ខ្មែរក្រោម គោរព និងរក្សា​យ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ខ្មែរ ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ

ដោយ ស៊ឺន ចែងចើន

​រហូតមកទល់​ពេលនេះ ដែនដី​កម្ពុជា​ក្រោម ដែលមាន​ខេត្ត​សរុប​ចំនួន ២១ ខេត្ត បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​វៀតណាម ចំនួន ៧១ ឆ្នាំ​ហើយ ពោល គឺ​បន្ទាប់ពី​អាណានិគម​បារាំង សម្រេច​ដោយ​អត្តនោម័ត នៅ​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ដើម្បី​ផ្ទេរ​ដែនដី​មួយ​នេះ ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការឯកភាព និង​យល់ព្រម ឬ​សួរនាំ​មតិ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជាតិ​ខ្មែរក្រោម ដែលជា​ម្ចាស់​ទឹកដី​ឡើយ ។ ពិតមែនតែ​កម្ពុជា​ក្រោម សព្វថ្ងៃនេះ ស្ថិតក្នុង​ប្រទេស​វៀតណាម​ក្តី ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម នាពេល​បច្ចុប្បន្ននេះ នៅ​រក្សាបាន​នូវ​វត្ត​ព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ សិល្បៈ សម្លៀកបំពាក់ បាន​យ៉ាង​ខ្ជាប់​ខ្ជូ​ន ដូច​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ។​

ទិដ្ឋភាពបុណ្យកឋិន នៅ​វត្ត​សិរី​តា​សេក ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ រូបៈ Lâm Na Rin
ទិដ្ឋភាពបុណ្យកឋិន នៅ​វត្ត​សិរី​តា​សេក ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ រូបៈ Lâm Na Rin

​បើទោះបីជា ប្រជាជន​ខ្មែរក្រោម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ចាត់ទុកជា ជនជាតិភាគតិច​មួយ នៅក្នុង​ចំណោម​ជនជាតិភាគតិច ចំនួន ៥៣ ជនជាតិ ដែល​កំពុង​រស់នៅ​លើទឹក​ដី​របស់ខ្លួន នាពេល​បច្ចុប្បន្ន​ក្តី ។ ប៉ុន្តែ ពួកគេ​នៅតែ​ព្យាយាម​អភិរក្ស​នូវ​អ្វី​ជា​របស់​ខ្មែរ ដែល​ដូនតា​បាន​បន្សល់ទុក​រាប់ពាន់​ឆ្នាំ​មកហើយ ជាក់ស្តែង​ដូចជា វត្ត​អារាម​ជា​និមិត្តរូប នៃ​កេរ​មរតក​របស់​ប្រជាជាតិ​ខ្មែរក្រោម ដែល​ពួកគាត់​ចាត់ទុកថា ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន នៃ​ប្រភព​ដើមកំណើត​របស់ខ្លួន និង​ចង់បង្ហាញ​ឲ្យ​កាន់តែច្បាស់​ថា ជនជាតិដើម​ខ្មែរក្រោម ជា​ជាតិ​សាសន៍​មួយ​មាន​វ័យ​ចំណាស់ នៅលើ​ទឹកដី​កំណើត​របស់​ពួកគេ ។​

​ខ្មែរក្រោម ដែល​រស់​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ក្នុងប្រទេស​វៀតណាម បានបង្ហាញ​ពី​សកម្មភាព​ថែរក្សា​អភិរក្ស​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ បុណ្យ​សែនដូនតា និង​បុណ្យកឋិន​ជាដើម ។ ស្ថិតក្នុង​បរិបទ សង្គម​សម័យ​ទំនើប វត្ត​អារាម នៃ​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ កំពុង​បំពេញ​នូវ​តួនាទី ត​ភ្ជាប់​ទំនាក់ទំនង​រក្សា​វប្ប​ធម៌ ប្រពៃណី​របស់​ប្រជាជន​ខ្មែរក្រោម នៅ​គ្រប់​ខេត្ត​ក្រុង ។ ចំណែក​ខ្មែរក្រោម​បច្ចុប្បន្ន ក៏​កំពុងមាន​ការផ្លាស់ប្តូរ​ផ្ន​ក់​គំនិត​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ថែរក្សា លើកតម្កើង និង​ជម្រុញ​ការអភិរក្ស​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ភាសា អត្តសញ្ញាណ និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ឲ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។​

