ដោយ ស៊ឺន ចែងចើន
ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា ពលរដ្ឋខ្មែរ ដែលមានដើមកំណើត នៅឯដែនដីកម្ពុជាក្រោម ពេលមកដល់ប្រទេសកម្ពុជា គឺជាប្រជាពលរដ្ឋខ្មែរក្តី តែក្នុងស្ថានភាពជាក់ស្តែងច្បាប់ជាតិ ពុំបានចែងពីបែបបទផ្នែករដ្ឋបាល ឬផ្លូវច្បាប់ឲ្យបានជាក់លាក់ ដើម្បីឲ្យខ្មែរក្រោមអាចទទួលបានសិទ្ធិនេះ នៅឡើយទេ ។ ស្របពេលដែលលក្ខខណ្ឌតម្រូវតឹងរឹង សម្រាប់បុគ្គលម្នាក់ៗ ខ្មែរក្រោមជាច្រើនពុំអាចទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និងទទួលបានសិទ្ធិផ្សេងៗ ដែលបុគ្គលម្នាក់គួរទទួលបានក្នុងនាមជាពលរដ្ឋនោះទេ ។

នៅពេលថ្មីៗ នេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា បានធ្វើកិច្ចអន្តរាគមន៍ទៅអាជ្ញាធរខេត្តមួយចំនួន រឿងមិនផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ និងការមិនទទួលបាននូវសិទ្ធិផ្សេងៗ ក្នុងនាមជាពលរដ្ឋនោះខ្មែរ ដូចបានចែងនៅក្នុងច្បាប់ ដែលបានធានាថា ខ្មែរក្រោមនៅកម្ពុជា អាចទទួលបានសិទ្ធិជាពលរដ្ឋដូច ខ្មែរនៅកម្ពុជា ។

អគ្គលេខាធិការនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភវឌ្ឍន៍ លោក សឺន ជុំជួន នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ឲ្យដឹងថា កាលពីថ្ងៃទី ៤ មករា ២០១៩ កន្លងទៅនេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចូលជួបជាមួយអភិបាលរងខេត្តសៀមរាប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍មួយចំនួន ពាក់ព័ន្ធ នឹងសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ដែលពុំមានអត្តសញ្ញាណប័ណ្ណបន្តប្រឈម នឹងផលលំបាកនានា ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា រួមមានការរើសអើង កង្វះលំនៅដ្ឋាន និងកង្វះការទទួលស្គាល់ ពីអាជ្ញាធរមួយចំនួន ។
ជាលទ្ធផលនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តសៀមរាបនោះ លោក សឺន ជុំជួន ឲ្យដឹងថា លោកស្រី យូ សោភា អភិបាលរងខេត្តសៀមរាប បានជម្រាបមកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភវឌ្ឍន៍ ថា នឹងណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ឲ្យពិនិត្យមើលលទ្ធភាពក្នុងការផ្ដល់លិខិតស្នាមស្របច្បាប់ ជូនប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅតាមូលដ្ឋានរបស់ខ្លួន ។ ដោយលោកស្រីបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោម ត្រូវបង្ហាញឯកសារពាក់ព័ន្ធមួយចំនួន ដែលបញ្ជាក់ថា ជាឯកសារស្របច្បាប់ នៅដែនដីកម្ពុជាក្រោម ដើម្បីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ដឹងច្បាស់ថា នរណាជាខ្មែរក្រោម នរណាជាជនជាតិវៀតណាម និងដើម្បីជាការងាយស្រួលក្នុងការបញ្ជាក់លិខិតស្នាម ឬទទួលស្គាល់ជាខ្មែរក្រោមពេញសិទ្ធិស្របតាមលក្ខណៈច្បាប់ ។
នៅពេលសួរថា ភាគច្រើននៃពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា អ្នកខ្លះរស់នៅជាង ១០ ឆ្នាំ និងខ្លះទៀតជិត ២០ ឆ្នាំមកហើយក្តី ។ ក៏ប៉ុន្តែ ហេតុអ្វីពួកគាត់នៅតែប្រឈម នឹងបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ លោក សឺន ជុំជួន បានលើកឡើងយ៉ាងនេះថា ៖
គួរជម្រាបជូនថា ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះនរោត្ដម សីហនុ ចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៦ ថា នៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រះអង្គ និងរាជរដ្ឋាភិបាលសម័យនោះ បានផ្ដល់ជូនជនរួមជាតិខ្មែរ ដែលមានដើមកំណើត នៅកម្ពុជាក្រោម ឲ្យទទួលបានយ៉ាងពេញចិត្តពេញថ្លើមនូវរាល់សិទ្ធិ ដែលជនរួមជាតិ នៅព្រះរាជាណាចក្រកម្ពុជា ឬកម្ពុជាលើ ទទួលអំពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ព្រះអង្គគាំទ្រសំណើទាមទារសិទ្ធិមួយចំនួនរបស់ជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ដែលលោកពុំទាន់បានទទួលមានជាអាទិ៍ សិទ្ធិទទួលអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ការចុះបញ្ជីសៀវភៅអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន ។ល។
អង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១ លាននាក់ ។
ជារឿយៗ ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងស្វេងរកឱកាសជួបពិភាក្សាផ្ទាល់ជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់ សម្រាប់ឋានៈជាពលរដ្ឋដើមកំណើតខ្មែរក្រោម ៕