ដោយ ទីន ហ្សាការីយ៉ា l RFA

លើកបង្ហាញលិខិតឆ្លងដែនរបស់លោកដល់
អ្នកកាសែត នៅក្នុងសន្និសីទកាសែតកាលពី
ថ្ងៃទី២១ មេសា ឆ្នាំ២០១៣ ។ RFA
សមាគមខ្មែរកម្ពុជាក្រោម គ្រោងដាក់លិខិតទៅអង្គការ សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ពិសេសដាក់ទៅ ការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីឲ្យជួយដោះស្រាយបញ្ហា រំលោភសិទ្ធិដើរហើររបស់បងប្អូនខ្មែរក្រោម ដែលកំពុង រងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាម ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលមានតីតាំងនៅស្រុកខ្មែរ បានបញ្ចេញរបាយការណ៍ មួយបង្ហាញថា មានប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជាង ៣០នាក់ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន និង រារាំងមិនឲ្យចូលទៅលេងនៅស្រុកកំណើតនៅទឹកដី កម្ពុជាក្រោម គិតពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០១៣។
ការបញ្ចេញរបាយការណ៍នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ មេសា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទនោះ ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន ដែលត្រូវវៀតណាម ហាមមិនឲ្យចូលទៅលេងស្រុកកំណើតពេលបុណ្យចូលឆ្នាំខ្មែរដែរនោះ មានប្រសាសន៍ថា លោកដាក់ពាក្យបណ្ដឹងស្ដីពីការអាជ្ញាធរវៀតណាម មានការរើសអើង និងរំលោភសិទ្ធិដើរហើររបស់លោកទៅសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដើម្បីឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិខ្មែរក្រោមឥតឈប់ឈរនេះ។
លោកបានរំលឹកថា កាលពីថ្ងៃទី១២ មេសា នៅមុនពេលចូលឆ្នាំខ្មែរ លោកនិងប្រពន្ធកូនបាននាំគ្នាទៅលេងស្រុកកំណើតនៅទឹកដីខ្មែរកម្ពុជាក្រោម ប៉ុន្តែអាជ្ញាធរវៀតណាម នៅច្រកព្រំដែនទិនបៀង (Tinh Bien) បានចាប់លោក និងប្រពន្ធកូនរបស់លោកឃុំខ្លួនចំនួន ៤៨ម៉ោង រួចបានបញ្ជូនក្រុមគ្រូសារលោកឲ្យវិលមកកម្ពុជាវិញ ដោយគ្មានមូលហេតុ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ មានប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជាច្រើនអង្គទៀត ដែលធ្លាប់បានអាជ្ញាធរវៀតណាម ចាប់ខ្លួន និងបដិសេធមិនឲ្យចូលទៅប្រទេសវៀតណាម ដោយគេបានលើកពីការធ្វើទុក្ខបុកម្នេញចំពោះព្រះចៅអធិការវត្តមួយចំនួនដែលអាជ្ញាធរវៀតណាម ចង់ចាប់ផ្សឹក រួមមាន ព្រះតេជព្រះគុណ លី ចិន្ដា និងព្រះសង្ឃមួយចំនួនទៀត។ ក្រៅពីនេះ គឺអាជ្ញាធរវៀតណាម បានបង្ខំឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនឲ្យធ្វើគិញសម្ងាត់ស៊ើបអង្កេតឲ្យវៀតណាម ជាដើម។
ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា និងជាអនុប្រធានសមាគមព្រះសង្ឃខ្មែរក្រោម មានថេរដីកាថា កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៣ ព្រះអង្គបាននិមន្តទៅលេងស្រុកកំណើតរបស់ខ្លួននៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខញាតិញោមនៅទីនោះ។ ព្រះតេជព្រះគុណបញ្ជាក់ថា អាជ្ញាធរវៀតណាម បានដកយកលិខិតឆ្លងដែននៅព្រំដែន ហើយព្រះអង្គធ្វើការតវ៉ាខ្លាំងទើបអាជ្ញាធរប្រគល់លិខិតឆ្លងដែនឲ្យវិញ។ នៅពេលព្រះអង្គនិមន្តទៅដល់ស្រុកកំណើតមួយថ្ងៃ សមត្ថកិច្ចវៀតណាម ប្រមាណ ១០នាក់ បានមកនិមន្តព្រះអង្គឲ្យទៅជួបនៅផ្ទះរបស់មន្ត្រីវៀតណាម ដែលស្ថិតឃុំហ្វាដុង ខែត្រឃ្លាំង។ អាជ្ញាធរវៀតណាម បង្ខំឲ្យព្រះតេជព្រះគុណឆ្លើយប្រាប់អំពីសកម្មភាពរបស់អង្គការ សមាគមនៅកម្ពុជា បានធ្វើអ្វីខ្លះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែមេសា។
បន្ថែមពីលើនេះទៀត អង្គការសមាគមខ្មែរក្រោមបានអំពាវនាវដល់អាជ្ញាធរវៀតណាម ត្រូវតែបញ្ឈប់សកម្មភាពគំរាមកំហែងដល់ខ្មែរក្រោមជាបន្ទាន់។ អាជ្ញាធរវៀតណាម ត្រូវតែទទួលស្គាល់ខ្មែរក្រោមថាជាជនជាតិដើម និងត្រូវបញ្ឈប់ការនាំខ្លួន ឬការចាប់ខ្លួនខ្មែរក្រោមយកទៅសួរចម្លើយនៅប៉ុស្តិ៍នគរបាល នៅពេលពួកគាត់ចេញចូលមកកម្ពុជាម្ដងៗ និងត្រូវតែបញ្ឈប់ការរឹតត្បិតសេរីភាពដើរហើររបស់ខ្មែរក្រោមឲ្យស្របទៅតាមសេចក្ដីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម។
សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនេះ ជនជាតិដើមមានសិទ្ធិសេរីភាពពេញលេញដូចប្រជាពលរដ្ឋទូទៅ ព្រមទាំងមានសិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាពក្នុងការអនុវត្តសិទ្ធិជាពិសេស ដោយផ្អែកលើមូលដ្ឋាននៃដើមកំណើត ឬអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើម ៕