ដោយ លី ឈូន
នៅថ្ងៃទី ២៧ ខែមិថុនា ម្សិលមិញនេះ សមត្ថកិច្ចចម្រុះរបស់អាជ្ញាវៀតណាម បានកាត់ផ្ដាច់ចរន្តអគ្គិសនី តាមផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ នៅជុំវិញសាលាឆទាន ក្នុងភូមិកន្រែង ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ២៨ ខែមិថុនា គេឃើញមន្ត្រីសង្ឃខ្មែរខេត្តលង់ហោរ និងសមាជិកសមាគមពុទ្ធសាសនាវៀតណាមផង ប្រមាណជាង ១០ អង្គ មកកាន់សាលាឆទានភូមិកន្រែង ។ ចំណែក នៅខាងក្រៅបរិវេណសាលាឆទានវិញ គេឃើញកម្លាំងសមត្ថកិច្ចវៀតណាម ជាច្រើននាក់ទាំងស៊ីវិល និងនគរបាល ចល័តចុះឡើង ៗ ។ ក្រៅពីនេះ គេសង្កេតឃើញមានលោកសង្ឃយួនស្លៀកពាក់ស្បង់ជីពរណ៌ឈាមជ្រូក ២ ទៅ ៣ អង្គ ដើរប៉ាច់ៗ ចុះឡើងៗ ជុំវិញសាលាឆទាននោះដែរ ។ ជាងនេះទៅទៀត ក៏មានទាំងឡានមួយគ្រឿងរង់ចាំជាស្រេចផង ដើម្បីដឹកព្រះពុទ្ធរូបចេញពីសាលាឆទានខ្មែរ ។ ចំណែកពុទ្ធបរិស័ទខ្មែរវិញ ក៏បានប្រមូលគ្នាមកជុំជិត ត្រៀមប្រឆាំងជនណា ដែលហ៊ានលើកព្រះពុទ្ធរូបចេញពីសាលាឆទានរបស់ពួកគាត់ ។ ទាំងនេះ គឺជាទិដ្ឋភាព ដែលអាជ្ញាធរៀតណា បញ្ជាឲ្យមន្ត្រីសង្ឃខ្មែរខេត្តលង់ហោរ មកបិទសាលាឆទានខ្មែរភូមិកន្រែង តែព្រះសង្ឃខ្មែរក្រោម មិនធ្វើតាម ដែលទង្វើនេះ ធ្វើឲ្យពលរដ្ឋខ្មែរក្រោមជាច្រើន និងអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោមទាំងក្នុង និងក្រៅស្រុកផង សាទរចំពោះការសម្រេចចិត្តដ៏អង់អាចក្លាហានរបស់មន្រ្តីសង្ឃខ្មែរក្រោម ។

បុរសខ្មែរក្រោម ម្នាក់ ឈ្មោះ ថាច់ វិចិត្ររស់ក្នុងភូមិកន្រែង ដែលកំពុងស្ថិតក្នុងព្រឹត្តិការណ៍ប្រមូលផ្ដុំគ្នាជាមួយនឹងពុទ្ធបរិស័ទអ្នកភូមិកន្រែងប្រមាណជា ៥០ នាក់ដើម្បីរារាំងមន្ត្រីសង្ឃខ្មែរកុំឲ្យនាំព្រះពុទ្ធរូបចេញពីសាលាឆទានភូមិកន្រែងដែលពួកគាត់កំពុងកសាង ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមនិងសាព័ត៌មានព្រៃនគរថា អាជ្ញាធរវៀតណាមព្យាយាមរារាំងតាមគ្រប់រូបភាពមិនឲ្យពុទ្ធបរិស័ទនៅភូមិកន្រែងកសាងសាលាឆទាននេះឡើយ ។ សូម្បីតែច្បាប់សាងសង់ពុទ្ធបរិស័ទបានដាក់ពាក្យស្នើសុំជាច្រើនលើកច្រើនសារ តែអាជ្ញាធរធ្វើមិនដឹងមិនឮដដែល ។
