ដោយ ស៊ឺន ចែងចើន
ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលខ្មែរក្រោម នៅកម្ពុជាបានអំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាលើកយកបញ្ហា ដែលទាក់ទងទៅ នឹងខ្មែរក្រោម ទៅពិភាក្សាជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀង ភូត្រុង (Nguyen Phu Trong) ដែល នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ។ ការអំពាវនាវបែបនេះ ដោយសារនៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមអង្គការសង្គមស៊ីវិលខ្មែរក្រោម មើលឃើញថា អាជ្ញាធរនៃរបបបក្សកុម្មុយនីស្តវៀតណាម បានធ្វើទុក្ខបុកម្នេញដល់សេរីភាពខាងជំនឿសាសនា សេរីភាពខាងការបង្កើតសមាគម និងអង្គការ សេរីភាពក្នុងការជួបជុំ ការសម្ដែងពីអ្វីមួយ មានការហាមឃាត់ប្រជាជនខ្មែរក្រោម ក្នុងការសិក្សា ខាងអក្សរសាស្ដ្រខ្មែរ និងភាសា និងការរឹបអូសយកដីរបស់ប្រជាជនដោយបង្ខំ ដែលបញ្ហានេះបានធ្វើឲ្យមានការប្រឆាំងតវ៉ាជាញឹកញាប់ពីប្រជាពលរដ្ឋខ្មែរក្រោម តែត្រូវបានបង្ក្រាបដោយអាជ្ញាធរវៀតណាម ។

លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកបញ្ហាមួយចំនួន ទៅពិភាក្សាជាមួយមេដឹកនាំកំពូលវៀតណាម លោក ង្វៀង ភូត្រុង (Nguyen Phu Trong) ដែល នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃខាងមុខ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ បញ្ហានៃការស្នើសុំទាំងនោះ ទាក់ទងករណីសិទ្ធិមនុស្ស ដែលប្រជាពលរដ្ឋខ្មែរក្រោម កំពុងរស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម បានប្រឈមមុខ នឹងបញ្ហាជាច្រើន ដូចជាសេរីភាពជំនឿ និងការប្រតិបត្តិសាសនា សេរីភាពក្នុងវិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច វិស័យវប្បធម៌ សេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មានព័ត៌ជាដើម ។

ស្រដៀងគ្នានេះដែរ លោក ប៊ុន មុនី (ហៅ ថាច់ ឡែន) ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បញ្ឈប់ការរំលោភសិទ្ធិមនុស្សទៅលើប្រជាពលរដ្ឋខ្មែរក្រោម និងឲ្យខ្មែរក្រោមមានសិទ្ធិរៀនសូត្រអក្សរសាស្ត្រជាតិ សិទ្ធិក្នុងជំនឿសាសនា ដូចដែលជនជាតិវៀតណាម ទទួលបានក្នុងប្រទេសកម្ពុជា ដូច្នេះដែរ ។

ចំណែក ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា លោក តាំង សារៈ បានស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ក្នុងនាមឈាមជ័រជាខ្មែរដូចគ្នា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិសេរីភាពខ្មែរក្រោម ដែលជាម្ចាស់ស្រុកឲ្យបានពេញលេញ ។ តាម លោក តាំង សារៈ បើទោះបីជា រដ្ឋាភិបាលខ្មែរ មិនបានស្នើឲ្យគាំពារ ក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្រៅប្រទេសតាមរយៈមធ្យោបាយការទូតក្តី ក៏រដ្ឋារដ្ឋាភិបាលវៀតណាមខ្លួនឯងផ្ទាល់ គប្បីមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម ទៅតាមច្បាប់នៃការគ្រប់គ្រងរដ្ឋរបស់ប្រទេសវៀតណាម និងគោរពតាម «គោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សិទ្ធិជនជាតិដើម» ដែលវៀតណាម គឺជាសាមាជិកហត្ថាលេខីនៃអង្គការសហប្រជាជាតិផងនោះ ។
គួរជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ លោក ង្វៀង ភូត្រុង នឹងចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មុន នឹងចូលទៅថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំង ២ គណៈនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីនោះលោកក៏ នឹងជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងចូលរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ ។
ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាម ខាងមុខ កម្ពុជាត្រូវសុំឲ្យវៀតណាម គោរព និងការពារសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោមផង» ។ ការលើកឡើងបែបនេះ ទំនងជាលោកបណ្ឌិត ឡៅ ម៉ុងហៃ ចង់សំដៅទៅរដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាពេលកន្លងមក នរណាក៏ដឹងដែរថា គ្រប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម មកកម្ពុជា ខាងភាគីកម្ពុជា មិនដែលបានលើកយកករណី ដែលពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ត្រូវរដ្ឋាភិបាលវៀតណាម ធ្វើទុក្ខបុកម្នេញ ជាមួយភាគីវៀតណាម ម្តងណាឡើយ ។ ផ្ទុយទៅវិញ គឺខាងភាគីវៀតណាម តែងតែបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយមើលថែជនជាតិវៀតណាម នៅកម្ពុជា ទៅវិញ ។

