ឆាយ ច័ន្ទនីដាល |ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខ្មែរកម្ពុជាក្រោមមួយក្រុមបានបញ្ចេញប្រតិកម្មប្រឆាំងអាជ្ញាធរវៀតណាមដែលបានចាប់ឃាត់ខ្លួន និងហាមឃាត់ មិនឲ្យពួកគេចូលទៅលេងស្រុកកំណើត នៅឯដែនដីកម្ពុជាក្រោម ជាអ្វីដែលពួកគេហៅថាជាការរំលោភទៅលើសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចដែល វៀតណាមក៏ជាប្រទេសហត្ថលេខីផងដែរនោះ។

ដែនដីកម្ពុជាក្រោម ដែលមាន ២១ ខេត្ត ក្រុង ត្រូវបានអាណានិគមបារាំង កាត់ប្រគល់ទៅឲ្យប្រទេសវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ អង្គការសមាគមខ្មែរកម្ពុជាក្រោមនិងអ្នកចូលរួមបានលើកឡើងថា ការរំលោភបំពានទៅលើសិទ្ធិធ្វើដំណើររបស់ខ្មែរកម្ពុជាក្រោមនៅតែមានសភាពធ្ងន់ធ្ងរ ខណៈដែលព្រះសង្ឃ និងខ្មែរកម្ពុជាក្រោមបានឆ្លងដែនទៅលេងស្រុកកំណើតនៅកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កោះហៅសាកសួរដកហូតលិខិតឆ្លងដែននិងបញ្ជូនមកកម្ពុជាវិញ ហើយមានខ្លះត្រូវបានអនុញ្ញាតឲ្យចូលដល់ដីវៀតណាមហើយ តែត្រូវនគរបាល ឬគិញសម្ងាត់របស់វៀតណាម តាមឃ្លាំមើលជាប់ជាប្រចាំ។
កាលពីថ្ងៃ ទី១២ ខែមេសា លោក លី ឈួន ចាងហ្វាងសារព័ត៌មានព្រៃនគរ និងភរិយាព្រមទាំងកូនស្រីត្រូវបានអាជ្ញាធរវៀតណាម ធ្វើការឃាត់ខ្លួន៤៨ ម៉ោង ដោយធ្វើការឆែកឆេររកឯកសារប្រឆាំងនឹងវៀតណាមហើយក្រោយមកបញ្ជូនមកកម្ពុជាវិញ។ លោកលី ឈួន បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា នៅថ្ងៃចន្ទនេះ លោកនឹងដាក់ពាក្យបណ្តឹងទៅសមាគមខ្មែរកម្ពុជាក្រោម (KKKHRDA) ប្តឹងប្រឆាំងរដ្ឋាភិបាលវៀតណាម។
លោក លី ឈួនបន្តថា៖ «ខ្ញុំប្តឹងវៀតណាមរឿងរំលោភសិទ្ធិឯកជនរបស់ខ្ញុំដែលឃុំខ្លួនខ្ញុំ២យប់ ២ ថ្ងៃមិនឲ្យទៅលេងស្រុកកំណើត»។
ព្រះ តេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី ដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតនៅភូមិទ្រា ក្នុងខណ្ឌមានជ័យ បានឲ្យដឹងថា ព្រះអង្គត្រូវបានអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែននៅព្រំដែន តែពេលតវ៉ាខ្លាំង ទើបប្រគល់ឲ្យវិញ។ ពេលព្រះអង្គទៅដល់ស្រុកកំណើត នៅខេត្តឃ្លាំងក្នុងខែកុម្ភៈឆ្នាំ ២០១៣ នេះ ត្រូវនគរបាលវៀតណាមមកនិមន្តព្រះអង្គទៅផ្ទះមន្ត្រីម្នាក់និងចោទសួរជាច្រើន។ ព្រះតេជគុណបន្តថា៖«គេប្រាប់កុំឲ្យអាត្មាធ្វើអី(ជំទាស់វៀតណាម) តែតាមពិតអាត្មាគ្រាន់តែទៅធ្វើបុណ្យនៅវត្តនៅកម្ពុជាក្រោមប៉ុណ្ណោះ។ គេហាមអាត្មាមិនឲ្យអាត្មាចូលរួមការងារពាក់ព័ន្ធចលនាទាមទារសិទ្ធិ សេរីភាពខ្មែរក្រោមពេលមកដល់កម្ពុជាវិញ»។
ព្រះតេជគុណ លី ចាន់នេន និមន្តមកពីប្រទេសកាណាដា ដែលនិមន្តទៅលេងស្រុកកំណើតនៅខេត្តឃ្លាំងកាលពីខែកុម្ភៈ មិនត្រូវបានរដ្ឋការវៀតណាមអនុញ្ញាតឲ្យចូលទៅឡើយ។ ព្រះអង្គ មានសង្ឃដីកាថាព្រះអង្គនឹងដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គការសិទ្ធិមនុស្សអន្តរជាតិស្តីបញ្ហាខាងលើនេះ។
កាលពីខែមីនាកន្លងទៅនេះលោក សឺន ស៊ូបែរ្តិ៍ ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនជាច្រើនម៉ោងរួចឲ្យត្រឡប់មកកម្ពុជាវិញ។
លោក គឹម ស៊ីសំណា លេខាធិការនៃលេខាធិការដ្ឋានសមាគមខ្មែរកម្ពុជាក្រោម (KKKHRDA) ឲ្យដឹងថា ករណីខាងលើនេះ គឺគ្រាន់តែជាករណីខ្លះដែលអាជ្ញាធរវៀតណាមបានធ្វើទុក្ខបុកម្នេញ ក្នុងការបំបិទសិទ្ធិសេរីភាពមកលើប្រជាពលរដ្ឋខ្មែរ ប៉ុណ្ណោះ។ លោកកត់សម្គាល់ថា៖ «យើងឃើញថាវៀតណាមធ្វើកាន់តែធ្ងន់ធ្ងរទៅៗមកលើខ្មែរកម្ពុជាក្រោម។ នេះគឺបំពាននឹងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចដែលវៀតណាមក៏ជាហត្ថលេខីដែរ»។ លោកបានបន្តទៀតថា អង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងសរសេររបាយការណ៍ ស្តីពីទង្វើរំលោភបំពានច្បាប់របស់វៀតណាមនេះ ផ្ញើជូនទៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងសហគមន៍អន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍លើការរំលោភបំពាននេះ។
លោក ឡេ ម៉ិញង៉ុក អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