បុរសវ័យ ៤០ ឆ្នាំម្នាក់នេះ បញ្ជាក់ទៀតថា បន្ទាប់ពីអាជ្ញាធរវៀតណាម មានទាំងពីសមត្ថកិច្ចស៊ីវិល សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចសង្ឃវៀតណាមផង ចុះមករារាំងការកសាងសាលាឆទាននេះ ជាច្រើនសារមិនបានសម្រេចមក ឥឡូវអាជ្ញាធរវៀតណាម បែរជាខ្ចីដៃព្រះសង្ឃខ្មែរក្រោម ឲ្យមកធ្វើបាបប្រជាពលរដ្ឋខ្មែរក្រោមម្ដងវិញ ៖ «យួនវាខ្ចីដៃខ្មែរយើងឱ្យមកជល់ខ្មែរគ្នាឯងហើយ ។ ថ្ងៃហ្នឹងយួនប្រើឲ្យព្រះសង្ឃខ្មែរ មកដឹកយកព្រះពុទ្ធរូបខ្មែរយើងដើម្បីកុំឲ្យយើងគោរពបូជា ចំពោះវា យួនវាកសាងវត្តអារាមវាពេញអស់នោះមេចវិញ ? » ។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ថា មានពុទ្ធបរិស័ទដែលស្និទ្ធិនឹងលោកប្រាប់ថា កាលដើមឡើយ ដែលមិនទាន់មានសាលាឆទាននេះ ពេលពុទ្ធបរិស័ទខ្មែរភូមិកន្រែង ត្រូវធ្វើបុណ្យទានម្ដង ៗ គឺធ្វើទៅតាមផ្ទះនៃពុទ្ធបរិស័ទក្នុងភូមិ ៖ «ដូច្នេះការធ្វើនៅតាមផ្ទះអ្នកណាមួយអីចឹងទីសេនាសនៈវាមិនគ្រប់គ្រាន់ទេ និងមានការលំបាកតាំងពីការបត់ដៃ បត់ជើង ការចាង់ចែងម្ហូបអាហារអីទាំងអស់ហ្នឹង អីចឹងហើយបានជាពុទ្ធបរិស័ទភូមិកន្រែងផ្ដើមរៀបចំឲ្យមានទីកន្លែងសាធារណៈមួយទៅ គឺការសង់សាលាឆទាននេះឯង ។ ហើយដីកសាងសាលាឆទានហ្នឹងមានអ្នកមីងម្នាក់គាត់បូជាឱ្យសង្គម សម្រាប់កសាងជាសាលាឆទានដើម្បីបានជាកន្លែងធ្វើបុណ្យទានម្ដងម្កាលផង ងាយស្រួលដល់យាយតាសមាទានសីលផង ហើយពិសេសជាងនេះទៅទៀតគឺក្មេង ៗ កូនចៅខ្មែរក្រោមមានកន្លែងសិក្សាអក្សរសាស្ត្រខ្មែរផង អីចឹងហេតុផលទាំងអស់ហ្នឹងវាគ្រប់គ្រាន់ឲ្យអាជ្ញាធរទទួលយកបានហើយ» ។
ការលើកឡើងមកនេះ បន្ទាប់ពីអាជ្ញាធរវៀតណាមបញ្ជាមន្ត្រីសង្ឃខ្មែរក្រោម ថ្នាក់មេគណខេត្តផង និងអនុប្រធានគណៈកម្មការសមាគមពុទ្ធសាសនាវៀតណាមផង ឲ្យទៅនិមន្តព្រះពុទ្ធរូបចេញពីសាលាឆទានភូមិកន្រែង ក្នុងចំណុះជើងវត្ត ព្រែកឈូក និងវត្តទ្រនុំសេក នៃខេត្តលង់ហោរកាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងទៅនេះ ។
ទាក់ទងនឹងរណីមន្ត្រីសង្ឃខ្មែរក្រោមក ទៅនិមន្តព្រះពុទ្ធរូបចេញពីសាលាឆទាននេះ វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ មិនអាចទាក់ទងសុំការបំភ្លឺពីសាលាគណខេត្តលង់ហោរ បានទេ ក៏ប៉ុន្តែព្រះសង្ឃដែលស្និទ្ធនឹងន្ត្រីសង្ឃខេត្តលង់ហោរឲ្យដឹងថា មិនមែនសាលាគណមិនអើពើរដល់រឿងរ៉ាវ ដែលកើតចំពោះសាលាឆទានភូមិកន្រែងនោះទេ តែរាល់សំណើរសម្របសម្រួល អំពីសាលាទានភូមិកន្រែងនេះ អាជ្ញាធរមិនអើពើនឹងសំណើររបស់សាលាគណឡើយ ។
