ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃ ២ អង្គ និង អ្នកបើកម៉ូតូម្នាក់ ត្រូវរថយន្តដឹកទំនិញរបស់ជនជាតិយួន បុកបណ្ដាលឲ្យរងគ្រោះ ជាទម្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២២ ខែសីហា នេះ តាមបណ្ដាយផ្លូវជាតិ លេខ ៦៣ ខណៈដែលព្រះសង្ឃទាំងពីរអង្គនេះធ្វើដំណើរពីវត្តរំដួលទៅវត្តចារ៉ិ៍ ដើម្បីសិក្សាវគ្គបំពាក់បំប៉ន់ការពារជាតិ ដែលរៀបចំកម្មវិធីដោយមន្ទីរសាសនាខេត្តព្រះត្រពាំង នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។
ព្រះសង្ឃនៅស្រុកថ្កូវមួយអង្គដែលបានដឹងហេតុការណ៍នេះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ជនរង គ្រោះទាំង ៣ រូបនេះ រួមមាន ព្រះសង្ឃទាំងពីរអង្គ ជាព្រះសង្ឃវត្តរំដួល និងគ្រហស្ថម្នាក់ជាអ្នករត់ម៉ូតូជា មួយព្រះសង្ឃ ។
ជនរងគ្រោះទាំង ៣ រូបនេះ ព្រះតេជព្រះគុណ ត្រឹង វ៉ាំង វៀង (Tran Van Huyen) ព្រះជន្ម ២៣ វស្សា ត្រូវរងគ្រោះជាទម្ងន់ ដោយបាក់ព្រះហស្ថម្ខាង ហើយត្រូវបានឡានសង្គ្រោះបន្ទាន់បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ នាទីក្រុងព្រៃនគរ ។ ចំណែក ព្រះតេជព្រះគុណ ថាច់ វ៉ាំង កឹង ព្រះជន្ម ២៣ ព្រះវស្សា ដែរ រងរបួសស្រាល និង លោក កៀង សាវណ្ណ អ្នកបើកម៉ូតូ ជូនព្រះសង្ឃត្រូវគ្រោះថ្នាក់ធ្ងន់បាក់ឆ្អឹងខ្នង ត្រូវ បានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះត្រពាំង ។
តាមប្រភពបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា រថយន្តដែលបុកព្រះសង្ឃនោះ មានស្លាកលេខ ៦៣ មកពីខេត្តតៀងយ៉ាង និងថាក្រុមសមត្ថកិច្ចវៀតណាមបានសួរនាំម្ចាស់រថយន្ត ដើម្បីស្វែងរកហេតុផលលើ ករណីនេះដែរ តែនៅមិនទាន់ដឹងថា រដ្ឋាភិបាលចាត់ការយ៉ាងណានៅឡើយ ។
ប្រភពបានបន្តទៀតថា សមាគមសង្ឃខ្មែរនៅព្រះត្រពាំង អាចនឹងជម្រាបរឿងនេះទៅអាជ្ញាធរវៀតណាម ដើម្បីទទួលខុសត្រូវចំពោះជនរងគ្រោះទាំងនេះ ផងដែរ ពីព្រោះព្រះសង្ឃដែលធ្វើដំណើរទៅរៀននេះ វាពាក់ ព័ន្ធនឹងការដែលរដ្ឋាភិបាលវៀតណាមបានបើកវគ្គសិក្សាអ្វីមួយដែលគេហៅ “បំពាក់បំប៉ន់ចំណេះដឹងការ ពារជាតិ” នោះ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២២ ដល់ ថ្ងៃទី ២៥ ខែសីហា នេះ រដ្ឋាភិបាលវៀតណាម បានកោះ និមន្តព្រះ សង្ឃទៅចូលរួមកម្មវិធីសិក្សារយៈពេល ៤ ថ្ងៃ ស្ដីអំពី “វគ្គបំពាក់បំប៉នចំណេះដឹងការពារជាតិ និង សន្តិសុខ” នៅវត្តស្វាយសៀមថ្មី និងវត្តចារ៉ិ៍ ឋិតនៅក្នុងស្រុកថ្កូវ នៃខេត្តព្រះត្រពាំង ។
ព្រះសង្ឃបានប្រាប់ថា ការសិក្សានេះ ព្រះសង្ឃនៅស្រុកថ្កូវមាន ៤៤ វត្ត ត្រូវបានគេចែកចេញជាពីរក្រុម គឺព្រះសង្ឃចំនួន ២១ វត្ត ទៅសិក្សានៅវត្តចារ៉ិ៍ រយៈពេល ៣ ថ្ងៃ គឺចាប់ ពីថ្ងៃទី ២២ ដល់ ២៤ ខែសីហា និង ២១ វត្តដទៃទៀត ទៅសិក្សានៅវត្តស្វាយសៀមថ្មី រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែសីហា នេះ ៕