​លោក តាំង សារៈ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បានធ្វើការ​កត់សម្គាល់​ថា រដ្ឋាភិបាល​វៀតណាម នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏មាន​គោលនយោបាយ​បើកទូលាយ សម្រាប់​ក្រុម​ជនជាតិដើម​ភាគតិច នៅក្នុង​ប្រទេស​របស់ខ្លួន ។ ម្ល៉ោះហើយ ពលរដ្ឋ​ខ្មែរក្រោម ដែល​ទទួលបាន ពី​ការបើក​សិទ្ធិសេរីភាព​ផ្នែក​ខ្លះ​នេះ ក៏​បន្ត​ខិតខំ​ថែរក្សា​នូវ​សកម្មភាព​វប្បធម៌ ប្រពៃណី សាសនា អត្តសញ្ញាណ​ជាតិ និង​ជំនឿ​របស់​ពួកគេ នៅ​លើ​​ទឹកដី​កម្ពុជា​ក្រោម ។ ទោះជា​យ៉ាងណា លោក តាំង សារៈ លើកឡើង ខ្មែរក្រោម​បានទទួល​យក​វប្បធម៌​បែប​ប្រពៃណី​ខ្មែរ តាំងតែ​ពី​ឆ្នាំ ១៩៦៨ ម្ល៉េះ ។ លោក​ថា នៅពេល​មាន​ពិធីបុណ្យ​ទាន​ម្តងៗ ពលរដ្ឋ​ខ្មែរក្រោម តែង​ស្លៀកពាក់​តាមបែប​បុរាណ ដូច​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កម្ពុជា ដែរ ។​

​លោក តាំង សារៈ​៖ «ដោយ​វៀតណាម មាន​គោលការណ៍ គឺ​រក្សា​លើកតម្កើង​ប្រពៃណី ទំនៀមទម្លាប់ របស់​ជនជាតិដើម​ភាគតិច និង​ដោយ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ខ្លួនឯង ខិតខំ​ប្រឹង​ត្រដររស់ ។ ពិតមែន​ថា សេរីភាព​មិនទាន់មាន​ច្រើន ប៉ុន្តែ ឆ្លៀតឱកាស ដែល​គេ​ផ្តល់​ឲ្យ​បាន​តិចតួច ក៏​ខិតខំ​អភិវឌ្ឍន៍​នូវ​ទំនៀមទម្លាប់​ប្រពៃណី​របស់ខ្លួន ទើប​មានការ​រីកចម្រើន ដូច​សព្វថ្ងៃនេះ ។ កា​រីកចម្រើន​នេះ គួរ​ឲ្យ​សរសើរ និង​មោទនភាព តាំងពី​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅក្នុង​ទី​ប្រមូលផ្តុំ រហូតដល់​រស់នៅ​រាយប៉ាយ ដាច់ស្រយាល ដូចជា​ខេត្ត​រៀង​ដំរី ខេត្ត​ទួល​តា​មោក ជាដើម គឺថា ខ្មែរក្រោម នៅ​ចុងកាត់មាត់ញក បាន​រក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​របស់ខ្លួន​បានល្អ នាពេល​បច្ចុប្បន្ននេះ ។​»

ក្រុមនារីសីលធម៌​ខ្មែរ​ក្រោម នា​ថ្ងៃ​បុណ្យ​កឋិន នៅ​វត្ត​សិរី​តា​សេក ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ រូបៈ Lâm Na Rin
ក្រុមនារីសីលធម៌​ខ្មែរ​ក្រោម នា​ថ្ងៃ​បុណ្យ​កឋិន នៅ​វត្ត​សិរី​តា​សេក ស្រុក​ជ្រោយ​ញ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ រូបៈ Lâm Na Rin

​ស្របពេល​ពលរដ្ឋ​ខ្មែរក្រោម កំពុង​ប្រារព្វ​ពិធីបុណ្យ​កឋិនទាន ដូច​ពលរដ្ឋ​ខ្មែរ នៅលើ​ពិភពលោក​ដែរនោះ និង​នៅក្នុង​កាលៈទេសៈ ដែល​ជំងឺ​កូ​វីដ ១៩ (Covid-19) កំពុង​រីក​រាលដាល​ជាស​កល​ផង​នោះ ខណៈ​ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​សរុប​ទាំងអស់ ១,១៧៧ គិត​ត្រឹម​ថ្ងៃទី ៣១ ខែតុលា​នេះ ក៏​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម មិនបាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ដ៏​មាន​សារៈសំខាន់​នេះដែរ តែ​ពួកគេ ក៏បាន​អនុវត្តតាម​វិធានការ​របស់​អាជ្ញាធរ​សុខាភិបាល ។​

