ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ជាប់​ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី

ពលរដ្ឋខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០០នាក់ កំពុងស្នាក់នៅប្រទេសថៃ បាន​ជាប់​ផុង​ក្នុង​នីតិវិធី​​សុំ​​សិទ្ធិ​​​ជ្រក​​កោន​នៅ​ប្រទេស​ទីបី ដោយអ្នកខ្លះបានជាប់​នៅ​ប្រទេស​ថៃ​ជាង ១០ឆ្នាំ​ហើយ។ ខ្មែរក្រោម​ទាំងនោះអះអាងថា មូលហេតុ​ដែល​ពួក​គេ​ចង់​ទៅ​រស់នៅប្រទេសទីបី ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្នែកសិទ្ធិមនុស្ស សាសានា វប្បធម៌ និង​អក្សរសាស្រ្ត នៅ​ប្រទេស​វៀតណាម ចំណែក​​ឯ​នៅ​កម្ពុជា​វិញ ពួក​គេ​​ក៏​រង​នូវ​ការ​អើសអើង​ថា ជា​ជន​ជាតិ​វៀតណាម និង​ការ​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​ផ្នែក​នយោបាយ និងសាសានា។

ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ជាប់​ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី
ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ជាប់​ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី

អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលធ្លាប់ជាប់ពន្ធនាគារនៅវៀតណាម និងកម្ពុជាជាច្រើនខែ លោក សឺន ហៃ ប្រាប់​​អាស៊ី​​សេរី​​ថា លោក​ជាប់​ពន្ធនាគារ​ពីរ​លើក​ដោយសារ​តែ​លោក​ធ្លាប់​ងើប​ឡើង​តវ៉ា ដើម្បី​សិទ្ធិ​សេរីភាព និង​​ការ​​សំដែង​​មតិ​​​ដោយ​ហិង្សា​​​​ទាំង​​​នៅ​​​វៀតណាម និង​​​កម្ពុជា។ បច្ចុប្បន្ន​លោក​រស់​នៅ​ប្រទេស ស៊ុយអ៊ែត (Sweden) ជា​​ជន​​ភៀស​​ខ្លួន​​ផ្នែក​​នយោបាយ ពី​ការ​តាម​ចាប់​របស់​របប​​លោក ហ៊ុន សែន៖ «កើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម​ប្រឈម​នឹង​រដ្ឋាភិបាល​យួន​​ចោទ​ប្រកាន់​​​យើង​​ថា ខ្មែរ ហើយ​ធ្វើ​បាប​យើង​​គ្រប់​រូបភាព។ យើងគេចខ្លួនមកសំងំមករស់នៅស្រុកខ្មែរដោយ​សង្ឃឹម​ថា ជា​ប្រទេស​ខ្មែរ​​របស់​​យើង ដើម្បី​បាន​សិទ្ធិ​ខ្លះៗ ដើម្បី​បាន​ធ្វើ​ការងារ​សង្គម។ ផ្ទុយ​ទៅ​វិញ យើង​​មក​​​យើង​​​ខក​​​ចិត្ត​​​ទាំង​​​ស្រុង​​​ដោយសារ​តែ​​​យើង​​​មក​​​ជួប​​​រដ្ឋាភិបាល​ខ្មែរ​មួយ​ទៀត ដែល​​ចោទ​​ប្រកាន់​​យើង​​ថា ជា​យួន។ យើង​និយាយ​មិន​ច្បាស់​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យើង​គ្រប់​ប្រភេទ»

លោកថា ករណីនីតិវិធីសុំសិទ្ធិជ្រកកោននៅប្រទេសទីបីប្រើប្រាស់​រយៈ​ពេល ៣ខែ ទើប​បាន​សម្រេច។ ឥឡូវនេះ លោក​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​ចំណិត​អាហារ​​នៅ​ភោជយនីដ្ឋាន​ល្អី​មួយ​​ឈ្មោះ Max។ ទោះ​បី​លោក​ទៅ​ដល់​ប្រទេស​ទី​បី​ក៏​ដោយ លោក​​នៅ​​បន្ត​រិះគន់​របប​លោក ហ៊ុន សែន ករណី​រំលោភ​សិទ្ធិមនុស្ស និង​សាសានា តាម​រយៈ​បណ្តាញ​សង្គម (Facebook)។

