​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​នឹករលឹក​ស្រុកកំណើត​ ​ខណៈ​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ​

ដោយ គឹម សាវតា

​ខណៈ​ដែល​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​កាន់តែ​ជិត​ចូល​មកដល់​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​បង្ហាញ​អារម្មណ៍​នឹករលឹក​ស្រុកកំណើត​ ​តែ​មិន​អាច​ទៅ​បាន​ ​និង​ស្រ​ម៉ៃ​ដល់​ការ​ជួបជុំគ្នា​ជាមួយ​ញាតិសន្ដាន​ ​ក្នុង​ឱកាស​បុណ្យ​ដ៏​សំខាន់​មួយ​នេះ​ ​។​ ​មូលហេតុ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ ​មិន​អាច​ត្រឡប់ទៅ​ស្រុកកំណើត​បាន​ ​ពួកគាត់​អះអាង​ថា​ ​ដោយ​មូលហេតុ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បញ្ហា​ជីវភាព​ ​និង​ការគាបសង្កត់​សិទ្ធិ​ជាដើម​របស់​រដ្ឋាភិបាល​វៀតណាម​ ​។​ ​

ទិដ្ឋភាពប្រជាពលរដ្ឋ​ខ្មែរក្រោម ចូលរួមពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិ​ នាពេលកន្លងមក នៅវត្តព្រែកពិន្ទង ស្ថិតនៅស្រុកកំពង់ធំ ខេត្តឃ្លាំង (កម្ពុជាក្រោម) ។ រូបពី Internet

​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​ពុទ្ធសករាជ​ ​២​៥​៦​៥​ ​ឆ្លង​ចូល​ ​២​៥​៦​៦​ ​កាន់តែ​ខិត​ជិត​ចូល​មកដល់​ ​។​ ​បុណ្យចូលឆ្នាំ​ថ្មី​ប្រណី​ជាតិខ្មែរ​ ​គឺជា​ពិធីបុណ្យ​ធំ​ជាងគេ​ ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ​ដែល​តែងតែ​ប្រារព្ធ​ឡើង​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​៣​ ​កើត​ដល់​ថ្ងៃ​ទី​ ​១​៥​ ​កើត​ខែចេត្រ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ផង​ដែរ​ ​។​ ​លោក​ ​គឹម​ ​សាន់​ ​អ្នក​លក់​មី​ឆា​មួយ​រូប​ ​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ស្រុកកំណើត​នៅ​ក្នុងស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​ប្រាប់​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​រាល់​ពេល​មានបុណ្យ​ទាន​សំខាន់​ៗ​ ​ដូចជា​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​បុណ្យភ្ជុំបិណ្ឌ​ជាដើម​ ​ប៉ុន្ដែ​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​លោក​មិនបាន​ទៅ​ទេ​ ​ព្រោះ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​វាយលុក​ទាំង​នៅ​កម្ពុជា​ ​និង​នៅ​ដែល​ដី​កម្ពុជាក្រោម​ ​ណាមួយ​ប្រសិនបើ​លោក​ទៅ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទាំង​បែបបទ​ឆ្លង​ដែន​ ​និង​ថ្លៃ​ចំណាយ​ផ្សេង​ ​។​ ​លោក​បន្ត​ថា​ ​លោក​ពិតជា​នឹករលឹក​ស្រុកកំណើត​ ​នៅ​ពេល​មានបុណ្យ​ ​ចូលឆ្នាំ​ខ្មែរ​មកដល់​ ​នៅ​ពេល​ខាងមុខនេះ​ ​ប៉ុន្តែ​ ​មិន​អាច​ទៅលេង​ស្រុកកំណើត​បាន​ ​។​

​លោក​ ​គឹម​ ​សាន់​ ​«​នៅ​កម្ពុជាក្រោម​សប្បាយ​ជាង​ ​យើង​ទៅ​វត្ត​ទៅ​វា​ធ្វើបុណ្យ​ធ្វើទាន​អីចឹង​ទៅណា​ ​យើង​ប​ង្សុ​ល​ ​ឧទ្ទិស​ដល់​ជី​ដូច​ជីតា​យើង​ទៅ​ ​។​ ​វត្ត​នៅ​ខាងក្រោម​ (​កម្ពុជាក្រោម​) ​ធំ​ទូលាយ​ ​ហើយ​គេ​ក្បាច់ក្បូរ​រចនា​បែបបទ​ស្អាត​ជាង​អី​ហ្នឹង​ (​កម្ពុជា​) ​ហើយ​ទំនៀមទម្លាប់​កាន់​បាន​ល្អណាស់​»​ ​។​

​ដូចគ្នា​នេះ​ដែរ​ ​អ្នកស្រី​ ​តែ​ ​សុខា​ ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ទៀត​ ​មកពី​ខេត្ត​បា​រា​ជ្ញ ​បានឲ្យ​ដឹង​ថា​ ​អ្នកស្រី​ពិតជា​នឹង​ស្រុកកំណើត​ ​និង​ចង់​ទៅលេង​ក្ន​ង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​ ​ជាពិសេស​ពេល​ឃើញ​បណ្ដាញ​សង្គម​ ​ដែល​ផ្សព្វផ្សាយ​ពី​ពិធីបុណ្យ​ ​ដែល​មានការ​ជួបជុំ​បែប​សប្បាយ​ៗ​ ​។​