​ពិធីបុណ្យ​កឋិនទាន ជា​បុណ្យ​មួយ​ដ៏​ធំ​មួយ​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល ២៩ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ១ រោច ខែអស្សុជ ដល់​ថ្ងៃ ១៥ កើត ខែ​ក​ក្តិ​ក ។ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នានា នៅ​ដែនកម្ពុជា​ក្រោម នៅតែ​រក្សា​ប្រពៃណី ដោយ​នាំគ្នា​ដង្ហែរ​អង្គ​កឋិនទាន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​រយៈពេល ៣ ខែ នៅតាម​ទីវ​ត្ត​អារាម ដែលជា​ចំណុះជើងវត្ត​របស់ខ្លួន ។​

​នៅ​កម្ពុជា​ក្រោម អំឡុងពេល​មាន​ពិធីបុណ្យ​ប្រពៃណី សំខាន់ៗ ម្តងៗ ជាពិសេស គឺ​ពិធី​ហែ​អង្គ​កឋិន​ទៅកាន់​ទី​អារាម​នីមួយៗ បានរៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ហើយ​ពិធី​នេះ ក៏​ជា​ឱកាស សម្រាប់​នារី​ខ្មែរ​ខ្មែរក្រោម ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដូចជា ហូល ផាមួង អាវប៉ាក់ ជាដើម​នោះ ទៅ​វត្ត ដើម្បី​ចូលរួម​រក្សា​អត្តសញ្ញាណ​ជាតិ ។ សម្លៀកបំពាក់​ប្រពៃណី​ទាំងនេះ បាន​ជួយ​លើក​សម្រស់​នារី​ខ្មែរក្រោម ឲ្យ​កាន់តែ​ស្រស់​សោភា ព្រម​ដោយ​ភាព​សមសួន​សុភាពរាបសា គួរ​ជាទី​គាប់​ភ្នែក​សម្រាប់​អ្នកផង​ទាំងពួង ។​
​ទាក់ទង នឹង​ការ​ស្លៀកពាក់​បែប​ប្រពៃណីជាតិ​របស់​នារី​ខ្មែរក្រោម​នេះដែរ ព្រះសង្ឃ​ខ្មែរក្រោម គង់នៅ​វត្ត​ពោធិ​ភិរម្យ​រង្សី (​ចុង​បឹង​) ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ព្រះតេជព្រះគុណ ថាច់ ច័ន្ទ​តារា មើលឃើញថា រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ យុវជន យុវនារី​ខ្មែរក្រោម បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិរក្ស​វប្បធម៌​ប្រពៃណី​របស់​ពួកគេ ដើម្បី​ជាការ​ពង្រឹង​នូវ​សាមគ្គីភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ ។ ព្រះអង្គ​បន្តថា ដោយ​ក្តី​ស្រឡាញ់ និង​ចង់​លើក​តម្លៃ​នូវ​វប្បធម៌​ជាតិ ដែលជា​តឹកតាង​បញ្ជាក់​អំពី​ឫសគល់​នៃ​ជាតិ​សាសន៍​ខ្មែរ​នោះ ពលរដ្ឋ​ខ្មែរក្រោម សុខចិត្ត​ចំណាយលុយ​កាក់​ផ្ទាល់ខ្លួន ឡើងមក​ប្រទេស​កម្ពុជា ដើម្បី​ទិញ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ។​

​ព្រះតេជព្រះគុណ ថាច់ ច័ន្ទ​តារា​៖ «តាម​ការប៉ានស្មាន ប្រហែលជា ២០ ឆ្នាំមុន គឺ​ឃើញច្បាស់​ថា កម្ពុជា​ក្រោម មានការ​ផ្លាស់ប្តូរ នេះ​ស​បង្ហាញថា ខ្មែរ​មានការ​សាមគ្គី​ស្រឡាញ់​នូវ​វប្បធម៌​របស់ខ្លួន ។ នេះ​ជា​កិច្ច​មួយ ដែល​បងប្អូន​ខ្មែរ​យើង បានឃើញ​ច្បាស់​ទៅតាម​រូបភាព​នៃ​បុណ្យកឋិន​នីមួយៗ ។ ពួកគាត់​ស្លៀក​បំពាក់​ប្រពៃណី គឺ​ចង់បង្ហាញ​ឲ្យ​ជនជាតិ​ដទៃ ដែល​រស់នៅ​រួមជាមួយ​គ្នា ឲ្យ​ដឹង​ច្បាស់​ថា នេះ​គឺជា​ខ្មែរ ។»