មិនមែនខ្មែរកម្ពុជាក្រោម ដែលរងទុក្ខវេទនាមានសំណាងបានសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដូច​ករណី​លោក សឺន ហៃ ទាំង​អស់​គ្នា​នោះ​ទេ។ យ៉ាងហោចណាស់ក៏មានខ្មែរក្រោមចំនួន ២០៥នាក់ កំពុង​ជាប់គាំងរស់នៅទីក្រុងបាងកក ប្រទេស​ថៃ​ដោយ​​អ្នក​​ខ្លះ​បាន​រស់​ទីនោះ​រយៈពេល ១០ឆ្នាំមក​ហើយ។ បច្ចុប្បន្នខ្មែរក្រោមទាំងនោះមួយ​ចំនួន​ទទួល​​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ពី​​ការិយាល័យ​​អង្គការ​​សហប្រជាជាតិ​​ទទួល​​បន្ទុក​​​ជន​​ភៀស​​ខ្លួន (UNHCR) ចំណែក​មួយ​ចំនួន​ទៀត នៅ​មិន​​ទទួល​​បាន​​សិទ្ធិ​​ជា​​ជន​​ភៀស​ខ្លួន​​នៅ​​ឡើយ​ទេ។ ពួក​គេ កំពុងព្រួយបារម្ភ​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ និង​ប្រឈម​នឹង​គ្មាន​ប្រាក់ ដើម្បី​ដោះ​ស្រាយ​ជីវីភាព​ប្រចាំ​ថ្ងៃ ដោយ​សារ​​តែ​​ពួក​​គេ​​មិន​​អាច​ចាក​​ចេញ​​ពី​​ផ្ទះ​​ជួល ដើម្បី​​ស្វែង​រក​​ការងារ​​ធ្វើ​​បាន។ ជន​ភៀស​ខ្លួន​​ខ្មែរ​​កម្ពុជា​​​ក្រោម លោក លី ឈួន ប្រាប់​​អាស៊ី​​សេរី​ កាល​ពី​ពេល​ថ្មីៗ នេះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​ស្វែង​​រក​​សិទ្ធិ​​ជ្រក​​កោន​​កំពុង​រង​ទុក្ខ​​វេទនា​​ក្នុង​​ប្រទេស​​ថៃ៖ «តាមពិតយើងភៀសខ្លួនហើយជួប UNHCR គេ​ផ្តល់​ប័ណ្ណឲ្យយើងកាន់​បណ្តោះអាសន្ន ប៉ុន្តែ​​មិន​​ធានា​ទេ ព្រោះ​ប័ណ្ណ​នេះ​មិន​ស្រប​ច្បាប់​នោះ​ទេ។ ពេល​​តម្រួត​គេ​ចាប់​បាន ជួនកាលទៅ UNHCR ទៅ​​សុំ​បាន ហើយ​ជួន​កាល​សុំ​មិន​បាន​ទេ គឺ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅកម្ពុជាវិញ។ កាល​ដែល​​យើង​នៅ​រាល់​ថ្ងៃ​នេះ យើង​​លំបាក​ណាស់។ យើង​​មិន​​ហ៊ាន​​​ចេញ​​​ដើរ»

លោក លី ឈួន ដែលជាប់ពន្ធនាគារដោយសារតែរៀនភាសាខ្មែរកាល​ពី​ឆ្នាំ១៩៨៥ នៅ​ទឹក​ដី​កំណើត​កម្ពុជា​ក្រោម មាន​ប្រសាសន៍​បន្ត​ទៀត​ថា មានមូលហេតុជាច្រើន ដែលខ្មែរក្រោម​រួម​ទាំង​លោក​ផង មិន​អាច​រស់​នៅ​ប្រទេស​វៀតណាម និង​កម្ពុជា​បាន។

