ដោយ ស៊ឺន ចែងចើន| VOKK
ក្រុមយុវជនខ្មែរក្រោមមួយក្រុម នៅដែនដីកម្ពុជាក្រោម បានយករូបសញ្ញា (Logo) ដែលបានរចនា និងផលិតដោយគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) មានមូលដ្ឋាន នៅ សហរដ្ឋអាមេរិក ទៅបោះពុម្ពហើយបានចែកចាយគ្នាពាក់ជាសាធារណៈដោយឥតគិតថ្លៃ ។ សកម្ម ភាពនេះ បានស្មគ្រចិត្តធ្វើឡើងក្រុមយុវជនមួយក្រុម នៅភូមិមេរងថ្មី ឋិតនៅក្នុងស្រុកផ្នោដាច់ ខេត្ត ព្រះត្រពាំង ហើយបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួន នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ នេះ ។

រូបសញ្ញាអាវយឺតដែលក្រុមយុវជនភូមិមេរងថ្មីយកទៅបោះពុម្ពនោះ មានរូប ដៃទ្រព្រះវិហារ រូបរាហូ ចាប់ចន្ទ ដែលជាសញ្ញារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានអក្សរ “ខ្មែរក្រោម” ទាំងភាសាអង់គ្លេស និងខ្មែរ មានអាយដ្ឋានគេទំព័ររបស់ គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម kkfyc.org មានអក្សរអង់គ្លេសមួយឃ្លាថា “Revitalization of our Khmer -Krom identity through the implementation of UNDRIP” មានន័យថា “ការធ្វើឲ្យរស់ឡើងវិញនូវអត្តសញ្ញាណខ្មែរក្រោមតាម រយៈការអនុវត្តសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម” ។ អាវ យឺតនេះ ត្រូវបានគណៈកម្មាធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះពុម្ពសម្រាប់ផ្សព្វ ផ្សាយនៅក្នុងសន្និបាត នៃសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ នៅ ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីរំឭកដល់ខួប ១០ ឆ្នាំ ថ្ងៃដែលអង្គការសហប្រជាជាតិបានអនុមតិសេចក្ដីប្រកាសជាសកល នៃអង្គការសហប្រជាជាតិស្ដី សិទ្ធិជនជាតិដើម (UNDRIP) និងនៅក្នុងឱកាសដែលសហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍ រយៈពេល ២ សប្ដាហ៍ នៅក្នុងមហាសន្និបាត លើក ១៦ នៃវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ។ នៅក្នុងវេទិកានេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានជម្រាបដល់អង្គការសហប្រជាជាតិដាក់ គំនាបដល់រដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ខ្មែរក្រោមថាជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម សព្វថ្ងៃ ៕