ទិដ្ឋភាពបុណ្យកឋិន នៅវត្តបិដកត្យារាម( ក្នុងស្រុក) ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ រូបៈ Facebook
ទិដ្ឋភាពបុណ្យកឋិន នៅវត្តបិដកត្យារាម( ក្នុងស្រុក) ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ រូបៈ Facebook

​ស្រដៀង​គ្នា​នេះដែរ ព្រះសង្ឃ​ខ្មែរក្រោម មួយអង្គ​ទៀត គឺ​ព្រះតេជព្រះគុណ ថាច់ ធា សព្វថ្ងៃ គង់នៅ​វត្ត​មួយ​នៃ​ទឹកដី​សហរដ្ឋអាមេរិក ឲ្យ​ដឹងថា វិស័យ​វប្បធម៌ នៅ​កម្ពុជា​ក្រោម មានការ​តែ​រីកចម្រើន​ជាង​មុន គឺ​ដោយ​អាស្រ័យ​ព្រះសង្ឃ​ខ្មែរក្រោម ជា​អ្នកដឹកនាំ និង​បង្ហាត់បង្រៀន ។ ព្រះអង្គ​លើកឡើងថា ដំបូង​ឡើយ ព្រះសង្ឃ​បាន​បង្កើត​ក្រុម​នារី​សីលធម៌​ខ្មែរក្រោម ក្នុង​គោលបំណង​បង្រៀន​ឲ្យ​ចេះ​សូត្រធម៌​បទ សម្រាប់​សូត្រ​នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ ។ ព្រះអង្គ​បន្តថា ក្រោយមកទៀត ក្រុម​នារី​សីលធម៌ ក៏​កាន់តែ​រីកចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច និង​ដោយមាន​ការចូលរួម​ពី​យុវជន​ផង ហើយ​នៅពេល​មាន​ពី​ធី​បុណ្យ​អ្វីមួយ ជាពិសេស គឺ​បុណ្យបញ្ចុះសីមា និង​បុណ្យកឋិន​ជាដើម គឺ​ក្រុមយុវជន និង​យុវនារី តែង​សម្លៀកបំពាក់ តាមបែប​ប្រពៃណី​ខ្មែរ ចូលរួម​ឈរ​ធ្វើជា​របង​កិត្តិយស សម្រាប់​ទ​ទួទ​ល​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូលរួម​ពិធីបុណ្យ ។ បន្ថែម​ពីលើ​នេះ ព្រះសង្ឃ​ក៏បាន​បង្ហាត់បង្រៀន​បន្ថែ​ម ទាក់ទង នឹង​ផ្នែក​សិល្បៈ​ដល់​ក្រុមយុវជន និង​យុវនារី សម្រាប់​ច្រៀង​រាំ នៅពេល​មានកម្ម​វិធី​បុណ្យប្រពៃណី​ម្តងៗ ផង​។​

​ព្រះតេជព្រះគុណ ថាច់ ធា​៖ «កាលពីដើម ឃើញថា ចាស់ៗ គាត់​មិនទាន់ ចាប់ផ្តើម​ទេ ក្នុងការ​សម្លៀកបំពាក់​ប្រពៃណី ក្នុងពេល​មានបុណ្យ​ទាន​ទេ ។ អ៊ីចឹង ចាប់ផ្តើម ពី​ក្រុមយុវជន​វិញ ។ តាម​អាត្មា​សង្កេត​មក នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន ពេល​ក្មេងៗ ពាក់​ទៅ​ឃើញ​សមរម្យ ក៏​ចាស់ៗ មានចិត្ត​ចង់​ស្លៀ​ង​ពាក់​ដែរ ហើយក៏​ជំរុញ​ឲ្យ​កូនៗ របស់គាត់ [​ស្លៀក​] ថែមទៀត ។​»

​ក្រៅពីនេះទៀត នៅ​កម្ពុជា​ក្រោម សិល្បៈ គឺជា​អត្តសញ្ញាណ និង​ព្រលឹង​ជាតិខ្មែរ ។ វិស័យ​សិល្បៈ​ខ្មែរក្រោម មានការ​រីកចម្រើន​ខ្លាំង នៅ​កំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ បើទោះបីជា មិនមាន​សាលា សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​អាជីព​ក្តី ក៏​សិល្បករ សិល្បការិនី​ខ្មែរក្រោម ច្រៀង​មិន​ចាញ់​អ្នកចម្រៀង នៅ​ប្រទេស​កម្ពុជា​ដែរ ។​

