ការត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​

ដោយ យន់ សាមៀន I RFA

​ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​សប្ដាហ៍​នេះ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​កា​រ​ត្រួតត្រា​របស់​វៀតណាម ក៏​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​ទេវតា​ថ្មី និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដែរ ។ ពលរដ្ឋ​ខ្មែរក្រោម​អះអាងថា ក្ដី​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ឆ្នាំ​ថ្មី គឺ​ពួកគេ​ចង់បាន​សិទ្ធិ​ពេញលេញ​ជា​ជនជាតិដើម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ។​

ទិដ្ឋភាព​​នៃ​ការ​រៀបចំ​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី នៅ​ភ្នំ​ខ្សាច់​វត្ត​មេ​រង​ថ្មី ឃុំ​ដើម​ជ្រៃ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ ។ រូប៖ ហ្វេសប៊ុក រំដួល​ព្រះត្រពាំង ខ្មែរក្រោម
ទិដ្ឋភាព​​នៃ​ការ​រៀបចំ​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី នៅ​ភ្នំ​ខ្សាច់​វត្ត​មេ​រង​ថ្មី ឃុំ​ដើម​ជ្រៃ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ ។ រូប៖ ហ្វេសប៊ុក រំដួល​ព្រះត្រពាំង ខ្មែរក្រោម

​មិន​ខុសគ្នា​ទៅ នឹង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ទេ ថ្វីត្បិតតែ​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រង​ការគាបសង្កត់​ផ្នែក​សិទ្ធិមនុស្ស និង​សាសនា​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរក្រោម​ខំប្រឹងប្រែង​ថៃ​រក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​មិនឱ្យ​បាត់បង់​នោះទេ ។ ខ្មែរ​កម្ពុជា​ក្រោម​បានរៀបចំ​វត្ត ផ្ទះសម្បែង និង​រៀបចំខ្លួន ដើម្បី​ទទួល​ទេវតា​ថ្មី និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំកុរ ឆ្នាំ ២០១៩ ដែល​នឹង​ចូលមក​ដល់ ចាប់ពី​ថ្ងៃអាទិត្យ ១០ កើត ដល់​ថ្ងៃ​អង្គារ ១២ កើត ដែល​ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ មេសា ។​

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ជា​ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី​នៅ​ទីក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ថេរ​ដីកា​ថា ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី នៅ​លើក​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដូច​ទៅ នឹង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ដែរ ទោះបី​ពួកគេ​ឋិត​នៅក្រោម​ការតាមដាន​រប​ស់​រដ្ឋាភិបាល​វៀតណាម​គ្រប់​ជំហាន​ក៏ដោយ ។​

​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន​បាន​ប្រាប់​អាស៊ីសេរី​ថា ក្ដី​ប្រាថ្នា​សម្រាប់​ឆ្នាំ​ថ្មី​របស់​ពួកគេ គឺ​សិទ្ធិសេរីភាព មិនមែន​មាសប្រាក់​លុយ​កាត់​ឡើយ ។ ពួកគេ​ថា ថ្មី​ត្បិតតែ​វៀតណាម​មិន​ហាមឃាត់​ខ្មែរក្រោម​មិនឱ្យ​បារម្ភ​ពិធី​ចូលឆ្នាំថ្មី​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ក៏​មិន​ជួយ​សម្រួល​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដើម្បីឱ្យ​ពួកគេ​មានឱកាស​ចូល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឱ្យបាន​ពេល​លេញ​ដែរ ។ វៀតណាម​មិនបាន​ផ្ដល់ឱកាស​ឈប់សម្រាក​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ទេ ។ ចំណែកឯ​សាលារៀន​ដែល​មានកូន​ខ្មែរ​ចូលរៀន ក៏​មិន​ឈប់សម្រាក​ដែរ ។​

​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុ​វត្ថ​ភាព​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ត្រៀមខ្លួន និង​បាន​ជួយ​រៀបចំ​ទី​វត្ត​អារាម និង​បង្កើត​កម្មវិធី​កម្សាន្ត​ល្បែង​ប្រជាប្រិយ សិល្បៈ​ច្រៀង​កំដរ​ដើម្បី​ទទួល​ទេវតា​ថ្មី ។ ក្រៅ​តែ​ចូលរួម​រៀបចំ​វត្ត លោក​ក៏បាន​សំអាតផ្ទះ​សម្បែង​ទទួល​ឆ្នាំ​ថ្មី​ដែរ ។ ទោះបីជា​យ៉ាងណាក្ដី លោក​សោកស្ដាយ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត ដែល​ធ្វើ​ការងារ​នៅ​ទី​ឆ្ងាយ​មិនបាន​ចូលរួម​ពិធី​ចូលឆ្នាំ​នឹង​គេ​៖ «​អ្វីដែល​មិន​សប្បាយ​នោះ គឺ​យើង​នឹក​ឃើញថា បងប្អូន​ដែល​មិន​បានមក​ស្រុក​វិញ ដែល​ជាប់​ធ្វើ​ការងារ​នៅ​នៅ​ក្រុមហ៊ុន​នៅ​ព្រៃនគរ​មិនបាន​ចូលរួម​ជាមួយ​យើង​។ ហេតុ​អី​គេ​មិនឱ្យ​យើង​មក​សម្រាក​មួយថ្ងៃ​ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ​?» ។​