មិន​ខុស​ពី​លោក លី ឈួន នោះ​ទេ លោកស្រី យឿង ធីកន ខ្មែរកម្ពុជាក្រោមដែលរត់គេចពីការ​តាម​ចាប់​របស់​អាជ្ញាធរ​វៀតណាម​ដោយសារ​តែ​គ្មាន​លុយ​បង់​ពន្ធ​ស្រែ​នោះ ក៏​កំពុង​រង​ទុក្ខ​វេទនា នៅ​ប្រទេស​ថៃ​ដែរ ដោយសារ​តែ​លោក​ស្រី​ចំណាយ​អស់​រយៈ​​ពេល​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​លោក​ស្រី​មិនទាន់អាចទៅរស់នៅប្រទេសទីបីបាន។ លោកស្រីថា ដោយសារ​តែ​មិន​អាច​រក​ការងារ​ធ្វើ​បាន និងមានកូនមានជំងឺប្រចាំខ្លួនធ្វើឲ្យជីវភាពលោកស្រី ធ្លាក់ដុនដាបណាស់ រហូត​រត់​ទៅ​រក​អង្គការ​​ក្នុង​ស្រុក​​​ថៃ ដើម្បី​ស្វែង​រក​ជំនួយ ដើម្បី​ចិញ្ចឹម​ជីវិត៖ «នៅថៃរាល់ថ្ងៃនេះ ពិបាកដែរហ្នឹង។ យើង​ជា​ជន​​ភៀស​​ខ្លួន​​អត់​​មាន​​កាត អត់​​មាន​ច្បាប់​ទម្លាប់។ យើង​អត់​ទៅ​រកស៊ី​អី​បាន​ទេ។យើង​ចេះ​តែ​ពួន​លាក់​​ខ្លួន»។

លោកស្រីថា កាលពីលោកស្រី​រត់​មក​កម្ពុជា លោកស្រីស្មានតែអស់ទុក្ខ ប៉ុន្តែនៅ​កម្ពុជា​​លោកស្រី​​ត្រូវ​​បាន​​បង្ខំ​​ឲ្យ​ចូល​គណបក្ស ប្រជាជន​កម្ពុជា ពេល​លោកស្រី​បដិសេធ លោកស្រី​ត្រូវ​រង​ការ​​គំរាម​​កំហែង​​រហូត​សម្រេច​ចិត្ត​រត់​ចេញ​ពី​កម្ពុជា​ម្តង​ទៀត។

មន្រ្តីការពារិសទ្ធិមនុស្សខ្មែរកម្ពុជាក្រោម អះអាងថា ការលើកឡើងរបស់ជនភៀសខ្លួនខ្មែរកម្ពុជា​​ជា​​រឿង​​ពិត មិន​​មែន​​ប្រឌិត ដើម្បី​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី​នោះ​ទេ។

អគ្គលេខាធិការ សមាមគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​​ប្រសាសន៍​ថា ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​បំណង​ចង់​ទៅ​រស់​នៅ​ប្រទេស​ទីបី ដោយសារ​តែ​ពួក​គេ​មិន​​អាច​​ទ្រាំ​នឹង​ការ​ធ្វើ​បាប និង​​ការ​​អើសអើង​​នៅ​វៀតណាម និង​​​កម្ពុជា។ លោកបន្តថា ជួនកាលខ្មែរ​ក្រោម​នៅ​កម្ពុជា ដែលងើបឡើងតវ៉ាទាមទារ​សិទ្ធិ​ឲ្យ​ខ្មែរ​ក្រោម​នៅ​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល​​កម្ពុជា​​មិន​​ពេញ​​ចិត្ត ហើយ​ព្យាយាម​ធ្វើ​ទុក្ខ​បុក​ម្នេញ។

