ជនភៀសខ្លួន​ខ្មែរ​ក្រោម ​នៅ​ថៃ​ កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​ដោយសារតែ​ជំងឺ​កូវីដ

ដោយ យន់ សាមៀន | RFA Khmer
ជនភៀសខ្លួន​ខ្មែរ​ក្រោម ​ជាង​ពីរ​រយ​នាក់ កំពុង​មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ​ពួកគេ​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ព្រោះ​ជំងឺ​កូវីដ (Covid-19) កំពុង​រាតត្បាត​នៅ​ថៃ ។ ពួកគេ​អំពាវនាវ​ឱ្យ​សប្បុរសជន និង​អង្គការ​សង្គម​ស៊ីវិល​ជួយ ប្រសិន​មិន​ដូច្នោះ​ទេ ​ពួកគេ​ខ្លះ​អាច​ដាច់​បាយ​ស្លាប់​នៅ​ប្រទេស​ថៃ​ ។
រូបភាព​ជនភៀសខ្លួន​ខ្មែរ​​ក្រោម​ នៅ​ប្រទេស​ថៃ ទទួល​អំណោយ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម
រូបភាព​ជនភៀសខ្លួន​ខ្មែរ​​ក្រោម​ នៅ​ប្រទេស​ថៃ ទទួល​អំណោយ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម
ជនភៀសខ្លួន អ្នកនាង ស៊ី ខូល ក៏​ដូច​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ផ្សេងទៀត ​ដែល​ជាប់​ផុង​នៅ​ប្រទេស​ថៃ ស្វែងរក​សិទ្ធិ​ជ្រកកោន​ នៅ​ប្រទេស​ទី​បី​នោះ កំពុង​ខ្វះខាត​ប្រាក់​ចាយវាយ និង​ម្ហូបអាហារ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ ជំងឺ​កូវីដ កំពុង​វាយប្រហារ​ថៃ ។ អ្នកនាង ស៊ី ខូល ប្រាប់​អាស៊ីសេរី​ថា អ្នកនាង មិន​អាច​ចេញ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ទេ ដោយសារតែ ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ Covid-19 ដ៏​កាច​សាហាវ​មួយ​នេះ ៖ «រយៈពេល​ចុងក្រោយ​នេះ ខ្ញុំ​ឈឺ​ខ្ញុំ​ឈប់​បាន​ទៅ​ធ្វើ​ការ ហើយ​ខ្ញុំ​ខ្លាច​ជំងឺ Covid-19 ជនភៀសខ្លួន​គាត់​ក៏​អត់​មានការ​ងារ​ធ្វើ​ដែរ ព្រោះ​គាត់​ទៅ​បះ​បន្លែ​អ៊ីចឹង ថ្ងៃ​ខ្លះ​មាន​ថ្ងៃ​ខ្លះ​អត់​មាន» ។
យ៉ាងហោចណាស់​ក៏​មាន ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ជិត ៧០ ​គ្រួសារ ស្មើនឹង​ជាង​ពីរ​រយ​នាក់ កំពុង​ជុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ដោយ​គេច​ចេញពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម ។ អ្នកនាង ស៊ី ខូល ដែល​បាន​ភៀសខ្លួន​ពី​ក្នុង​កំណើត កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម បន្ទាប់ពី អ្នកនាង​បាន ចេញមុខ​តវ៉ា​សំដែង​មតិ ទាមទារ​សិទ្ធិ​ជនជាតិ​ដើមកំណើត តាម​បណ្ដាញ​សង្គម (Facebook) សព្វថ្ងៃ​រស់​បាន ដោយសារតែ​អង្គការ​នៅ​ថៃ​ខ្លះ បាន​ផ្តល់​អង្ករ​សម្រាប់​ហូប ជាប្រចាំ​ខែ​ ។ អ្នកនាង​ ថា ទោះបី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ទទួលស្គាល់​អ្នកនាង ជា​ជនភៀសខ្លួន​ក៏ដោយ ប៉ុន្តែ នាង​គ្មាន​សិទ្ធិ​រក​ការងារ​ធ្វើ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​នោះ​ទេ​ ។ នាង​បាន​លួចលាក់​ការងារ រហូតដល់ ជំងឺ Covid-19 វាយ​ប្រហារ​ទីក្រុង អ្នកនាង​រស់នៅ​ដល់​សព្វថ្ងៃ​នេះ ៖ «ខ្ញុំ​ធ្វើការ ក៏ដោយ​តែ​ចៅ​កែ​គេ​អាណិតអាសូរ​ខ្ញុំ​ដែរ បានជា​ខ្ញុំ​អាច​ធ្វើ​ការងារ​បាន តែ​បើ​គេ​មិន​អាណិត​ខ្ញុំ ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​ការងារ​បានទេ ពីព្រោះ​អី​ខ្ញុំ​អត់​មាន​លិខិតឆ្លងដែន អត់​មាន​ទិដ្ឋាការ (Visa) ធ្វើការ​ហ្នឹង​គេ ទី​មួយទៀត​ដោយសារតែ គេ​ឃើញ​យើង ជីវភាព​យើង​ពិបាក យើង​រក​ការងារ​អត់​បាន​ ។ ខ្ញុំ​ធ្វើការ​ដោយ​លួចលាក់» ។
ជនភៀសខ្លួន​ជនជាតិ​ខ្មែរ​ក្រោម ​ជាង ២០០ ​រយ​នាក់ បន្ត​ជាប់​ផុង​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​មិន​ទាន់​បាន​សម្រេច​ ។ ជនភៀសខ្លួន​មួយ​ចំនួន​អះអាង​ថា ពួកគេ​ភៀសខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ ដោយសារតែ​ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ ទាំង​សិទ្ធិដីធ្លី ការ​បញ្ចេញ​មតិ ការប្រើប្រាស់​បណ្ដាញ​សង្គម និង​សាសនា​ជាដើម ​។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា ការ​រង់ចាំ​ការ​ផ្ដល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ទី​បី​របស់​ខ្មែរ​ក្រោម បណ្ដាល​ឱ្យ​ពួកគេ​រង​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ។
សមាជិក​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម លោក ស្រី យឿង ធីកង ដែល​បាន​ភៀសខ្លួន​ពី​ស្រុក​កំណើត​ ដោយសារតែ​អាជ្ញាធរ​វៀតណាម​តាម​ចាប់ ប្រាប់​អាស៊ីសេរី​ថា ជនភៀសខ្លួន​ខ្មែរ​ក្រោម កំពុង​ខ្វះខាត​ការងារ​ធ្វើ បណ្ដាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ​។ លោកស្រី​ថា ខ្មែរ​ក្រោម​មិនសូវ​ហ៊ាន​ចេញ​ពី​ផ្ទះ ដោយសារតែ​ខ្លាច​ប៉ូលិស​ថៃ​ចាប់ខ្លួន និង​ម្យ៉ាងទៀត​ខ្លាច​ឆ្លង​ជំងឺ​កូវីដ (Covid-19)​ ។ ទោះបីជា​យ៉ាងណា មិនទាន់​មាន​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ណា​ម្នាក់ ឆ្លង​ជំងឺ​ Covid-19 នៅឡើយ​ទេ ។
លោកស្រី យឿង ធីកង សំណូមពរ​ឱ្យ​សប្បុរសជន និង​អង្គការ​សង្គម​ស៊ីវិល​ជួយ​ដល់​ជនភៀសខ្លួន​ខ្មែរ​ក្រោម ដើម្បី​ធានា​ថា ពួក​មិន​ស្លាប់​ដោយសារតែ​អត់បាយ ៖ «ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​ឱ្យ​បងប្អូន​ជួយ បងប្អូន​ជួយ​នៅ​ប្រទេស​ថៃ​ផង ពីព្រោះ​អី សព្វថ្ងៃ​នេះ ពួកគាត់ ទាំង​ខ្ញុំ​អី​នេះ ពិតជា​ពិបាក​ណាស់ ជាពិសេស​ថ្លៃ​ផ្ទះ គេ​មិនដែល​ខាន​មិន​យក​មួយ​ខែ​ណា​ទេ គេ​ត្រូវតែ​ទាមទារ​យក​គ្រប់​ខែ​អ៊ីចឹង ។ សូម​ឱ្យ​បងប្អូន​ជួយ​ដល់​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ផង» ។
សព្វថ្ងៃ​នេះ ជនភៀសខ្លួន​ខ្មែរ​ក្រោម ជាច្រើន​នាក់ នៅ​មិនទាន់​ទទួល​បាន សិទ្ធិ​ជា​ជនភៀសខ្លួន​នៅឡើយ ទោះបី​អ្នកខ្លះ​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ជិត ១០ ​ឆ្នាំ​មក​ហើយ​ក្តី​ ។ ពួកគាត់​កំពុង​រស់​តែលតោល មិន​មាន​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត ។
ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនភៀសខ្លួន​ខ្មែរ​ក្រោម​នេះ សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ​(USA) កំពុង​ស្វែងរក​វិធី​ជួយ​ដោះស្រាយ​វិបត្តិ ជនភៀសខ្លួន​ខ្មែរ​ក្រោម នៅ​ប្រទេស​ថៃ ។
មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​កំពុង​តស៊ូ​មតិ​នឹង​ប្រទេស​មួយ​ចំនួន​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ទទួល​យក ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ទៅ​រស់នៅ​ប្រទេស​ទី​បី ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង​បាន​ទាក់ទង​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ស្វីស និង​សហគមន៍​អន្តរជាតិ រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​សកលលោក​នេះ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម មក​រស់នៅ​ប្រទេស​ទី​បី» ។
កាលពី​ចាប់ផ្ដើម​នៃ​ជំងឺ Covid-19 ពី​ឆ្នាំ ២០២០ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​បាន​ប្រមូល​ថវិកា​ប្រមាណ មួយ​ម៉ឺន​ដុល្លារ ជួយ​ដល់​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ។ ព្រះ​ភក្ខុ សឺង យ៉ឹងរតនា អំពាវនាវ ដល់​សមាជិក​សហព័ន្ធ​ និង​សប្បុរសជន​ទាំងអស់​មេត្តា​ជួយឧបត្ថម្ភ​ដល់​ជនភៀសខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​រងទុក្ខ​វេទនា​នៅ​ប្រទេស​ថៃ ។
នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​មិនសូវ​ទទួល​បាន​បាន​ចាប់អារម្មណ៍​ពី​ប្រទេស​ដែល​ទទួលយក​ជនភៀសខ្លួន​នោះ​ទេ​ ។ លោក​ថា មាន​ប្រទេស​តែមួយ​ចំនួន​តូច​តែប៉ុណ្ណោះ បាន​ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ពួកគេ​ជួបប្រទះ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយក៏​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​ពុករលួយ​ខ្លះ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ថៃ ទទួល​បាន​ប្រាក់ខែ​តិច ជាង​ប្រាក់ខែ​គោល​ជាដើម ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ផ្តល់​ការ​ការពារ ដល់​ជនភៀសខ្លួន​ខ្មែរ​ក្រោម​នៅ​ថៃ​ទាំងនោះ ជាជាង​ចាត់​ទុក​ពួកគេ​ជា​ពលករ​ខុសច្បាប់ ដែល​ងាយ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់ និង​ឃុំខ្លួន​ ។ វៀតណាម​ បាន​គ្រប់គ្រង​ខ្មែរ​ទឹកដី​កម្ពុជា​ក្រោម អស់​រយៈពេល ៧២ ​ឆ្នាំ​ហើយ​ចាប់តាំង​ពី​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​ក្រោម​ទាំង​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​ ៤ ខែ​មិថុនា ឆ្នាំ​១៩៤៩​ មក​ ។ ចាប់​តាំង​ពី​បាន​គ្រប់គ្រង​ទឹកដី​កម្ពុជា​ក្រោម​មក វៀតណាម​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ចង់​ប្រែក្លាយ​ជនជាតិ​ខ្មែរ​ក្រោម​ឱ្យ​ទៅជា​ជនជាតិ​វៀតណាម ប៉ុន្តែ​ការ​ខំ​ប្រឹងប្រែង​របស់​វៀតណាម​មិន​បាន​ជោគជ័យ រហូតដល់​មានការ​តស៊ូ​ប្រឆាំង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម រហូតដល់​ខ្មែរ​ក្រោម​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​រត់ចោលស្រុក​កំណើត​ ។ បច្ចុប្បន្ន ខ្មែរក្រោម​ នៅ​លើ​ទឹកដី​កំណើត និង​នៅ​ក្រៅ​ប្រទេស​កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត ៕