ដោយ លី ឈូន
បន្ទាប់ពីព្រះសង្ឃជាសមណសិស្ស សិក្សានៅវត្តគម្ភីរសាគរ ព្រែកជ្រៅ ត្រឡប់មកពីធ្វើកិច្ចវត្ត ព្រះចៅអធិការវត្ត ព្រះឧបជ្ឈាយ៍ នៅតាមវត្តរៀងៗ ព្រះអង្គមក សមណសិស្សទាំងអស់ នៅតែបន្តការសិក្សារបស់ប្រអង្គដដែល ។ ការសិក្សាផ្ទាល់របស់ព្រះសង្ឃវត្តព្រែកជ្រៅ ក្នុងសម័យកូវិដ-១៩ នេះ មិនខុសគ្នានឹងការសិក្សាដោយប្រយោលតាមប្រព័ន្ធអនឡាញប៉ុន្មានឡើយ ដោយតុសិស្ស តុគ្រូគង់ និងអង្គុយឃ្លាតឆ្ងាយពីគ្នាស្ទើតែស្ដាប់ពន្យល់មេរៀនមិនឮ រីឯតុសិស្ស និងសិស្សវិញគង់រៀនឃ្លាតឆ្ងាយពីគ្នា ពី ៤ ទៅ ៥ ហត្ថ ។ ម្យ៉ាងទៀត ទោះជានៅក្នុងថ្នាក់រៀនក្ដី ក្រៅថ្នាក់រៀនក្ដី ព្រះសង្ឃជាសមណសិស្សទាំងនោះ តែងតែប្រើម៉ាសពាក់ និងទឹកអាកុលលាងដៃ ជើង និងសម្ភារៈជាប្រចាំ ពោលគឺអនុវត្តមិនឲ្យខុលពីសេចក្កីណែរនាំរបស់ក្រសួងសុខាភិបាល និងបំរាមរបស់អាជ្ញាធរឡើយ ។ ឆ្នាំនេះ វត្តទាំងចំនួន ២២ វត្តក្នុងខេត្តពលលាវ មានតែវត្តគម្ភីរសាគរព្រែកជ្រៅ តែមួយកត់ ដែលបើកសាលារៀនវិស័យពុទ្ធិកសិក្សា ដែលរួមមាន ៣ ថ្នាក់ និងមានសមណសិស្សជាង ៥០ ព្រះអង្គ និងរូប ។

សមណសិស្សខ្មែរក្រោមមួយព្រះអង្គ ព្រះនាម ត្រឹង សុធា កំពុងសិក្សានៅវត្តគម្ភីរសាគរព្រែកជ្ រៅប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា ការសិក្សារបស់ព្រះអង្គ នៅវត្តគម្ពីរសាគរព្រែកជ្រៅ ពេលនេះប្រិតប្រៀនបង្ការជំងឺកូវីដ-១៩ តឹងតែងជាងកាលមិនទាន់ចូលព្រះវស្សា ឆ្ងាយណាស់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនមិនឲ្យខុសពីការណែនាំរបស់ក្រសួងសុខាភិបាល និងបម្រាមរបស់អាជ្ញាធរវៀតណាមឡើយ ។
សមណសិស្សអង្គនេះ បន្តទៀតថា ការសិក្សារបស់ព្រះអង្គសព្វថ្ងៃគឺផ្ដោតទៅលើធម៌អាថ៌វិន័យ និងអក្សរសាស្ត្រខ្មែរសុទ្ធសាធមិនបានលាយលាំ នឹងអក្សរសាស្ត្រវៀតណាមឡើយ ៖ « ឥឡូវនៅព្រែកជ្រៅព្រឹកឡើងម៉ោង ៨:៣០ ចូលរៀនដល់ម៉ោង ១០:៣០ ចេញដល់ពេលរសៀលម៉ោង ១:១៥ ចូល ម៉ោង ៤:00 ចេញ ។ ថ្នាក់ឯកហ្នឹងមានវិញ្ញាសាវិន័យ អភិធម្មគឺប្រជុំកងធម៌ហ្នឹងជំនួសអភិធម្ម វិញ្ញាសាចំណោទ និងវេយ្យាករណ៍បាលី ពុទ្ធានុពុទ្ធ សរសេរតាមអាន សុភាសិតតែងសេចក្ដី ៨ វិញ្ញាសា មិនមានវិញ្ញាសាភាសាវៀតណាមទេ» ។