​លោក​បន្ត​លោក​សូម​ឧទ្ទិស​កុសលផល​បុណ្យ ដែល​លោក​បាន​កសាង​ទាំង​ប៉ុន្មាន​កន្លង​មកឱ្យ​ខ្មែរ​កម្ពុជា​ក្រោម ទទួលបាន​សិទ្ធិ​សេរី​ពេល​ទី​ជា​ជនជាតិ​ដើមកំណើត​៖ «​ខ្លួន​ខ្ញុំ​គ្មាន​ប្រាថ្នា​អ្វី​ច្រើន​នោះទេ​មានតែ​សូម​សេរីភាព​ឱ្យ​បងប្អូន​យើង​ទាំងអស់​» ។​

​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ទៀត​រស់នៅ​ខេត្ត​ឃ្លាំង ប្រាប់​អាស៊ីសេរី​ថា លោក​បានរៀបចំ​កម្ម​វី​ធី​សប្បាយៗ ជាច្រើន ដើម្បី​លេង​កម្សាន្ត​ក្នុងឱកាស​ចូលឆ្នាំថ្មី ។ លោក​បន្តថា សម្រាប់​ខេត្ត​ឃ្លាំង ខ្មែរ​កម្ពុជា​ក្រោម​បាន​លេងល្បែង​ប្លែក​ពី​នៅ​កម្ពុជា​៖ «​នៅក្នុង​វត្ត​ដើម្បី​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ចូលមក​ថែរក្សា​នៅ​ឆ្នាំកុរ​ហ្នឹង យើង​នឹងមាន​កម្មវិធី​ពួន​ភ្នំខ្សាច់ ដើម្បី​បាន​បុណ្យ​កុសល​ជូន​ឪពុកម្ដាយ​គេ​» ។​

​លោក​សង្ឃឹមថា ទេវតា​ឆ្នាំ​ថ្មី​ដែល​មក​ផ្លាស់​ទេវតា​ឆ្នាំ​ចាស់ នឹង​នាំមក​សេរីភាព​ជូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​បែប​វេទនា គ្មាន​សិទ្ធិសេរីភាព​សម្រេច​វាស​នា​ខ្លួនឯង​៖ «​អ្វីដែល​ខ្ញុំ​ចង់បាន​ធំ​បំផុត​នោះ គឺ​សូម​ប្រាថ្នា​សូម​លោក​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅ​ក្រោម​អាណានិគម​របស់​យួន សូមឱ្យ​ពួកគាត់​មាន​សិទ្ធិសេរីភាព​»​។​

​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់ និង​គ្មាន​ការយល់ព្រម​ពី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​កាលពី​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ មាន​រយៈពេល ៧០​ឆ្នាំ​ហើយ​។ នាយករដ្ឋមន្ត្រី​វៀតណាម លោក (Nguyen Xuan Phuc) កាលពី​ថ្ងៃ​ពី​ដើមខែ​មេសា បានចេញ​លិខិត​មួយ​ជូនពរ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម ប៉ុន្តែ​លោក​មិនបាន​ទទួលស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើមកំណើត​នោះ​។ លោក​ចាត់ទុក​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិភាគតិច​រស់នៅ​លើ​ទឹកដី​វៀតណាម​ទៅវិញ​។ ក្នុង​លិខិត​ដដែល​នោះ លោក ហ្វៀ​ង ស៊ិន​ផុ​ក (Nguyen Xuan Phuc) បានស្នើ​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​អនុវត្ត​បំណង​របស់​អតីត​មេដឹកនាំ​វៀតណាម​លោក ហូ ជី​មិញ (HoChi Minh) ដើម្បីឱ្យ​វៀតណាម​រីកចម្រើន​ទៅមុខ ប៉ុន្តែ​លោក​មិនបាន​អនុញ្ញាតឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឈប់សម្រាក​នោះទេ​។​

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី​មាន​សង្ឃដីកា​ថា​លិខិត​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​មិនបាន​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ប៉ុន្តែ​លិខិត​គ្រាន់​ការ​លួងលោម​ចិត្ត​ខ្មែរ​កម្ពុជា​ក្រោម​តែប៉ុណ្ណោះ​៖ «​យើង​ចង់បាន​ក្នុងឱកាស​បុណ្យ​ប្រពៃណីជាតិ​របស់ខ្លួន​យើង​បាន​ឈប់សម្រាក​ដើម្បី​បាន​កម្មករ ឬ​អ្នក​ទៅធ្វើ​ការងារ​នៅ​ទីក្រុង​មក​ស្រុក​ជួបជុំគ្នា​ទៅ​វត្ត ឬ​ជួបជុំ​ឪពុកម្ដាយ​។ អាត្មាភាព​នៅតែ​ទទូច ចង់បាន​ថា​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​រដ្ឋអំណាច​យួន ត្រូវតែ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ឈប់សម្រាក​»​។​

​ព្រះអង្គ​បន្តថា​សហព័ន្ធ​នៅតែ​បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាតឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឈប់សម្រាក​ក្នុង​ពិធី​ចូលឆ្នាំថ្មី​ដើម្បី​ជួបជុំ​បងប្អូន​។ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ឱ្យដឹងទៀតថា តាម​ស្ថិតិ​របស់​សហព័ន្ធ​នៅ​កម្ពុជា​ក្រោម​មាន​វត្ត ៤៦១ វត្ត មាន​ព្រះសង្ឃ​ជាង​ប្រាំបួន​ពាន់​អង្គ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ប្រមាណ​ជាង ៧ លាន​នាក់ ។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិដើម និង​មាន​សិទ្ធិ​ស្វ័យ​សម្រេចចិត្ត​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​ថ្ងៃ​បាត់បង់​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​រយៈពេល​ឆ្នាំ ៧០ ឆ្នាំ​នៅក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទី​ក្រុងឡាអេ (La Hague) ប្រទេស ហូ​ឡង់ នៅ​ថ្ងៃ​សៅរ៍​ទី ១ មិថុនា​ខាងមុខនេះ ៕​