របាយការណ៍អង្គការសិទ្ធិមនុស្សបីអង្គការរួមមានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង​​​អភិវឌ្ឍន៍​​​ផ្សាយ​​​កាល​​​ពី​​​ដើម​​ឆ្នាំ២០១៧ ឲ្យ​​ដឹង​​ថា ទោះ​បី​ជា​រដ្ឋាភិបាល​​ប្រកាស​​ថា ខ្មែរ​​ក្រោម​​ជា​​ពលរដ្ឋ​​ខ្មែរ​​ក៏​​ដោយ ប៉ុន្តែ​​ច្បាប់​​ជាតិ​​មិន​​ទាន់​​ផ្តល់​​យន្តការ​ច្បាស់លាស់​​ផ្នែក​​ច្បាប់​ឲ្យខ្មែរក្រោម​ទទួល​បាន​សិទ្ធិ​នេះ​នៅ​ឡើយ​ទេ។ បញ្ហានេះ ខ្មែរក្រោម​មក​ពី​ទឹក​​ដី​​កម្ពុជា​​ក្រោម​​លំបាក​ទទួល​បាន​​អត្តសញ្ញាណប័ណ្ណ ដើម្បី​​​ប្រើប្រាស់។ ប្រសិន​​បើ​​គ្មាន​​អត្តសញ្ញាណប័ណ្ណ​ពួក​គេ​មិន​អាច​ទិញ​ដី ផ្ទះ ទទួល​​បាន​​សេវា​អប់រំ និង​​សិទ្ធិ​បោះ​ឆ្នោត​ជា​ដើម។ របាយការណ៍បង្ហាញទៀតថា ខ្មែរក្រោមនៅទឹកដី​ខ្មែរ​ក្រោម ដែល​​វៀតណាម​កំពុង​ត្រួតត្រា​នោះ កំពុងរងការធ្វើទុក្ខ​បុក​ម្នេញ​ដែរ។ ប្រសិន​បើ​ពួក​គេ​តវ៉ា​​រឿង​ដីធ្លី ជំនឿ​សាសនា និងសិទ្ធិនយោបាយ នឹងត្រូវ​អាជ្ញាធរ​វៀតណាម​​បង្ក្រាប​​យ៉ាង​ហិង្សា។ ចំពោះ​​ព្រះសង្ឃ​ក៏​​ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ និង​​ចាប់​​ផ្សឹក​​ដែរ។ របាយការណ៍​​បន្ថែម​​ទៀត​​ថា ដោយ​​ឡែក​​ខ្មែរ​​ក្រោម​​នៅ​​កម្ពុជា​​វិញ នៅ​តាម​មូលដ្ឋាន​ខ្មែរ​ក្រោម​ជួការអើសអើស ដោយសារតែពលរដ្ឋខ្មែរ​យល់​ថា ខ្មែរ​​ក្រោម​ជា​ជនជាតិ​វៀតណាម។ ចំណែករដ្ឋាភិបាលវិញ នៅតែមាន​គំនាបលើ​ខ្មែរ​ក្រោម​​មិន​​ឲ្យ​​ធ្វើ​​សកម្មភាព​​​ប៉ះ​ពាល់​​ដល់​​ទំនាក់ទំនង​ខ្មែរ និង​វៀតណាម​ឡើយ។  ការ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​របស់រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជាបន្តបន្ទាប់​ក្រោយ​​​ខ្មែរ​​ក្រោម និង​​​ព្រះ​សង្ឃ​​​ងើប​​​ឡើង​​តវ៉ា​ប្រឆាំង​នឹង​ទូតវៀតណាម កាលពីឆ្នាំ២០១៤ រឿង​​បន្លំ​​ប្រវត្តិសាស្រ្ត​​ទឹក​​ដី​​ខ្មែរ​​ក្រោម។ អតីត​​ព្រះសង្ឃ លោក សឺន ហៃ ដែល​​​ដឹក​​​នាំ​​​តវ៉ា​​​នោះ ​ត្រូវ​​បាន​​​ចាប់​​ខ្លួន​​ដាក់​ពន្ធនាគារ​​រយៈ​​ពេល ៥ខែ។ លោក​​ត្រូវ​​បាន​ដោះ​​​លែង​​​បន្ទាប់​​ពី​​លោក​​សន្យា​​ឈប់​​ធ្វើ​​សកម្មភាព​​នយោបាយ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​ខ្មែរ​ក្រោម​នៅ​វៀតណាម និង​កម្ពុជា​នេះ មន្រ្តី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា ករណីរំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អន្តារគមន៍​នោះ​ទេ៖ «ជា​ផ្លូវ​ការ ខ្មែរ​ក្រោម​ឋិត​ក្នុង​អធិបតេយ្យភាព​របស់​វៀតណាម។ គ្រាន់​តែ​ជា​ពូជពង្ស​របស់​យើង​តាំង​ពី​ដើម ដូចជា ខ្មែរសុរិន ប៉ុន្តែផ្លូវច្បាប់​យើង​មិន​អាច​រំលាភ​អធិបតេយ្យភាព​របស់​ថៃ​របស់​ខ្មែរ​ទេ»