ចំណែកព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅព្រះ នាម យឿង វ៉ឹង លើកឡើងក្នុងកម្មវិធីបវេស្សនកាល នៃវិស័យពុទ្ធិកសិក្សា នាវត្តព្រែកជ្រៅឆ្នាំសិក្សាព.ស ២៥៦៥ កាលថ្ងៃ ១៤ កើតខែពិសាខឆ្នាំឆ្លូវត្រីស័កថា ការកសាងវត្តអារាម គឺជាការកសាងមរតកវប្បធម៌ ជាតិដ៏ប្រពៃហើយ តែដើម្បីឲ្យមត៌កវប្បធម៌ខ្មែរក្រោមជាតិខ្មែរក្រោម បានគង់វង្សតទៅមុខទៀតបានគឺមានតែការបណ្ដុះបណ្ដាលធនធានមនុស្សមួយប៉ុណ្ណោះ ។ ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅលើកឡើងបន្តទៀតថា សម្រាប់វត្តរបស់ព្រះអង្គឆ្នាំនេះ បើកបន្តកម្មវិធីសិក្សាវិស័យពុទ្ធិកហ្នឹង គិតទាំងព្រះសង្ឃនិមន្តពីវត្តខាងក្រៅទៅរៀនថែម ២០ អង្គផង ក្នុងវត្តនេះមានព្រះសង្ឃ ៧៧ អង្គ ៖ «អីចឹងការសិក្សាជាការសំខាន់ណាស់ ក្រៅពីរៀបចំកសាងវត្តារាមឲ្យបានល្អស្រួលបួលហើយ យើងត្រូវតែមានការចាត់តាំងនៅក្នុងការរៀនសូត្រ អីចឹងការសិក្សារៀនសូត្ររបស់ព្រះសង្ឃឆ្នាំនេះ វត្តយើងមានបើករហូតដល់ទៅប្រាំថ្នាក់ គឺអក្ខរកម្មទី ១ ទី ២ ឯធម្មវិន័យវិញ មានថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក គឺមានចំនួន ៥ ថ្នាក់» ។
ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ លើកឡើងបន្ថែមទៀតថា ដើម្បីជំរុញឲ្យវិស័យពុទ្ធិកសិក្សា នៅខេត្តពលលាវមានសន្ទុះជឿនលឿន ដូចខេត្តដទៃទៀត ព្រះអង្គបានបញ្ជូនព្រះសង្ឃជាសិស្សគណរបស់ព្រះអង្គទៅសិក្សានៅទីក្រុងព្រៃនគរផង នៅខេត្តព្រះត្រពាំងផង នៅវិទ្យាស្ថានពុទ្ធិកសិក្សានៅទីក្រុងព្រែកឫស្សីផង ដើម្បីពង្រីកវិស័យពុទ្ធិកសិក្សានៅខេត្តពលលាវនាថ្ងៃអនាគត៖ «នៅក្នុងវត្តយើងគឺបានចេញទៅសិក្សានៅសាលាបាលីខេត្តឃ្លាំងអស់ ៤ អង្គហើយទៅរៀនខាងគរុវិជ្ជា និងសាលាបាលីនៅខាងខេត្តព្រះត្រពាំងចំនួន ៥ អង្គទៀត រៀននៅវិទ្យាស្ថានពុទ្ធិកសិក្សាខ្មែរក្រោម ទីក្រុងព្រែកឫស្សី ១ អង្គទៀតហើយហ្នឹងទៅរៀនបម្រុងនៅមហាវិទ្យាល័យនៅទីក្រុងព្រៃនគរអស់មួយអង្គទៀត អីចឹងឆ្នាំហ្នឹងវត្តយើងដែលចេញទៅរៀនក្រៅមានចំនួន ១១ អង្គ» ។
ការលើកឡើងមកនេះ បន្ទាប់ពីវិស័យពុទ្ធិកសិក្សារបស់ព្រះសង្ឃតាមវត្តអារាមនានា នាដែនដីកម្ពុជាក្រោម ត្រូវបិទទាំងស្រុងដោយសារតែការរាតត្បាតនៃជំងឺកូវិដ ១៩ ដែលកំពុងញាំញីខ្លាំងក្នុងប្រទេសវៀតណាម ពិសេសតំបន់កម្ពុជាក្រោមនាទីក្រុងព្រៃនគរដែលវៀតណាមដាក់ឈ្មោះថ្មីថាហូជីមិញ (Ho Chi Minh) ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប