ខ្មែរក្រោម​នៅ​អាមេរិក​បាតុកម្ម​ទាមទារ​ឲ្យ ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋ​ខ្មែរក្រោម នៅ​អាមេរិក​បានធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ច័ន្ទ ទី ១៥ ខែកុម្ភៈ ម្សិលមិញ នេះ ប្រឆាំងនឹង រដ្ឋាភិបាល​វៀតណាម ក្នុងខណៈដែល​មេដឹកនាំ​របស់គេ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​មានការ​គោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ។ ក្រុមបាតុករ​ខ្មែរក្រោម​បាន​លើក​ទង់ជាតិ​របស់ខ្លួន​ចម្រុះ​ជាមួយនឹង​ទង់ជាតិ លាវ និង​យួន​សេរី​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ទង់ជាតិ​ខ្មែរ និង​ទង់​ទង់​ប្រទេស​មួយចំនួន ទៀត​ដែល​ក្រុមបាតុករ​ទៅ​ចូលរួម​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ផ្លាស់ប្ដូរ​នៅ​ប្រទេស​របស់​ពួកគេ ។​

ពលរដ្ឋខ្មែរក្រោមធ្វើបាតុកម្មជាមួយ នឹងជនជាតិផ្សេងៗ នៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៦ នៅរមនីយដ្ឋាន Sunnylands ។ រូបថត៖ Facebook
ពលរដ្ឋខ្មែរក្រោមធ្វើបាតុកម្មជាមួយ នឹងជនជាតិផ្សេងៗ នៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៦ នៅរមនីយដ្ឋាន Sunnylands ។ រូបថត៖ Facebook

​បាតុកម្ម​នេះ​រៀបចំ​នៅ​ពីមុខ​រមនីយដ្ឋាន​លំហែកាយ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជាទី​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ទាំង ១០​នៅក្នុង​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ។​

​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​រមនីយដ្ឋាន Sunnylands ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ពីថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តោតជាសំខាន់​លើ​បញ្ហា​ពាណិជ្ជកម្ម សមុទ្រ​ចិន​ខាងត្បូង និង​ការប្រឆាំង​ភេរវកម្ម ។​
​នៅមុន​កិច្ចប្រជុំ​ចាប់ផ្តើម ក្រុម​អង្គការសិទ្ធិមនុស្ស ក៏ដូចជា​អ្នកតំណាងរាស្ត្រ​អាស៊ាន​មួយចំនួន​បាន​ទទូច​ឱ្យ​សហរដ្ឋអាមេរិក លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​ជាមួយនឹង​មេដឹកនាំ​អាស៊ាន​ទាំងនោះ ផងដែរ ។​

​ខណៈដែល​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើបាតុកម្ម​នោះ ក៏មាន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្រុម​ជនជាតិ​ថៃ លាវ និង​ជនជាតិ​យួន បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​មេដឹកនាំ​របស់ខ្លួន​ផងដែរ ។ ពួកគេ​តវ៉ា​ប្រឆាំង និង​ការរំលោភ​សិទ្ធិមនុស្ស ។ ជាមួយគ្នា​នោះ ក៏មាន​អ្នក​តវ៉ា​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​រដ្ឋបាល លោក អូ​បា​ម៉ា កំពុង​ជំរុញ ។​

​រដ្ឋាភិបាល​វៀតណាម ត្រូវ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា ធ្វើ​សេច ក្ដី​រាយការណ៍​ជា​បន្តបន្ទាប់​ថា មានការ​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ទម្ងន់ ។ សព្វថ្ងៃ ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​នៅ​ខេត្ត​ឃ្លាំង គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន កំពុងតែ​ជាប់ពន្ធនាគារ​នៅឡើយ បន្ទាប់ពី​អាជ្ញាធរ​យួន​បាន​ចាប់​ផ្សឹក​នឹងដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ ២០១៣ មក ៕