អាស៊ីសេរីទាក់ទងមន្រ្តីទូតវៀតណាមជុំវិញការ រំលោភសិទ្ធិមនុស្សនៅវៀតណាម ប៉ុន្តែ​មន្រ្តី​ទូត​មិន​​ឆ្លើយ​​តប​​នឹង​​សំណួរ​​របស់​អាស៊ីសេរីនោះទេ។ ចំណែកមន្រ្តីអង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​បាងកក ក៏នៅមិនទាន់​ឆ្លើយ​តប​នឹង​សំណួរ​អាស៊ី​សេរី​ជុំវិញ ការ​ពន្យារ​ពេលនីតិវិធី​ផ្តល់​សិទ្ធិ​ជ្រក​កោន​របស់​ខ្មែរ​កម្ពុជា​ក្រោម។

ដោយសារតែផលលំបាក់របស់ខ្មែរក្រោមនៅវៀតណាម និងកម្ពុជា ដើម្បីជៀសវាងខ្មែរ​ក្រោម​ទៅ​​ស្វែង​​រក​​សិទ្ធិ​​រស់​​នៅ​ប្រទេស​​ទី៣​ សហគមខ្មែរក្រោមស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​​អន្តរជាតិ ដើម្បី​ធានាថា គ្មានជនណាម្នាក់ ត្រូវ​បាន​រារាំង​ពី​ការ​ទទួលបានសិទ្ធិមនុស្ស ដោយសារតែ​សញ្ជាតិ ជាតិសាសន៍ ត្រូវចេញ​លិខិត​បទដ្ឋាន​​បញ្ជាក់​​ថា ប្រសិន​​​បើ​​បុគ្គល​​ណា​​ម្នាក់ ដែល​មាន​កំណើត​ជា​ខ្មែរ​ក្រោម អាច​បង្ហាញ​សញ្ជាតិ​ខ្មែរ​តាម​រយៈជាតិពន្ធ ឬឪពុកម្តាយជាខ្មែរក្រោម អាចមាន​សិទ្ធិ​ទទួល​បាន​ឯកសាបញ្ជាក់អត្តសញ្ញាណ។ សហគមខ្មែរ​ក្រោម​ក៏ស្នើឲ្យ​អាជ្ញាធរ​​ថ្នាក់​ក្រោម​​ជាតិ​​ទាំង​​ឡាយ​​យល់​ដឹង​អំពី​សិទ្ធិ​នានា របស់​ខ្មែរ​ក្រោម និងនីតិវធីដែលពួកគេអាចទទួលបានឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​បង្កើត និង​ផ្សព្ធផ្សាយ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​នៅ​ថ្នាក់​ជាតិ៕ RFA