មហា​សង្រ្កាន្ត​ ឆ្នាំជូត ទោស័ក​ ពុទ្ធសករាជ​ ២៥៦៤

ដោយ ថាច់ ប្រីជា គឿន

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំជូត​ទោស័ក នឹង​ចូល​មកដល់​នៅ​វេលា​ម៉ោង ០៨​:៤៨​ នាទី​យប់ ថ្ងៃច័ន្ទ ៦ រោច ខែចេត្រ ឆ្នាំ ជូត​ទៅ​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ១៣ ខែមេសា គ្រិស្តសករាជ ២០២០ ។ លុះដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ត្រូវ​នឹង​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ ២០២០ ទើប ពុទ្ធសករាជ នឹង​បាន​ឈាន ចូល ឆ្នាំ ២៥៦៤ តរៀងទៅ ។

យោង​តាម ក្បួន​មហាសង្ក្រាន្ត រៀបរៀង​ដោយ លោក អ៊ឹម បុរិន្ទ​ នៅ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ទេវតា ដែល​យាងចុះ​មក​គ្រប់គ្រង​ចក្រវាឡ​ នៅក្នុង​អាណត្តិ​ឆ្នាំជូត​ទោស​ស័ក ពុទ្ធសករាជ ២៥៦៤ នេះ មាន​ព្រះ នាម​ថា គោ​រាគ​ទេវី​ ជា​បុត្រី​ទី ២ នៃ​កបិល​មហាព្រហ្ម ចុះ​មក​ពី​ឋាន ចាតុម្មហារាជិកា ។ ព្រះនាង ទ្រង់​អម្ពរ ឬ ស្លៀកពាក់​សំពត់​ពណ៌លឿង​ស្រង៉ែ​, លម្អ​នូវ​ព្រះកាណ៌ ឬ ត្រចៀក​សៀតផ្កា​អង្គាបុស្ប​, ពាក់​កែវ​មុក្តា ឬ ត្បូង​ដែល​កើតអំពី​ខ្យង ជា​អាភរណៈ ឬជា​គ្រឿងអលង្ការ​, សោយ តេ​លំ​ ​ឬ ប្រេងសណ្តែក​-ល្ង ជា​ អាហារ ។ ព្រះហស្ត​ស្តាំ​ទ្រង់​ ឬកាន់ ព្រះ​ខ័ន ព្រះហស្ត​ឆ្វេង ទ្រង់ ឬកាន់ យដ្ឋិ ឬ ឈើច្រត់ ជា​អាវុធ ។ ព្រះនាង​ គង់​ផ្ទំ ឬ ដេក បើកព្រះនេត្រ​លើ​ខ្នង ព្យគ្ឃៈ ឬ ខ្លាធំ ជា​យានជំនិះ ។

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រព្រឹត្តទៅ​រយៈពេល ៤ ថ្ងៃ គឺ៖

  • ថ្ងៃច័ន្ទ ៦ រោច ខែចេត្រ ឆ្នាំ ជូត​ទោស័ក ព.ស. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ១៣ ខែមេសា គ. ស. ​;២០២០ ជា​ថ្ងៃ​សង្ក្រាន្ត ។ ទេវតា​នឹង​យាង មក​នៅ​វេលា ម៉ោង​ ០៨​:៤៨ នាទី​យប់ ។ យោង​តាម វចនា នុក្រម​ខ្មែរ “សង្ក្រាន្ត​” មានន័យថា “ ដំណើរ​ដាច់ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី​” ។
  • ថ្ងៃ​អង្គារ៍ ៧ រោច ខែចេត្រ ឆ្នាំជូត​ទោស័ក ព. ស. ២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ. ស. ២០២០​ ជា​វារៈ​វ័នបត ។
  • ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំ ជូត​ទោស័ក ព. ស. ២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមេសា គ. ស. ២០២០ ជា​វារៈ​វ័នបត ។
  • ថ្ងៃ​ព្រ​ហស្ប​ត៍ ​;៩ រោច​ ខែចេត្រ ឆ្នាំ ជូត​ទោស័ក ព. ស. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​ ១៦ ខែមេសា គ. ស. ២០២០ ជាវ​រៈ​ឡើងស័ក ឬ ថ្ងៃបង្ហើយ ។

សូម​បញ្ជាក់​ថា ចូលឆ្នាំ​ខ្មែរ ជាពិធី​បុណ្យ​មួយ​ដែល​ពលរដ្ឋខ្មែរ​ កំណត់​ប្រារព្ធ​នៅ​ថ្ងៃទី ១៣​, ១៤​, ១៥ និង ១៦ ខែមេសា តាម​ប្រតិទិន​សុរិយា​គតិ​ ជា​រៀងរាល់​ឆ្នាំ ។ ចំណែក ពុទ្ធសករាជ វិញ គេ​កំណត់​យក​តាម ប្រតិទិន​ចន្ទគតិ ដោយ ពុទ្ធសករាជ​ ត្រូវ​ចូល​មក​នៅ​ថ្ងៃ ១ រោច ខែ​ពិសាខ ជា​រៀងរាល់​ឆ្នាំ ។ នៅក្នុង​ពុទ្ធ សាសនា គេ​បាន​កំណត់​រាប់​ឆ្នាំ​ ពុទ្ធសករាជ ក្រោយ​ថ្ងៃ​ដែល ព្រះពុទ្ធ​សមណគោតម ចូល​បរិនិព្វាន ឬ អស់ព្រះជន្ម​មួយថ្ងៃ គឺ​ ព្រះពុទ្ធ​បាន​ចូល​បរិនិព្វាន នៅ​ថ្ងៃ ១៥ កើត ខែ​ពិសាខ លុះដល់​ថ្ងៃ ១ រោច ខែ​ពិសាខ​ ទើប​គេ​បាន​កំណត់​រាប់​ឆ្នាំ​ពុទ្ធសករាជ​ចាប់តាំងពី​ពេលនោះ​មក ។ បច្ចុប្បន្ន​នេះ ពុទ្ធសករាជ​ បាន ២៥៦៣ ឆ្នាំ នឹង​ឈាន​ចូល ២៥៦៤ នៅ​ថ្ងៃ ១ រោច ខែ​ពិសាខ ខាងមុខនេះ​ គឺ​ក្រោយ​ថ្ងៃបុណ្យ​ចូល ឆ្នាំ​ខ្មែរ​មួយ​ខែ ៕