អ្នកស្រី​ ​តែ​ ​សុខា​ ​«​​បើក​ព្រំដែន​អី​ ​ខ្ញុំ​ចង់​ទៅលេង​បាន​មួយដង​ពីរដង​ ​មួយ​សារ​ពីរ​សារ​ទៀត​ ​។​ ​សប្បាយ​ ​សប្បាយ​មែនទែន​ ​ជួបជុំ​បងប្អូន​ ​វា​រំភើប​តែម្ដង​ហ្នឹង​ ​មក​ភ្នំពេញ​ម្នាក់ឯង​ ​នៅ​កម្ពុជាក្រោម​ទាំង​អស់ហ្នឹង​»​ ​។​ ​បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​មិន​អាច​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ ​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ក្ដី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ក៏​អាច​ចូលរួម​ពិធីបុណ្យ​ធំបំផុត​ប្រចាំ​ឆ្នាំ​មួយ​នេះ​ ​នៅ​កម្ពុជា​ ​ព្រោះថា​ ​ទាំង​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ពលរដ្ឋ​ខ្មែរដើម​កំណើត​ ​នៅ​កម្ពុជា​ ​គឺ​មាន​ប្រពៃណី​ទំនៀមទម្លាប់​ដូចគ្នា​ ​ជាពិសេស​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​វត្ត​មួយ​ ​ដែលគេ​តែងតែ​ហៅថា​ជា​ ​វត្ត​ខ្មែរ​កម្ពុជាក្រោម​ ​នោះ​ ​គឺ​វត្ត​សាមគ្គី​រង្សី​ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ​ខណ្ឌ​មានជ័យ» ​ ​។​

​ព្រះតេជព្រះគុណ​ ​គង់​ ​រតនៈ​សារាយ​ ​ព្រះ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ​បាន​ប្រាប់​ ​សំឡេង​កម្ពុជា​ ​ថា​ ​មិនថា​នៅ​កម្ពុជា​ ​ឬ​កម្ពុជាក្រោម​នោះ​ទេ​ ​កម្មវិធី​បុណ្យ​បែប​ប្រពៃណី​ ​សាសនា​ផ្សេងៗ​ ​គឺ​ដូចគ្នា​ ​តែ​អ្វី​ដែល​ ​វត្ត​សា​គ្គី​រង្សី​ ​មាន​វត្ត​នេះ​ ​មាន​ព្រះសង្ឃ​ ​និង​ ​ពុទ្ធបរិស័ទ​ ​ដែល​មាន​ដើមកំណើត​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​វត្ត​សាមគ្គី​រង្សី​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ ​ថា​ ​ជា​វត្ត​ខ្មែរ​កម្ពុជាក្រោម​ ​ដូចនេះ​ ​ព្រះអង្គ​រួម​ជាមួយ​គណៈកម្មការ​រ​វត្ត​នឹង​រៀបចំ​ដូច​រាល់​ឆ្នាំ​ផង​ដែរ​ ​ដើម្បី​ចាំ​ទទួល​ពុទ្ធបរិស័ទ​ ​។​

​ព្រះតេជព្រះគុណ​ ​គង់​ ​រតនៈ​សារាយ​ ​«​សម្រាប់​វត្ត​សាមគ្គី​រង្សី​ ​ដូចជា​អត់មាន​អី​ខុសប្លែក​ជាង​រាល់​ឆ្នាំ​នោះ​ទេ​ ​អាត្មា​រួម​ជាមួយ​ព្រះសង្ឃ​ ​នៅ​ក្នុង​វត្ត​នឹង​រៀបចំ​ដូច​រាល់​ឆ្នាំ​ ​សម្រាប់​ទទួល​ញាតិញោម​ពុទ្ធបរិស័ទ​ ​ជាពិសេស​បងប្អូន​ខ្មែរក្រោម​យើង​ ​ដែល​មក​រស់នៅ​ ​នៅ​ដែនដី​កម្ពុជា​កណ្ដាល​នេះ​ ​។​ ​ពួកគាត់​ប្រហែល​ភាគច្រើន​ ​អត់​បាន​អញ្ជើញ​ទៅ​ស្រុក​ទេ​ ​ព្រោះ​ដោយសារតែ​ជាប់​គាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ហ្នឹង​វា​យូ​យា​ហើយ​»​ ​។​

ពលរដ្ឋខ្មែរក្រោម រាប់បាត្រព្រះសង្ឃ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នាពេលកន្លងមក​ ។ រូបពី Internet
ពលរដ្ឋខ្មែរក្រោម រាប់បាត្រព្រះសង្ឃ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នាពេលកន្លងមក​ ។ រូបពី Internet

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​នា​ពេល​ថ្មីៗ​ ​នេះ​ ​បាន​ប្រកាស​ថា​នឹង​រៀបចំ​កម្មវិធី​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឡើងវិញ​ដូចធម្មតា​ ​ដោយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​អាច​ទៅ​ក​ម្សាន្ត​នៅ​ទូទាំង​ប្រទេស​បាន​ ​បន្ទាប់ពី​ខកខាន​រយៈពេល​ ​២​ ​ឆ្នាំ​មក​ហើយ​ ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​ ​តែ​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ ​៣​ ​កុំ​ ​៣​ ​ការពារ​ ​។​ ​ដោយឡែក​ការធ្វើដំណើរ​ឆ្លង​ពី​កម្ពុជា​ទៅ​វៀតណាម​ ​និង​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​វិញ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​អះអាង​ថា​ ​នឹង​បើក​ដំណើរ​ធម្មតា​ ​នៅដើម​ខែ​មេសា​ខាងមុខ​ ​៕​