ដោយ យន់ សាមៀន | RFA Khmer
យុវជនខ្មែរក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម បន្តពាក់អាវយឺត ដែលមានពាក្យថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម ។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជនខ្មែរក្រោម ពីបទក្បត់ជាតិ ដោយសារតែពួកគេ ពាក់អាវយឺតនេះ ។

យុវជនខ្មែរក្រោម ដែលសកម្មធ្វើការងារសង្គម និងតស៊ូទាមទារសិទ្ធិជនជាតិដើម កំពុងប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំណូមពរដល់យុវជន និងពលរដ្ឋខ្មែរក្រោមទូទៅ បន្តពាក់អាវយឺត ដែលមានអក្សរថា អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ ឆ្នាំ ជាបន្តទៀត ពីព្រោះទង្វើនេះ ធ្វើឡើងដោយស្របច្បាប់វៀតណាម និងអន្តរជាតិ ។
យុវជន ថាច់ កឿង ដែលបានប្រើប្រាស់បណ្ដាញសង្គមធ្វើយុទ្ធនាការ ពន្យល់ខ្មែរក្រោម ឲ្យប្រើប្រាស់សិទ្ធិសំដែងមតិ តាមរយៈការពាក់អាវយឺតនោះ ប្រាប់វិទ្យុអាស៊ីសេរីថា វៀតណាម កំពុងគំរាមកំហែងខ្មែរក្រោម មិនឲ្យងើបឡើង ទាមទារសិទ្ធិជនជាតិដើម ។ យ៉ាងហោចណាស់ យុវជនខ្មែរក្រោមម្នាក់ ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បានរឹបអូសយកអាវយឺត ពេលលោកកំពុងធ្វើការងារ ក្រោមហេតុផលថា ការពាក់អាវយឺតនេះ ជាអំពើក្បត់ជាតិ ។ យុវជន ថាច់ កឿង បន្តថា វៀតណាម កំពុងព្រួយបារម្ភពីការងើបឡើងតស៊ូមតិរបស់ពលរដ្ឋខ្មែរក្រោម ដោយសារតែបច្ចុប្បន្នពួកគេខ្លះ បានយល់ដឹងច្បាប់ពីសិទ្ធិជនជាតិដើម ទើបវៀតណាមចង់បង្ក្រាបយុវជនខ្មែរក្រោម ឲ្យបានមុន៖ «ពីព្រោះយុវជនខ្មែរកម្ពុជាក្រោមហ្នឹង ត្រូវដឹងសិទ្ធិ យើងជាជនជាតិដើម ។ យើងត្រូវតែដឹងសិទ្ធិរបស់យើង ដូចជា សិទ្ធិអន្តរជាតិ ។ ដូច្នោះ ត្រូវឲ្យគាត់ពាក់ ដើម្បីឲ្យគាត់ដឹងសិទ្ធិ» ។
កាលពីពេលថ្មីៗ នេះ យុវជនខ្មែរក្រោម បាននាំគ្នាបោះពុម្ពអាវយឺត ដោយដាក់អក្សរថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ ឆ្នាំ ហើយបានដើរចែកចាយឲ្យពលរដ្ឋខ្មែរក្រោម ដោយឥតគិតថ្លៃ ។ យុវជន និងពលរដ្ឋខ្មែរក្រោម ពេញចិត្តនឹងការតស៊ូមតិអហិង្សា ហើយបាននាំគ្នាពាក់អាវយឺត ហើយបង្ហោះតាមបណ្ដាញសង្គម ។ យុវជន ថាច់ កឿង ថា ការពាក់អាវយឺត មិនមែនជាទង្វើក្បត់ជាតិនោះទេ គឺពួកគេចង់ឲ្យមានការគោរពសិទ្ធិជនជាតិដើម តែប៉ុណ្ណោះ ៖ «និយាយរួមមកអាវយុវជនខ្មែរពាក់ហ្នឹង គ្មានខុសច្បាប់ទេ ។ នគរបាលវៀតណាមហ្នឹង គេខ្លាចយើងដឹងប្រវត្តិសាស្ត្រ ។ ខ្លាចយើងដឹងសិទ្ធិជនជាតិដើម ដូច្នោះ គេមិនចង់ឲ្យយើងដឹង» ។
