សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមានរដ្ឋាភិបាលវៀតណាម ថា ខ្មែរក្រោម នឹងតវ៉ាទៅប្រទេសមហាអំណាចសេដ្ឋកិច្ច នៅលើពិភពលោក កុំឲ្យបន្តជួយសេដ្ឋកិច្ចវៀតណាម ប្រសិនបើប្រទេសមួយនេះ បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ។ ការព្រមាននេះ ដោយសារតែរដ្ឋាភិបាលវៀតណាម ទើបតែបានរឹបអូសលិខិតឆ្លងដែនពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ដោយចោទប្រកាន់ព្រះអង្គថា បានប្រព្រឹត្តល្មើសច្បាប់អ៊ិនធឹណិត ។

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាម នឹងបាត់បង់ផលប្រយោជន៍ធំប្រសិនបើប្រទេសនេះ បន្តធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ដែលទៅលេងស្រុកកំណើតជាបន្តទៀត៖ «ខ្ញុំសូមយកឱកាសនេះ ប្រាប់ទៅរដ្ឋាភិបាលវៀតណាមថា រឿងគាបសង្កត់ទៅលើបងប្អូនខ្មែរក្រោម ជាពិសេស ព្រះតេជព្រះគុណ សឺន ទី ហ្នឹង បានប្រយោជន៍ដូចទៅនឹងកាក់ ។ វៀតណាមត្រូវសម្លឹងទៅប្រយោជន៍ដុំ» ។
រដ្ឋាភិបាលវៀតណាម កំពុងតែព្យាយាមចាប់ដៃ នឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីធ្វើពាណិជ្ជកម្មជាមួយដោយមានការអនុគ្រោះពន្ធនាំចូល ជាថ្នូរ នឹងការគោរពសិទ្ធិមនុស្ស ។ កាលពីសប្ដាហ៍សហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងវៀតណាមឲ្យអនុគ្រោះ ៩៩ ភាគរយលើទំនិញនាំចូលរបស់វៀតណាម ។
ចំណែកសហរដ្ឋអាមេរិក ក៏គ្រោង នឹងបើកវេទិកា សន្ទនាអាមេរិក និងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែល នឹងធ្វើនៅឆ្នាំ ២០២០ ខាងមុខ ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីអាចធានាវៀតណាម អាចធ្វើពាណិជ្ជកម្ម នឹងអាមេរិកលុះត្រាតែ ការគោរពសិទ្ធិមនុស្សមានលក្ខណៈរីកចំរើន ។ ទោះបីយ៉ាងណា អង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា វៀតណាមមិនសម នឹងទទួលបានការអនុគ្រោះពន្ធនោះទេ ដោយសារតែវៀតណាម មិនបានស្ដារស្ថានភាពសិទ្ធិមនុស្សឲ្យល្អប្រសើរនោះទេ ពិសេស ការបន្តឃុំខ្លួនអ្នកទោសនយោបាយប្រមាណ ៣ រយនាក់ក្នុងពន្ធនាគារ គាបសង្កត់សេរីភាពបញ្ចេញមតិជាដើម ។ អង្គការសង្គមស៊ីវិលសង្ឃឹមថា ស្ថានភាពអាក្រក់ស្ដីពីសិទ្ធិមនុស្សនៅវៀតណាម នឹងជំរុញឲ្យសភាសហភាពអឺរ៉ុប នឹងដកសេចក្ដីទុកចិត្តពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងវៀតណាម ។
កាលពីខែមករាមុននេះ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានស្នើឱ្យក្រសួងការបរទេសអាមេរិក និងគណៈកម្មការដើម្បីសេរីភាពសាសនាអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិសេរី ផ្នែកសាសនា នយោបាយ និងការអប់រំស្មើភាពគ្នា ដល់ខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។
ក្នុងជំនួប នឹងមន្ត្រីអាមេរិកលោក ប្រាប់ សេរីវុឌ្ឍ បានជម្រាបជូនមន្ត្រីអាមេរិកនូវក្ដីកង្វល់ជាច្រើន ជុំវិញការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ដូចជា ការកេណ្ឌយុវជនខ្មែរក្រោម ឱ្យចូលបម្រើទាហានវៀតណាម និងការរឹតបណ្ដឹងការបង្រៀនប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ការគំរាមកំហែងសិទ្ធិបញ្ចេញមតិ និងការមិនដោះស្រាយករណីឃាតកម្មលើយុវជនខ្មែរក្រោម ជាដើម ។