ទាក់ទងនឹងករណីអាជ្ញាធរវៀតណាម ប៉ុនប៉ងបិទសាលាឆទានភូមិកន្រែងនេះ ប្រធានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជគុណធីធីធម្មោមានថេរដីកាថា មន្ត្រីសង្ឃខ្មែរក្រោមគ្រប់ផ្នែកគួរតែសម្របសម្រួលកុំឲ្យអាជ្ញាធរវៀតណាម ទៅរារាំងពុទ្ធបរិស័ទខ្មែរក្នុងការសាងសង់សាលាឆទាននេះតទៅទៀត ព្រោះថា ចាប់តាំងពីរដ្ឋអំណាចកុម្មុយនីស្តវៀតណាមឡើងកាន់អំណាចមក នៅវៀតណាមភាគខាងត្បូង (ដែនដីកម្ពុជាក្រោម) រហូតមកដល់ពេលនេះ វត្តអារាមសាសនាវៀតណាមកសាងព្រោងព្រាត ៖ «រឿងនេះអាត្មាចាត់ទុកថាវាអយុត្តិធម៌ខ្លាំងណាស់ចំពោះពលរដ្ឋ ពុទ្ធបរិស័ទខ្មែរក្រោម ហើយនេះវាជាល្បិចរបស់យួនហាណូយផង ។ ជួយគិតមើលតាំងពីឆ្នាំ ១៩៧៥ មករហូតមកដល់ពេលនេះ ៤៦ ឆ្នាំ ខ្មែរក្រោមកសាងបានប៉ុន្មានវត្ត រាប់តែម្រាមដៃមិនអស់ផង ហ្នឹង ហើយសាលាឆទានទៀតសោតក៏កសាងបានរុយ ៗ ប៉ុណ្ណោះ ឯយួនវិញគេកសាងវត្តអារាមបានប៉ុន ៗ យក្ស គេអាចធ្វើបាន រឿងអីព្រះសង្ឃខ្មែរក្រោមយើងសម្របសម្រួលមិនបាន ? » ។
សាលាឆទានេះ ស្ថិតនៅភូមិកន្រែង ឃុំឡុងមី ស្រុកផ្សារថ្មី ដែលវៀតណាមដាក់ឈ្មោថ្មីថា តាមបិញ (Tam Binh) ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មីថា វិញឡុង (Vinh Long) ។
សាលាឆទានភូមិកន្រែងរួមកសាងដោយពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺវត្តសាលវន្តឧទ្យានព្រៃឈូក និងវត្តមង្គលបុរី ទ្រនំសេក និងមានទំហំទទឹង ៩ បណ្ដោយ ១២ ម៉ែត្រ និងកម្ពស់១២ ម៉ែត្រ សាងសង់ដោយគ្រឿងស៊ីម៉ង់ ដែលបានចាប់ផ្ដើមកសាងតាំងពីថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០២០ បច្ចុប្បន្ន សមិទ្ធផលនេះ បានសម្រេចប្រហែលជា ៨០ ភាគរយហើយ ។
ព្រឹត្តិការណ៍ដែលអាជ្ញាធរវៀតណាម បញ្ជាឲ្យមន្ត្រីសង្ឃខ្មែរក្រោម ទៅនិមន្តព្រះពុទ្ធរូបចេញពីសាលាឆទាន ដែលក្នុងគោលបំណងបិទសាលាឆទាន ពេលនេះ ធ្វើពលរដ្ឋខ្មែរទាំងក្នុង និងក្រៅស្រុក ហើយនិងនៅលើបណ្ដាញព័ត៌មានសង្គម មិនពេញចិត្តនឹងទង្វើរបស់មន្ត្រីសង្ឃខ្មែរក្រោមឡើយ តែមតិភាគច្រើនអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មន្ត្រីសង្ឃខ្មែរក្រោម ដែលមិនធ្វើតាមបញ្ជាអាជ្ញាធរវៀតណាម ក្នុងការនិមន្តព្រះពុទ្ធបដិមាចេញពីសាលាឆទាន និងបិទសាលាឆទាន ៕