លោក ត្រឹង សារ៉ុង លើកឡើងថា បម្រាម ឬ សេចក្ដីប្រកាសរបស់រដ្ឋដើម្បីសុវត្ថិភាព អាយុជីវិតពលរដ្ឋ គឺ ពលរដ្ឋម្នាក់ ៗ ត្រូវតែអនុវត្តហើយ ប៉ុន្តែបើប្រៀបធៀបទៅនឹងដំណើរជីវិតព្រះសង្ឃខ្មែរក្រោម តាមវត្តអារាមនីមួយៗ សព្វថ្ងៃទោះរៀនក្ដីមិនរៀនក្ដីក៏គង់មានការជួបជុំដើម្បីទទួលភត្ត ឬ ដើម្បីនមស្សការ (ថ្វាយបង្គំព្រះ) ជុំគ្នាជាដើម ។ ដូច្នេះការខិតខំរៀនសូត្រដោយការរក្សាការពារឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការការការពារជំងឺកូវីដ-១៩ ជាការប្រពៃណាស់ ពីព្រោះការសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្សហ្នឹងជាទ្រព្យសម្បត្តិមហាសាលសម្រាប់មនុស្សជាតិ ៖ « រឿងសំខាន់ណាស់កន្លែងហ្នឹង ព្រះអង្គសុទ្ធតែជាបព្វជិតអ្នកបួស ដើម្បីសិក្សារៀនសូត្រយកចំណេះដឹងខ្លួនឯងផង និងដើម្បីឲ្យស្គាល់តម្លៃវប្បធម៌ជាតិខ្លួន និងថែរក្សាវប្បធម៌ប្រពៃណីរបស់ជាតិខ្លួនឲ្យបានច្បាស់ផង។ពីមុនគ្មានក្រដាស គ្មានសៀវភៅសរសេរផងបុព្វបុរសយើង លោក ចងក្រងសរសេរលើតែស្លឹកឈើទុកសម្រាប់ឲ្យយើងរៀនសូត្រដូច្នេះ ពេលនេះ យើងត្រូវខំកែប្រែឡើង ព្រោះពេលនេះ ជាសម័យរីកចំរើនហើយ យើងសរសេរនឹងក្រដាសសៀវភៅ រហូតដល់សរសេរលើកុំព្យូទ័រទៀត មានការរីកចម្រើនដូច្នេះយើងក៏ត្រូវរីកចម្រើនដែរ តែកុំភ្លេចណាយើងត្រូវរីករហូត កុំឱ្យរីកតែមួយរយៈដូចបុប្ផា គឺត្រូវធ្វើឱ្យរីកជារៀងរហូត» ។
វត្តគម្ភីរសាគរព្រែកជ្រៅ ស្ថិតនៅជិតទីរួមខេត្តពលលាវ ដែលវៀតណាមដាក់ឈ្មោះថ្មីថា បាកលីវ ឆ្នាំនេះ វត្តគម្ភីរសាគរព្រែកជ្រៅជាវត្តខ្មែរតែមួយគត់ ក្នុងចំណោមវត្តទាំង ២២ ទូទាំងខេត្តពលលាវដែលបើកសាលាពុទ្ធិកសិក្សា ។ ព្រះចៅអធិការ និងគណៈកម្មការវត្តមួយចំនួន នៅក្នុងខេត្តពលលាវឲ្យដឹងថាកាលពីឆ្នាំទៅមិញ (ព.ស ២៥៦៥) មានវត្តចំនួន ៥ បើកសាលាពុទ្ធិកៈ គឺមានវត្តពុតធ្លេថ្មី វត្តពុតធ្លេចាស់ វត្តខ្វែងបបែលកណ្ដាល វត្តដើមពោន និងវត្តព្រែកជ្រៅ មូលហេតុដែលឆ្នាំនេះ វត្តទាំងនោះមិនបានបន្តបើកសាលាពុទ្ធិកសិក្សាតទៅទៀត ក៏ដោយអាស្រ័យថា មិនមានព្រះសង្ឃសិក្សារៀនសូត្រច្រើន ហើយតាមវត្តនីមួយៗ ក៏ពិបាកនឹងរកគ្រូអាចារ្យសម្រាប់បង្រៀនទៀតផង ។ នៅក្នុងខេត្តពលលាវសព្វថ្ងៃមានចំនួនវត្ត ២២ និងមានព្រះសង្ឃចំនួនជិត ២០០ អង្គ តែប៉ុណ្ណោះ ៕