​មែន​ជា​វីរបុរស​ក្ដី តែ​ទី​នោះ​ជា​ទី​ ដែល​ដូន​តា​ខ្មែរ​ធ្លាប់​គោរព​បូជា​ដោយ​សន្តិភាព​ តាំង​ពី​ដើម​រៀង​មក​ ហើយ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម​ថែម​ទៀ ​។ ចំណែក​វៀតណាម​ជា​ហត្ថលេខី​ទទួល​ស្គាល់​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​ដូច្នេះ វត្ត​អារាម​ក្ដី ​ទី​សក្ការបូជា​ក្ដី​ របស់​ខ្មែរ​ក្រោម​ មិន​អាច​ត្រូវ​រំលោភ​បំពាន​បាន​ឡើយ​ ។ ផ្លូវ​នេះ​យួន​ធ្វើ​ខុស​ទាំងស្រុង »

ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ធម្មោ​ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។ រូបៈ ផ្តល់ឲ្យ

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​អាចារ្យ​វត្ត​ខ្វែង​បបែល​ខាង​ជើង​ម្នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា​ផ្នូរ​វីរបុរស​សេនា​ទា​ ស្ថិត​នៅ​​ខាង​​លិច​វត្ត​ខ្វែង​បបែល​ខាង​ជើង​ប្រហែល ១០០ ម៉ែត្រ ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ស្ដារ​ព្រែក​លុប​អាចម៍​ដី​ពី​លើ ឥឡូវ​ផ្នូរ​នោះ ​​នៅ​សល់​តែ​ស្លាក​ស្នាម​តិច​តួច​ប៉ុណ្ណោះ ​។

លោក​អាចារ្យ​វត្ត​​ដដែល​បន្ត​ទៀត​ ថា​ ចំពោះ​គម្រោង​សាង​ចេតិយ​វីរបុរស​សេនា​ទា​នេះ ​ចាំ​ពេល​ណា​មាន​ឱកាស​ពួក​លោក​​នឹង​បន្ត​​កសាង​ចេតិយ​នេះ​ទៀត ​។ សម្រាប់​ពេល​នេះ​ សូម្បី​តែ​ពុទ្ធបរិស័ទ​ក៏​មិន​ហ៊ាន​ទៅ​បង្សុកូល​ នៅ​ផ្នូរ​សេនា​ទា ដូច​ពី​មុន​ទៀត​ទេ ​បន្ទាប់​ពី ​នគរបាល​ខេត្ត​ពល​លាវ​មក​គំរាម កំហែង​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ កសាង​ចេតិយ​​វីរបុរស​សេនា​ទា​កាល​ពី ​៨ ឆ្នាំ​មុន​​នោះ​មក​ ៖ «ផ្នូរ​ហ្នឹង​ឥឡូវ​អត់​មាន​ទៀត​ទេ​គ្រូ​ ពី​មុន​ច្រើន​តែ​ពេល​ចូល​ឆ្នាំ​ហើយ​ គេ​ទៅ​បង្សុកូល​​​ខាង​ក្រោយ​មក​ក៏​នៅ​បង្សុកូល​ដែរ​ ទើប​តែ​ប៉ុន្មាន​ឆ្នាំ​នេះ​ ក្រោយ​ពី​លោក​គ្រូ​នាម​មាន​ ឲ្យ​ពួក​តា​អាចារ្យ​នាម បារាំង​រៀប​ចំ​កសាង​ចេតិយ​ហ្នឹង​ ដល់​ហើយ​គេ​ឮ​ដំណឹង​ហ្នឹង​ នគរបាល​មក​រារាំង​រហូត​មក​ »

