អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នឹងប្រារព្វខួបលើកទី ៧០ ឆ្នាំ នៃថ្ងៃប្រវត្តិសាស្រ្ត ដែលអាណានិគមបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាមគ្រប់គ្រងរហូតដល់បច្ចុប្បន្ន ។ ពិធីនេះ នឹងធ្វើឡើង នៅថ្ងៃទី ៤ មិថុនា ខាងមុខ នៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ពិធីនេះ នឹងចាប់ផ្តើម ពីម៉ោង ៧ កន្លះ រហូតដល់ម៉ោង ៥ ល្ងាច និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩ អង្គ គឺត្រូវ នឹងចំនួនឆ្នាំ ដែលបារាំងបានធ្វើច្បាប់ផ្ទេរដែនដីកម្ពុជាក្រោម ឲ្យវៀតណាម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ការប្រារព្វពិធីនេះ ក៏ នឹងមានព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី យាងចូលរួមដែរ ។
សេចក្តីអំពាវនាវរបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ពីគោលបំណងនៃការប្រារព្វពិធីខួបថ្ងៃបាត់បង់តឹកដីកម្ពុជាក្រោម នេះ គឺដើម្បីជាការចងចាំនូវទីវាប្រវត្តិសាស្រ្ត និងសម្តែងនូវកតញ្ញូតាធម៌ និងគារវកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធវីរព្រះមហាក្សត្រ វិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេស មាតុភូមិកម្ពុជាក្រោម ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវដល់ជនរួមឈាមខ្មែរទាំនៅគ្រប់ទិសទីងអស់ អញ្ជើញចូលរួមពិធីនេះ ឲ្យបានច្រើនកុះករ ដើម្បីញ៉ាំពិធីបុណ្យប្រវត្តិសាស្រ្តនេះ ឲ្យមានសភាពឱឡារិកអធិកអធម និងប្រកបដោយជោគជ័យ ព្រមទាំងចាប់យកមគ្គផលកុសលបុណ្យរៀងៗ ខ្លួន កុំបីអាក់ខានឡើយ ។