ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី បាននិមន្តមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីជាប់គាំងនៅក្នុងខេត្តឃ្លាំង ដោយសារតែអាជ្ញាធរវៀតណាម បានដកហូតយកលិខិតឆ្លងដែនពីព្រះអង្គ ។

រូប៖ ហ្វេសប៊ុកព្រះតេជព្រះគុណ សឺន ទី ផ្ដល់ឲ្យ
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ១៨ កុម្ភៈ ថា ព្រះអង្គបានមកគង់នៅក្នុងវត្តអង្គតាមិញ នៅក្នុងទីក្រុងភ្នំពេញវិញហើយ ក្រោយពីវៀតណាម បានប្រគល់លិខិតឆ្លងដែនឱ្យព្រះអង្គវិញ ។
ព្រះតេជព្រះគុណបន្តថា ចាត់ទុកទង្វើរបស់វៀតណាមថា ជាការរំលោភសិទ្ធិធ្ងន់ធ្ងរមកលើព្រះអង្គ ដែលមានលិខិតឆ្លងដែនខ្មែរស្របច្បាប់៖ «កន្លែងនេះ គឺជាការគាបសង្កត់មួយ ឬក៏ជាការបំបាក់ស្មារតីដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ទាំងអស់ ដែលបានចុះទៅលេងស្រុកកំណើតរបស់ខ្លួន ដែលកាន់លិខិតឆ្លងដែនពីប្រទេសដទៃទៅលេងគេ ។ គេធ្វើហ្នឹងដូចជាបំបាក់ស្មារតីខ្មែរកម្ពុជាក្រោម ទាំងអស់មិនឱ្យតវ៉ា ឬមួយប្រឆាំង នឹងច្បាប់របស់គេ បើទោះបីច្បាប់របស់គេមិនបានគ្របដណ្ដប់ទៅលើយើង ដែលជាជនបរទេសក៏ដោយ ប៉ុន្តែគេនៅតែធ្វើដោយផ្គើន» ។
អាជ្ញាធរវៀតណាម បានចោទព្រះតេជព្រះគុណ ថា បានចែករំលែកសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្ដីពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ អាជ្ញាធរវៀតណាម បានចាត់ទុកការផ្សព្វផ្សាយនេះ ជាទង្វើខុសច្បាប់ និងព្រមានឱ្យបង់ប្រាក់ពិន័យ ចំនួន ៣០ លានដុង ស្មើប្រមាណជាង ១ ពាន់ ប្រាំរយ (១ ៥០០) ដុល្លារអាមេរិកថែមទៀតផង ។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាថា ប្រទេសវៀតណាម គ្មានសិទ្ធិដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គដោយមិនមានភស្តុតាងណាមួយថា ព្រះអង្គបានប្រព្រឹត្តខុសច្បាប់នៅលើទឹកដីកម្ពុជាក្រោមនោះទេ ហើយទាមទារឱ្យវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោមតទៅទៀត ៕