លោក ថាច់ ភេន អតីតព្រះធម្មាចារ្យ វត្តព្រែកជ្រៅ ខេត្តពលលាវ ។ រូបៈ ផ្តល់ឲ្យ

មិន​ខុស​គ្នា​នឹង​ការ​លើក​ឡើង​របស់​អ្នក​មុនៗ នោះ​ទេ ​ ​បុរស​ខ្មែរ​ក្រោម​ម្នាក់​ ឈ្មោះ​ ថាច់ ភេន ​វ័យ​ ​៦៣ ឆ្នាំ ជា​អតីត​ព្រះ​ធម្មាចារ្យ​ នៅ​វត្ត​ព្រែក​ជ្រៅ ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​វត្ត​ខ្វែង​បបែល​ខាង​ជើង​នោះ ​លោក​អះ​អាង​ថា ​ក្រៅ​ពី​ដឹង​រឿង​រ៉ាវ​វីរបុរស​សេនា​ទា ​ពី​ចាស់​ៗ​ និទាន​ប្រាប់​ លោក​ក៏​ធ្លាប់​បាន​អាន​សៀវភៅ​ឯក​សារ​ប្រវត្តិសាស្ត្រ​មួយ ​​មាន​ចំណង​ជើង​ថា ​«ដាវ​ជ័យ​ប្រល័យ​ទ័ព​​យួន​» ដែល​ជា​ឯកសារ​ចាស់​បោះ​ពុម្ព​ នៅ​កម្ពុជា ។ ​ឯកសារ​នេះ ​រៀបរាប់ ពី​ការ​ប្រយុទ្ធ​ប្រឆាំង​តទល់​នឹង​ទ័ព​ឈ្លាន​ពាន​យួន ​ពី​សំណាក់​វីរបុរស​ខ្មែរ​ទាំង​បី​រូប ​គឺ​លោក​ សេនា​ទា លោក​សេនា​មាន់​ និង​លោក​សេនា​សួស​ទៀត​ផង ​។ អតីត​ព្រះ​ធម្មាចារ្យ​​វត្ត​ព្រែក​ជ្រៅ​ម្នាក់​នេះ​ លើក​ឡើង​បន្ត​ទៀត​ថា សមត្ថកិច្ច​វៀតណាម ​ខេត្ត​ពល​លាវ ​មិន​ត្រឹម​តែ​រារាំង​មិន​ឲ្យ​កសាង​ចេតិយ​ប៉ុណ្ណោះ​ទេ ​សមត្ថកិច្ច​ថែម​ទាំង​គំរាម​ទារ​គាស់​រំលើង​ផ្នូរ​​​វីរបុរស​សេនា​ទា​ថែម​ទៀត​ផង ៖ «ផ្នូរ​ហ្នឹង​មិន​បាន​ខ្ពស់​ទេ​ នៅ​រាប​ៗ​ យើង​ឃើញ​ហេតុ​ជា​គោល​អីចឹង​​ នៅ​ក្បែរ​គុម្ព​ចាក​​ នៅ​ក្បែរ​មាត់​ព្រែក​ហ្នឹង​ ។ ប្រជាជន​ឥឡូវ​មិន​ហ៊ាន​ទៅ​ពូន​ ទៅ​ពោរ​អី​ថែម​ទេ​ ព្រោះ​យួន​វា​គំរាម​ថា​ ចុះ​បើ​យើង​ថា​សព​​កប់​នៅ​ទី​ហ្នឹង​ តែ​បើ​ជីក​ទៅ​គ្មាន​តើ​យើង​ហ៊ាន​ធានា​ថា​យ៉ាងម៉េច​​​ទេ​ ។ ដូច្នេះ​ប្រជាជន​គាត់​ខ្លាច​ គាត់​មិន​ហ៊ាន​តវ៉ា​ ព្រោះ​តែ​ការ​គោរព​ និង​គិត​ថា​សព​អាច​នឹង​រេ​ទៅ​តាម​ចលនា​ដី ។ ម្យ៉ាង​ទៀត​  ជីដូន​ម៉ែ​អាណា​ហ៊ាន​ជីក​ សូម្បី​តែ​ផ្នូរ​ធម្មតា​ខ្មែរ​មិន​ហ៊ាន​ជីក​ មិន​ហ៊ាន​រុះ​រើ​ផង​ ទំរាំ​នេះ​ជា​ផ្នូរ​វីរបុរស​ គេ​គោរព​បូជា​គ្រប់​គ្នា​»

ការ​លើក​ឡើង​មក​នេះ ​ព្រោះ​តែ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ សាធារណ​ជន​ ​មិន​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ម្ដុំ​ទី​រួម​ខេត្ត​ពល​លាវ ​ទៅ​បង្សុកូល​ផ្នូរ​វីរបុរស​សេនា​ទា​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ និង​បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​សែន​ដូន​តា​ ដូច​មុនៗ ​ទៀត ។​

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​​នេះ​ អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ (KKF) លោក​ ចៅ​ សេរី ​លើក​ឡើង​ថា ​ការ​ដែល​អាជ្ញាធរ​វៀតណាម​រារាំង​ ហើយ​ថែម​ទាំង​​ចោទ​ប្រកាន់​ថា ​ខ្មែរ​ក្រោម​ប្រឌិត​រឿង​ដូច្នេះ​ ព្រោះ​វៀតណាម​ខ្លាច​ សាធារណជន​កាន់​តែ​ដឹង​ច្បាស់​ថែម​ទៀត​ អំពី​ប្រវត្តិ​កម្ពុជា​ក្រោម ។