ចាប់តាំងពីពិភពលោក ជាប់ដោះស្រាយវិបត្តិ ជំងឺកូវីដ-១៩ មក អាជ្ញាធរវៀតណាម បានចាប់ផ្ដើមធ្វើសកម្មភាព បង្ក្រាបលើការទាមទារសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោមដែរ ។ កាលពីពេលថ្មីនេះៗ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានហៅយុវជនខ្មែរក្រោមម្នាក់ ទៅសម្លុត ហើយប្រើប្រាស់អំពើហិង្សាលើយុវជននោះ បន្ទាប់ពីលោកបានចែកចាយព័ត៌មានវិទ្យុអាស៊ីសេរី និងព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបន្ត ។ វៀតណាម ក៏បានផាកពិន័យយុវជនខ្មែរក្រោម រឿងប្រមូលថវិកាកសាងសាលាឆទាន ដើម្បីឲ្យខ្មែរក្រោមគោរព សាសនា ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមបួននាក់ ដាក់ពន្ធនាគារ រឿងផ្សព្វផ្សាយប្រវត្តិសាស្ត្របាត់បង់ទឹកដីកម្ពុជាក្រោម និងទាមទារដីស្រែ ពីការរឹបអូសរបស់វៀតណាមជាដើម ។
របាយការណ៍ជំរឿនឆ្នាំ ២០១៩ របស់រដ្ឋាភិបាលវៀតណាម បង្ហាញថា ចំនួនពលរដ្ឋខ្មែរក្រោម មានប្រមាណតែជាង ១ លាន ៣ សែននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនទាំងអស់ នៅក្នុងប្រទេសវៀតណាម ដែលបច្ចុប្បន្នមានប្រមាណ ៩៦ លាននាក់ ។ ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO វិញ ថាពលរដ្ឋខ្មែរក្រោម មានមិនតិចជាង ៧ លាននាក់នោះទេ នៅក្នុងពេលបច្ចុប្បន្ន ។ ខ្មែរក្រោមភាគច្រើនប្រកបរបបកសិកម្ម ប៉ុន្តែ ពួកគេកំពុងរងផលប៉ះពាល់ ដោយសារតែ វិសមភាពសង្គម និងរឹបអូសដីធ្លីកសិកម្មពីសំណាក់វៀតណាម ។ វៀតណាម ក៏បានហាមឃាត់ខ្មែរក្រោម មិនឲ្យមានសិទ្ធិបោះពុម្ព រឹតត្បិតការអនុវត្តសាសនា និងការចុះឈ្មោះ អង្គការសង្គមស៊ីវិលជាដើម ។ ទោះបីវៀតណាម បានអនុម័តទទួលយកសេចក្ដីប្រកាសសកលអង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើមកក៏ដោយ ប៉ុន្តែ រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ បានរំលោភសេចក្ដីប្រកាសសកលនេះដែរ ។
សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើម ធានាថា ជនជាតិដើម មានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង កំណត់វាសនានយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអភិវឌ្ឍន៍ ។ ពួកគេអាច ប្រើប្រាស់សិទ្ធិបង្កើតរដ្ឋាភិបាលស្វយ័តដោះស្រាយបញ្ហាផ្ទៃក្នុង និងហិរញ្ញវត្ថុ ។
ពាក់ព័ន្ធការមិនគោរពសិទ្ធិជនជាតិដើមនេះ យុវជនខ្មែរក្រោមអះអាងថា ជាមូលហេតុចំណងបណ្ដាលឲ្យពួកគេ ធ្វើការតស៊ូមតិ ដោយបោះពុម្ពអាវយឺតចែកជូនឲ្យពលរដ្ឋខ្មែរក្រោម ប្រើប្រាស់ដោយឥតគិតថ្លៃ ។ យុវជន តោ ហ្វាងជឿង ប្រាប់អាស៊ីសេរីថា លោក និងយុវជនខ្មែរក្រោម ផ្សេងទៀតនឹងបន្ត យុទ្ធនាការចែកជូនអាវយឺតដល់ពលរដ្ឋខ្មែរក្រោមបន្តទៀត៖ «យុទ្ធនាការបន្តទៀតហ្នឹង យើងនឹងជំរុញលើកទឹកចិត្តឲ្យយុវជនយើងហ្នឹង កុំឲ្យភ័យខ្លាចរដ្ឋាភិបាលគេមកគំរាមសម្លុត» ។
អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ចាប់តាំងពីពេលនោះមក វៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម ។ មកទល់ខែមិថុនាខាងមុខនេះ ខ្មែរក្រោមបានបាត់បង់ទឹកដីរយៈពេល ៧៣ ឆ្នាំមកហើយ ៕