ដោយ យន់ សាមៀន | RFA Khmer
ខ្មែរកម្ពុជាក្រោម ទាំងអ្នករស់នៅលើកទឹកដីកំណើត និងប្រទេសមួយចំនួនទៀត បានតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេច និងសិទ្ធិចាំបាច់មួយចំនួនទៀត កាលពីឆ្នាំ ២០២២ ។ សម្រាប់ឆ្នាំ ២០២៣ ខាងមុខ ពួកគេបានប្ដេជ្ញាចិត្តនឹងបន្តការតស៊ូឲ្យខ្លាំងក្លា ដើម្បីទទួលបានសិទ្ធិជាជនជាតិដើមទៅថ្ងៃអនាគត ។

ព្រះសង្ឃ ពលរដ្ឋ និងយុវជនបានបន្តជម្នះការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត កាលពីឆ្នាំ ២០២២ ។ ពួកគេបានបន្តងើបឡើងប្រមូលផ្តុំគ្នាតស៊ូមតិ ទោះបីជាអាជ្ញាធរវៀតណាម បានប្រើប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង ហិង្សា និងចាប់ដាក់ពន្ធនាគារក្តី ។
ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ លើកឡើងថា ការតស៊ូមតិរបស់សហព័ន្ធ ពលរដ្ឋ និងព្រះសង្ឃ មិនខាតប្រយោជន៍នោះទេ ។ លោកថា សហព័ន្ធបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋខ្មែរក្រោមដឹងពីសិទ្ធិរបស់ជាជនជាតិដើម រហូតដល់ពួកគេហ៊ានទាមទារជាសាធារណៈឲ្យវៀតណាមគោរពសិទ្ធិ ដែលមានចែងក្នុងច្បាប់អន្តរជាតិ ។ លោក ប្រាក់ សេរីវុឌ្ឍ ថា ឆ្នាំ ២០២២ គឺឆ្នាំប្រវត្តិសាស្ត្រមួយ ដែលខ្មែរក្រោមអាចរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍សំខាន់ៗ ដើម្បីអបអរសាទរសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទោះបីវៀតណាមរារាំងក្តី ។
លោក ប្រាក់ សេរីវុឌ្ឍ៖ «ចលនារបស់យុវជនខ្មែរ នៅកម្ពុជាក្រោម ហ៊ានងើបបញ្ចេញមតិ ទោះបីមានការគាបសង្កត់ដោយ រដ្ឋាភិបាលវៀតណាមតាមរយៈអាជ្ញាធរនៅមូលដ្ឋានចាប់យកទៅសួរចម្លើយអី ។ ពួកគេនៅមិនព្រមស្ងប់ស្ងៀមតាមការដែលគេបង្ខំ» ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និងអ្នកជំនាញផ្សេងទៀត កាលពីខែតុលាកន្លងទៅ បានស្នើឲ្យ វៀតណាមបកស្រាយចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ។ ពួកគេកត់សំគាល់ថា វៀតណាមបរាជ័យទទួលស្គាល់សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ការរំលោភបំពាន សិទ្ធិសេរីផ្នែកបញ្ចេញមតិ ការចូលរួមប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការរំលោភបំពានសេរីភាពសាសនា ភាសា និងវប្បធម៌ ។ ព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនមានដូចជា ឃាត់ខ្លួនយុវជនខ្មែរក្រោម លោក យឿង ខាយ និង លោក ថាច់ កឿង ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ ពួកគេត្រូវបានវៀតណាម ឃុំខ្លួន សួរចម្លើយ និងបង្ខំឲ្យសារភាពទោស ដែលពួកគេមិនបានប្រព្រឹត្ត ។
ករណីពិសេសមួយទៀត គឺករណី លោក ថាច់ រីន ដែលត្រូវវៀតណាម ចាប់ដាក់ពន្ធនាគាររយៈពេល ៦ ខែ ពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ ការផ្សព្វផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើម សិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ។
ដោយឡែកចំពោះសិទ្ធិសាសនាវិញ ព្រះសង្ឃខ្មែរក្រោមមួយអង្គត្រូវក្រុមជើងកាងវៀតណាម ព្រួតគ្នាវាយឲ្យរងរបួស អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងការព្យាយាមវាយកម្ទេច សាលាឆទានខ្មែរក្រោមជាដើម ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកំណត់ឲ្យវៀតណាមឆ្លើយតបនឹងការលើកឡើង ចំពោះការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងរយៈពេល ៦០ ថ្ងៃ ។
យុវជនខ្មែរក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញ ដោយសារតែសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិពលរដ្ឋខ្មែរក្រោម ។ លោកចង់ឃើញពលរដ្ឋខ្មែរក្រោម មានសិទ្ធិជាជាតិដើម ។
លោក យឿង ខាយ៖ «ប្រសិនជាអាចចង់ឲ្យខ្មែរក្រោមឯករាជ្យបង ព្រោះយើងរស់នៅក្រោមការគ្រប់គ្រងរបស់យួន ។ យើងរស់នៅគ្មានសិទ្ធិសេរីភាពទេបង វេទនាណាស់បង» ។
ពាក់ព័ន្ធនឹងរឿងរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមនេះដែរ ព្រះភិក្ខុ ធីធី ធម្មោ នាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏អំពាវនាវពលរដ្ឋខ្មែរក្រោម បន្តធ្វើការងារ តស៊ូមតិ ដើម្បីសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។
ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនេះ រដ្ឋាភិបាលវៀតណាម មិនទាន់បានឆ្លើយតបនឹងសំណួររបស់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅឡើយទេ ។ វៀតណាម បន្តបដិសេធការរំលោភសិទ្ធិ និងសិទ្ធិសាសនាមនុស្សខ្មែរក្រោម ។
សម្រាប់ឆ្នាំ ២០២៣ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បន្តទៀតថា សហព័ន្ធនឹងបន្តផ្ដោតលើដំណើរការស្វែងរកយុត្តិធម៌ដល់ខ្មែរក្រោម ។ លោកថា សហព័ន្ធនឹងធ្វើការងារនឹងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរក្រោម ទទួលសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ប្រគល់ដីស្រែដែលវៀតណាម រឹបអូសឲ្យកសិករខ្មែរក្រោមវិញ និងមានសិទ្ធិប្រតិបត្តិសាសនា ៕