ញោមប្រុសរបស់ ព្រះតេជព្រះគុណ គឹម មឿន អនិច្ចកម្មក្នុងជន្មាយុ ៥៧ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

លោក គឹម អឿន ត្រូវជាញោមប្រុស ឬ ឪពុកបង្កើតរបស់ ព្រះតេជព្រះគុណ គឹម មឿន ព្រះសង្ឃដែលធ្លាប់ ត្រូវវៀតណាមចាប់ផ្សឹក ដាក់គុក ក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ នៅខេត្តឃ្លាំង បានអនិច្ចកម្ម នៅថ្ងៃ ពុធ ៨ រោច ខែអាសាឍ ឆ្នាំ វក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ ក្នុង ជន្មាយុ ៥៧ ឆ្នាំ ។

លោក គឹម អឿន ។
លោក គឹម អឿន ។

យោងតាម ព្រះតេជព្រះគុណ គឹម មឿន ដែលសព្វថ្ងៃកំពុងគង់នៅវត្តខ្មែរសុរិយារង្សី នាទីក្រុង ភីឡាដែលភា (Philadelphia) រដ្ឋ ភែនស៊ីវ៉េនៀ (Pennsylvania) សហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក គឹម អឿន ញោមប្រុសរបស់ព្រះអង្គ បានស្លាប់ដោយសារភ្លើងឆក់ នៅផ្ទះរបស់សព នាដែនដីកម្ពុជាក្រោម ។

លោក គឹម អឿន កើតនៅឆ្នាំ ១៩៦០ នៅភូមិតាសេក ឃុំតាសេក ស្រុកជ្រោយញ ខេត្តឃ្លាំង ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ គឹម មឿន ជាព្រះសង្ឃវត្តសិរីតាសេក និងជាអតីតសមណសិស្សនៃសាលា បាលីមធ្យមសិក្សាភាគខាងត្បូង ឬ អតីតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ដែលមានមូលដ្ឋាននៅក្នុងវត្តឃ្លាំង ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ដោយ សារព្រះអង្គបានចេញធ្វើបាតុកម្មដោយសន្តិវិធី និង អហិង្សាជាមួយនឹងសមណសិស្ស នៃសាលាបាលី ខេត្ត ឃ្លាំង ប្រមាណជាង ២០០ អង្គ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀត ណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម ។ ៣ ខែបន្ទាប់ពីដាក់ពន្ធនាគារ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ គឹម មឿន និង ព្រះសង្ឃខ្មែរក្រោម ៤ អង្គទៀត ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩ ព្រះតេជព្រះគុណ គឹម មឿន ត្រូវបានតុលាការយួនដោះលែងឲ្យចេញពីពន្ធនាគារវិញ ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។

ពេលបានចេញពីពន្ធនាគារ ដោយសារនៅតែមានគាបសង្កត់ និងតាមដានពីអាជ្ញាធរយួន ទើបនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ព្រះតេជព្រះគុណ គឹម មឿន ក៏បានភៀសខ្លួនចេញពីស្រុកកំណើត កាត់ប្រទេសកម្ពុជា ហើយឆ្លងចូលទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងឋានៈជាជន ភៀសខ្លួននយោបាយ នៅក្នុងការិ យាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រចាំទីក្រុងបាង កក ។ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ព្រះតេជ ព្រះគុណ គឹម មឿន និង ព្រះសង្ឃ ៨ កុម្ភៈ ចំនួន ៤ អង្គផ្សេងទៀត រួមមាន ព្រះតេជព្រះគុណ យ័ញ តូន ព្រះតេជព្រះគុណ លី ហ្វាង ព្រះតេជព្រះគុណ ថាច់ ធឿង និង ព្រះតេជព្រះគុណ លី សឿង ត្រូវបានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅថ្មីនៅប្រទេសមួយ ក្នុងទ្វីបអឺរ៉ុប ។

ក្រោយមក សហព័ន្ធខ្មែរកម្ពុជាក្រោមបានធានា ព្រះតេជព្រះគុណ គឹម មឿន មកសហរដ្ឋអាមេរិក ហើយបាន សាងផ្នួសឡើងវិញ នៅវត្តខ្មែរសុរិយារង្សី នាទីក្រុងភីឡាដែលភា (Philadelphia) រដ្ឋ ភែនស៊ីវ៉េនៀ (Pennsy lvania) ជាមួយនឹងព្រះតេជព្រគុណ យ័ញ តូន និង ព្រះតេជព្រគុណ ទឹម សាខន អតីតព្រះចៅអធិការវត្ត ភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ដែលត្រូវរបប ហ៊ុន សែន ចាប់ផ្សឹកហើយបញ្ជូនទៅ ដាក់គុកយួននៅដែនដីកម្ពុជាក្រោម កាលពីឆ្នាំ ២០០៧ ។

ចាប់តាំងពីព្រះតេជព្រះគុណ គឹម មឿន បានភៀសខ្លួនចេញពីផ្ទះ ពីស្រុកកំណើត និងពីមាតុភូមិកម្ពុជាក្រោម មកទល់ពេលនេះ មានរយៈពេល ៨ ឆ្នាំ ហើយ ព្រះអង្គមិនដែលបានជួបឪពុកម្ដាយ និងក្រុមគ្រួសារនៅស្រុក កំណើតម្ដងណាឡើយ ក្រៅតែពីបានជជែកគ្នាតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ ។

ឋិតនៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហ ព័ន្ធខ្មែរកម្ពុជាក្រោម និងសហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ព្រមទាំងថ្នាក់ដឹកនាំសហ ព័ន្ធកម្ពុជា ក្រោមទាំងអស់ សូមចូលរួមកាន់ទុក្ខជាមួយនឹង ព្រះតេជព្រះគុណ គឹម មឿន និងក្រុមគ្រួសារសពក្នុងគ្រា មានអាសន្ននេះ ។

ព័ត៌មានបន្ថែមទាក់ទងនឹងពិធីបុណ្យសពនេះ សូមលោកអ្នកទាក់ទង ព្រះតេជព្រះគុណ គឹម មឿន តាមរយៈ ទូរស័ព្ទលេខ (484) 260-3727