ការព្រមានដាក់គំនាបជាថ្មីទៅលើរដ្ឋាភិបាលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នេះ ដោយសារតែ ព្រះសង្ឃខ្មែរក្រោម ព្រះនាម សឺន ទី កាលពីសប្ដាហ៍មុន ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចោទប្រកាន់ថា ប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់អ៊ិនធឹណែត (Cyber law) ដោយសារតែព្រះអង្គ បានចែកចាយព័ត៌មានស្ដីពីការប្រារព្ធខួប ៧០ ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម ទៅឲ្យវៀតណាម និងខ្លឹមសារកិច្ចសម្ភាសន៍មន្ត្រីសហព័ន្ធខ្មែរក្រោម របស់វិទ្យុអាស៊ីសេរី នៅតាមបណ្ដាញសង្គម (Facebook) ពេលព្រះអង្គគង់នៅកម្ពុជា ។ អាជ្ញាធរវៀតណាម បានរឹបអូសយកលិខិតឆ្លងដែនពីព្រះអង្គ និងគំរាមចាប់ផ្សឹក ពេលព្រះអង្គទៅចូលរួមមង្គលការបងប្អូន បណ្ដាលឲ្យព្រះអង្គមិនអាចធ្វើដំណើរមកកម្ពុជាវិញបាន ។ ព្រះអង្គ សឺន ទី បាននិមន្តទៅកម្ពុជារយៈពេល ២០ ឆ្នាំ ហើយព្រះអង្គមានលិខិតឆ្លងដែរកម្ពុជា ។ ករណីគំរាមកំហែង ព្រះសង្ឃខ្មែរក្រោម នេះ មិនមែនជាលើកដំបូងឡើយ ។ ពលរដ្ឋខ្មែរក្រោមពីរនាក់ផ្សេងទៀត ក៏រងការគំរាមកំហែងស្រដៀងគ្នានេះដែរ ដោយសារតែពួកគេចែករំលែកព័ត៌មានស្ដីពីខ្មែរកម្ពុជាក្រោម នៅស្រុកកំណើត ដែលគ្រប់គ្រងដោយវៀតណាម ។
មន្ត្រីសិទ្ធិមនុស្ស និងសហព័ន្ធខ្មែរក្រោម អះអាងថា ព្រះតេជព្រះគុណ សឺន ទី មិនបានប្រព្រឹត្តបទល្មើស នឹងច្បាប់វៀតណាមឡើយ ដោយសារតែព្រះសង្ឃជាពលរដ្ឋខ្មែរ និងមានលិខិតឆ្លងដែនខ្មែរ ហើយការចែកចាយព័ត៌មានព្រះសង្ឃធ្វើ នៅកម្ពុជាទៀត ។ ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាម បានសុខចិត្តប្រគល់លិខិតឆ្លងដែនឲ្យព្រះសង្ឃខ្មែរក្រោម វិញ ក្រោយពេលពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោកប្រឆាំង និងតវ៉ាការរឹបអូសលិខិតឆ្លងដែនព្រះសង្ឃទាំងខុសច្បាប់នេះ ។ ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាថា ព្រះអង្គមិនបានប្រព្រឹត្តកំហុស ដូច្នោះទោះបីអាជ្ញាធរវៀតណាមបង្ខំឲ្យព្រះអង្គ ចុះហត្ថលេខាទទួលកំហុស ក៏ព្រះអង្គមិនធ្វើដែរ៖ «ត្មាមិនខ្លាចទេ ។ ត្មាថា ដកលិខិតឆ្លងដែនហ្នឹងខុសនីតិវិធីច្បាប់វៀតណាម ហើយរំលោភសិទ្ធិ Passport អាត្មាទៀត» ។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាថា ព្រះអង្គ នឹងចាកចេញពីទឹកដីកំណើតទៅកម្ពុជាវិញ ក្រោយពេល ព្រះអង្គទទួលអារម្មណ៍ថា ក្រុមគ្រួសារព្រះអង្គដែលកំពុងរស់នៅលើទឹកដីកំណើត មានសុវត្ថិភាព ។
ការរឹបអូស លិខិតឆ្លងដែនពលរដ្ឋខ្មែរ ពីសំណាក់រដ្ឋាភិបាលវៀតណាម បណ្ដាលឲ្យមានមតិរិះគន់ជាច្រើនថា រដ្ឋាភិបាលវៀតណាម មិនបានគោរពច្បាប់កម្ពុជា ។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីថា ស្ថានទូតខ្មែរនៅវៀតណាម បានជួយធ្វើអន្តរាគមន៍ព្រះសង្ឃខ្មែរក្រោម រហូតវៀតណាមប្រគល់លិខិតឆ្លងដែនឲ្យព្រះសង្ឃវិញ ។ ប៉ុន្តែ លោកការពារអាជ្ញាធរវៀតណាមថា ព្រះតេជព្រះគុណ សឺន ទី អាចប្រព្រឹត្តល្មើសច្បាប់វៀតណាម៖ «វៀតណាមដកលិខិតឆ្លងដែនហ្នឹង ដោយសារតែគេយកឃើញព្រះអង្គ ធ្វើកំហុសតាមច្បាប់វៀតណាម» ។
ទោះបីយ៉ាងណាក៏ដោយ លោកថា ពលរដ្ឋខ្មែរក្រោម អាចបន្តធ្វើដំណើរទៅវៀតណាម ឬប្រទេសដទៃទៀតបាន ដោយគ្មានការគំរាមកំហែង ។
ឆ្លើយតបទៅ នឹងការទម្លាប់កំហុសលើពលរដ្ឋខ្មែរក្រោមនេះ លោក ប្រាក់ សេរីវុឌ្ឍ បដិសេធទាំងស្រុង ។ លោកថា ព្រះតេជព្រះគុណ សឺន ទី មិនប្រព្រឹត្តកំហុស ដូចការចោទប្រកាន់នោះទេ៖ «ទីមួយវាអត់ប៉ះសន្តិសុខប្រទេសខ្មែរ ។ ទី ២ ក៏គ្មានប៉ះពាល់សន្តិសុខប្រទេសយួនដែរ» ។
សព្វថ្ងៃមានពលរដ្ឋខ្មែរក្រោម រាប់លាននាក់ កំពុងរស់នៅលើទឹកដីកំណើត ដែលកំពុងគ្រប់គ្រងដោយវៀតណាម ។ ខ្មែរក្រោមក្នុងស្រុក និងជំរុញពិភពលោក កំពុងស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។
ព្រះតេជព្រះគុណ សឺន ទី មានថេរដីកាថា ទោះបីជាវៀតណាម បានគំរាម និងដកហូត លិខិតឆ្លងដែនក៏ដោយ ក៏ព្រះអង្គមិនខ្លាចអាជ្ញាធរវៀតណាម នោះទេ ហើយព្រះអង្គ នឹងនិមន្តទៅលែងស្រុកកំណើតជាបន្តទៀត ប្រសិនបើគ្មានការរារាំង ៕ ប្រភពព័ត៌មានៈ RFA Khmer