ពាក់ព័ន្ធ នឹង​ផ្នែក​សិល្បៈ​នេះដែរ យុវជន​ខ្មែរក្រោម ឈ្មោះ ថាច់ កឿង ដែលជា​ស្ថាបនិក​ក្រុមសាមគ្គី​វប្បធម៌​ខ្មែរ និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ខ្មែរក្រោម និង​លក់​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ឲ្យ​ដឹងថា ការដែល​លោក​តែង​និពន្ធ​បទ​ចម្រៀង បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ និង​ពិធីបុណ្យ​ជាតិខ្មែរ​ផ្សេងៗ គឺ​ក្នុង​គោលបំណង​លើកស្ទួយ​វប្បធម៌ ប្រពៃណី និង​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ ចេះ​ស្រឡាញ់​វប្បធម៌​ជាតិ​របស់ខ្លួន ។ ម្យ៉ាងវិញទៀត ដោយ​លោក​ចង់​តបស្នង និង​ដឹងគុណ ដល់​ព្រះតេជព្រះគុណ តា ង៉ុ​ក​កោ ជា​ព្រះសង្ឃ​ខ្មែរក្រោម អង់អាច​ក្នុងការ​ថែរក្សា​វប្បធម៌ ប្រពៃណី​យ៉ាងសកម្ម នៅ​ដែនដី​កម្ពុជា​ក្រោម ហើយ​ព្រះអង្គ បាន​សុគត​ក្នុង​ភាព​អា​ថិ​កំបាំង ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ ។ យុវជន ថាច់ កឿង បាន​តាំងចិត្ត​ថា នឹង​បន្ត​ស្រាវជ្រាវ និង​ចងក្រង​ឈ្មោះ​ដើម​តំបន់​ភូមិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ដែលមាន​ឈ្មោះ​ភូមិ ឃុំ ហើយ​សរសេរ​ជា​បទ​ចម្រៀង ដើម្បី​ទុកជា​ឯកសារ ។​

​យុវជន ថាច់ កឿង​៖ «ទីមួយ​ចង់​លើកតម្កើង​វប្បធម៌​ខ្មែរ​របស់​យើង ទី​ពីរ​ចង់​ឲ្យ​បទ​ចម្រៀង​នីមួយៗ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង នៅក្នុង និង​ក្រៅប្រទេស បានដឹង អំពី​វប្បធម៌ ប្រពៃណី និង​ភូមិសាស្ត្រ​កម្ពុជា​ក្រោម និង​ចង់​បន្ត​ស្នង​ស្នាដៃ ព្រះតេជព្រះគុណ តា ង៉ុ​ក​កោ ដែល​និពន្ធ​មុនគេ​បង្អស់ ឥឡូវ ព្រះអង្គ​បាន​លាចាក​លោក​ទៅ មិន​ឲ្យ​បាត់បង់ និង​ចង់​ឲ្យ​ជំនាន់​ក្រោយ មាន​ទំពាំង​ស្នង​ឫស្សី បន្តវេន​ថែរក្សា​វប្បធម៌​ខ្មែរ​យើង ។​»

ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងស្រុក នាំ​គ្នា​ហែ​អង្គ​កថិន​ទាន ទៅប្រគេន ព្រះសង្ឃ ដែលគង់វស្សា​ររយៈពេល ៣ ខែ នៅវត្តបិដកត្យារាម( ក្នុងស្រុក) ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ រូបៈ Facebook
ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងស្រុក នាំ​គ្នា​ហែ​អង្គ​កថិន​ទាន ទៅប្រគេន ព្រះសង្ឃ ដែលគង់វស្សា​ររយៈពេល ៣ ខែ នៅវត្តបិដកត្យារាម( ក្នុងស្រុក) ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ រូបៈ Facebook

​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក អះអាងថា បើទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបណា ក៏​ពួកគេ​ប្ដេជ្ញា​មិន​បំភ្លេចចោល នូវ​ពិធី​បុណ្យទាន ដែលជា​កេរ្តិ៍ដំណែល​បន្សល់ទុក​ដោយ​បុព្វបុរស​ដូន​តាតៗ គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ឡើយ ។

​សូមបញ្ជាក់ថា នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ មាន​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ចំនួន ៤៦១ វត្ត និង​ប្រជ​ន​ជន​ខ្មែរក្រោម​ប្រមាណ ៧ លាននាក់ ៕