​អនុប្រធាន​ប្រតិបត្តិ (KKF) លើក​ឡើង​បន្ត​ទៀត​ថា កុំ​ថា​ឡើយ​ផ្នូរ​ សេនា​ទា​ នៅ​ខេត្ត​ពល​លាវ​នេះ ឬ​ផ្នូរ​នាង​ចាន់ ​នៅ​ខេត្ត​ឃ្លាំង​ ឬ​ក៏​ដើម​ឈើ​ទាល​ ឧកញ៉ា ​សឺន គុយ ​នៅ​ខេត្ត​ព្រះ​ត្រពាំង​ រួម​ និង​មត៌ក​វប្បធម៌​ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​ក្រោម​ នៅ​ទី​ដទៃ​ក៏ដោយ​​ ខ្មែរ​ក្រោម​មាន​សិទ្ធិ​ថែ​រក្សា​​ និង​គោរព​បូជា ព្រោះ​វា​ជា​សិទ្ធិ​របស់​មនុស្សជាតិ ពិសេស​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម​នៃ​កម្ពុជា​ក្រោម​ ថែម​ទៀត​ ។ ​ ហើយ​រដ្ឋ​មាន​កាតព្វកិច្ច​ ការ​ពារ​ពលរដ្ឋ មិន​មែន​បិទ ឬ​រា​រាំង​នោះ​ទេ​ ។ អាជ្ញាធរ​វៀតណាម​ ធ្វើ​នេះ​ វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង​ ហើយ​ និង​ខុស​ចំពោះ​កតិកា​សញ្ញា​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ ស្ដីពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ជន​ជាតិ​ដើម ​ដែល​វៀតណាម ​ជា​ហត្ថលេខី​ទៀត​ផង​ ៖ «ច្បាប់​នានា ​របស់​អង្គការ​សហប្រជាជាតិ​ មាន​កតិកា​សញ្ញា​ស្ដី​សិទ្ធិ ​នយោបាយ និង​សិទ្ធិពលរដ្ឋ ត្រង់​មាត្រា​ទី ១៨ កថា​ខណ្ឌ​ទី​ ១​ ទី ២​ ដែល​វៀតណាម​ បាន​ស៊ីញេ​ទទួល​ស្គាល់​តាំង​ពី​ឆ្នាំ​ ១៩៨២​ ម្ល៉េះ និង​សេចក្ដី​ប្រកាស​ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​ ត្រង់​មាត្រា​ទី ១២ ។ រដ្ឋាភិបាល​វៀតណាម​ ទទួល​ស្គាល់​នូវ​សិទ្ធិ​ទាំង​នេះ​ អីចឹង​ បើ​ទោះ​បី​ជា​ជំនឿ​ណាមួយ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​វា​ផ្ទុយ​ពី​ជំនឿ​របស់​យួន ដែល​អាជ្ញាធរ​វៀតណាម​ មិន​ពេញ​ចិត្ត​ក៏​ដោយ​ តែ​ឲ្យ​តែ​ជំនឿ​នោះ​ មិន​ប៉ះ​ពាល់​ ដល់​ផល់​ប្រយោជន៍​សាធារណៈ​នោះ អាជ្ញាធរ​វៀតណាម ​ត្រូវ​តែ​គាំ​ពារ​ ព្រោះ​ជា​ជំនឿ​ក្នុង​សហគមន៍​គេ​» ។​

យោង​តាម​សៀវភៅ ​​រឿង​រ៉ាវ​នៃ​ទឹក​ដី​កម្ពុជាក្រោម​ ចង​ក្រង​ដោយ​លោក ​ទៀ ​ថេន បច្ចុប្បន្ន​លោកជា​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​បោះ​ពុម្ព​នៅ ឆ្នាំ​ ២០០៥ រៀប​រាប់​ថា លោក​សេនា​ទា​រស់​នៅ​ខេត្ត​ទ្រាំង​ត្រើយ​ខាងជើង ​នៅ​ឆ្នាំ ១៨៤៦ ដោយ​ឃើញ​ការ​ទន្ទ្រាន​ឈ្លាន​ពាន​របស់​អាណានិគម​វៀតណាម ​មក​លើ​ដែន​ដី​កម្ពុជា​ក្រោម​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ពេល​នោះ​ លោក​ចៅហ្វាយ​ខេត្ត​ឃ្លាំង​ នាម​ សុខ ត្រូវ​បាន​កម្លាំង​ឈ្លាន​ពាន​វៀតណាម ​លោម​ព័ទ្ធ​ទៀត ។ លោក​ សេនា​ទា​ បាន​មក​កាន់​ស្រុក​​ព្រែក​ត្រក​​គួន​ ​ខេត្ត​ឃ្លាំង ដែល​វៀតណាម ​ប្ដូរ​ឈ្មោះ​ថ្មី​ សុក ត្រាំង (Soc Trang) ប្រមូល​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​​ច្បាំង​ រំដោះ​លោក ចៅហ្វាយ​​​ខេត្ត​ឃ្លាំង​ តែ​ទ័​ព​លោក​ សេនា ទា ត្រូវ​បរាជ័យ​ ដោយ​ទ័ព​សត្រូវ​មាន​កម្លាំង​ជំនួយ​ច្រើន​ ។

វីរបុរស​សេនា​ទា​​ស្លាប់​ នៅ​ឆ្នាំ​ ១៨៤៩ នៅ​សមរភូមិ​ស្ទាក់​វាយ​ប្រហារ​មួយ ដោយ​កម្លាំង​សត្រូវ ក្នុង​ពេល​លោក​ទៅ​ប្រមូល​កម្លាំង ​នៅ​ពាម​ព្រែក​ទឹកសាប​ និង ព្រែក​ពល​លាវ​​ ។ សព​របស់​វីរបុរសេនា​ទា ​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ​ នៅ​ភូមិ​ខ្វែង​​បបែល សព្វ​ថ្ងៃ​ផ្នូរ​របស់​​ស្ថិត​នៅ​ខាង​លិច​វត្ត​ខ្វែង​បបែល​ខាង​ជើង​ ស្រុក​ពុតធ្លេ​ ខេត្ត​ពល​លាវ​ ៕