គួរកត់សម្គាល់ផងដែរថា ជារឿយៗ ក្រុមអង្គការសង្គមស៊ីវិលខ្មែរក្រោម តែងយកឱកាស នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំ នៃគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមមកប្រទេសកម្ពុជាម្តងៗ ដើម្បីដាក់ញតិ្ត ឬសេចក្តីថ្លែងការណ៍ ស្នើទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរិតត្បិតសេរីភាពដល់ពលរដ្ឋខ្មែរ រស់នៅកម្ពុជាក្រោម ។ ប៉ុន្តែ ការដាក់ញាត្តិកន្លងមក មិនដែលទទួលបានផលវិជ្ជមានម្ដងណាឡើយ នៅពេលដែលសំណើរបស់ពួកគេស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យជួយលើកយកបញ្ហារំលោភសិទ្ធិមនុស្សខ្មែរ នៅកម្ពុជាក្រោម ទៅជជែកជាមួយមេដឹកនាំវៀតណាម មិនត្រូវបានរដ្ឋាភិបាលកម្ពុជា យកមកពិចារណាឡើយ ។
ថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមនេះ ថាជាការបង្ហាញពីភាពវិជ្ជមានលើកិច្ចសហការគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ជាពិសេសគឺការរក្សាស្ថិរភាព និងសន្ដិភាពតាមព្រំដែន ខណៈការបោះបង្គោលព្រំដែននៃប្រទេសទាំង ២ ជិតបញ្ចប់ ។
ទោះជាយ៉ាងណា លោក មាស នី អ្នកសិក្សាស្រាវជ្រាវសង្គមបានកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ មានរូបភាពបង្ហាញច្បាស់ថាប្រទេសវៀតណាម ហាក់មានឥទ្ធិពលលើកម្ពុជា ក្រោយពីមានការបង្កើតឲ្យមានស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមខេត្តក្រុងរបស់កម្ពុជា ដែលលោកយល់ថា ជាការបង្ហាញនូវការដឹងគុណខ្លាំងពេកលើវៀតណាម ។
លោក មាស នី បារម្ភថា ការបង្ហាញពីភាពដឹងគុណខ្លាំងបែបនេះ អាចធ្វើឲ្យកម្ពុជាមានគ្រោះថ្នាក់ដោយសារធ្វើឲ្យមានលំហូរជនជាតិវៀតណាមខុសច្បាប់បន្ថែមទៀត ដែលហាក់មិនខុសពីប្រវត្តិសាស្ត្រក្នុងសម័យព្រះបាទ ជ័យជេដ្ឋាទី ២ ដែលកាលនោះ ព្រះអង្គដឹងគុណវៀតណាមខ្លាំងពេក ហើយបានអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកតាំងលំនៅលើទឹកដីកម្ពុជាក្រោម ជាបណ្ដោះអាសន្ន ប៉ុន្តែក្រោយមកពលរដ្ឋវៀតណាមក៏ទទួលសិទ្ធិស្របច្បាប់ និងកំពុងរស់នៅ និងកាន់កាប់រហូតដល់សព្វថ្ងៃ ៕