ដោយ ស៊ឺន ចែងចើន| VOKK
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា គ្រោង នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ ប្ដូរវេនប្រធានលេខាធិការដ្ឋាន និងលើកផែនការឆ្នាំ ២០១៨ នៅថ្ងៃទីអាទិត្យ ទី ១១ ខែកុម្ភៈ ខាងមុខនេះ ។

សន្និបាតប្រចាំឆ្នាំរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ចើញចូលរួម ពីសមាជិក សមាជិកា ថ្នាក់ដឹកនាំ និងតំណាងឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ។
នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅនេះ គណៈកម្មការរៀបចំសន្និបាត បានលើកឡើងថា អង្គសន្និបាត នឹងមានរបៀបវារៈសំខាន់ៗ មួយចំនួន មានជាអាទិ៍ កិច្ចពិភាក្សាទៅលើការកែទម្រង់គោលនយោបាយ និងដាក់ទិសដៅ សម្រាប់ឆ្នាំ ២០១៨ និងការជ្រើសតាំងប្រធានថ្មី ក្រៅពីនេះ ក៏ នឹងមានរបាយការណ៍របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមនានា ដែល នឹងឡើងធ្វើសេចក្ដីរាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជម្រាបដល់អង្គសន្និបាតបានជ្រាបដែរ ។
គួរជម្រាបជូនថា លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងធ្វើពិធីប្តូរវេនប្រធានមួយឆ្នាំម្តង ដោយធ្វើការជ្រើសរើសប្រធានមួយរូប មកពីអង្គការ សមាគម ឬស្ថាប័នជាសមាជិក មកកាន់តំណែង ជាប្រធានលេខាធិការដ្ឋាន ។ នៅឆ្នាំ ២០១៧ លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម និងជានាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ត្រូវបានជ្រើសតាំងជាប្រធានលេខាធិការដ្ឋានអង្គការនៃសមាគមខ្មែរកម្ពុជាក្រោម ។
សូមបញ្ជាក់ដែរថា លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ជាស្ថាប័នមួយបានបង្កើតឡើង ដើម្បីទទួលបន្ទុកចាត់ចែងការងាររួមរបស់ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា និង ជាមធ្យោបាយយបម្រើឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោម ទាំងអស់ ធ្វើការដោយឈរលើគោលនយោបាយខ្មែរកម្ពុជាក្រោមរួមតែមួយ ។
លេខាធិការដ្ឋាននេះ បានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយមានការចូលរួមរបស់អង្គការ សមាគម និងស្ថាប័នចំនួន ១១ ។ ស្ថាប័ន ដែលជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា ទាំងនោះរួមមាន ៖
- ១ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
- ២ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
- ៣ មិត្តសមាគមខ្មែរកម្ពុជាក្រោម
- ៤ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍
- ៥ សហគមន៍ខ្មែរកម្ពុជាក្រោម
- ៦ មូលនិធិសម្រាប់អ្នកក្រីក្រ
- ៧ អង្គការខ្មែរកម្ពុជាក្រោមដើម្បីអភិវឌ្ឍន៍
- ៨ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
- ៩ កម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម
- ១០ សារព័ត៌មានព្រៃនគរ
- ១១ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម