ដោយ ស៊ឺន ចែងចើន
សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើយុទ្ធនាការតវ៉ាជាទ្រង់ទ្រាយធំ បើតុលាការមិនព្រមដោះ លែងព្រះសង្ឃខ្មែរក្រោមពីរអង្គ គឺព្រះតេជព្រះគុណ ដាវ ទេព្យ និង ព្រះតេជព្រះគុណ ជា វណ្ណដា ដែលត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ព្រះកាយ និងផ្សឹក កាលពីថ្ងៃ ទី ១ ខែសីហា ២០១៥ កន្លងទៅនេះ ។
នេះជាការលើកឡើង របស់ព្រះតេជព្រះគុណ ថាច់ ហាសំអាង ជាអគ្គហិរញ្ញិកនៃសមាគមព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពីការចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក នៅព្រឹកថ្ងៃទី ១៤ ខែសីហា ២០១៥ នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម នាទីក្រុងភ្នំពេញ ។

សន្និសីទកាសែត ដែលមានការចូលរួមពីតំណាងមន្ត្រីអង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានធ្វើការ ច្រានចោល រាល់ការចោទប្រកាន់ពីសមត្ថកិច្ចមកលើព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអះអាងថា ពួកគេបានរកឃើញសម្ភារៈជាវត្ថុតាងមួយចំនួន នៅក្នុងកុដិរបស់ព្រះអង្គ មានដូចជា អាវុធ និងគ្រឿងញៀន និងសម្ភារៈមួយចំនួនទៀត ។

កាលពីថ្ងៃ ទី ១ ខែសីហា ២០១៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង និងមន្ត្រីធម្មការ បានចុះទៅត្រួតពិនិត្យរដ្ឋបាល នៅក្នុងវត្តអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនព្រះសង្ឃពីរអង្គ ដែលជាព្រះខ្មែរក្រោម បន្ទាប់មកអាជ្ញាធរចម្រុះ ក៏បានរកឃើញនៅក្នុងកុដិព្រះសង្ឃទាំងពីរអង្គនេះ នូវគ្រឿងញៀនមួយកញ្ចប់តូច ដាវសាំមារ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។ ក្រោយពីចាប់ផ្សឹករួចមក សមត្ថកិច្ចក៏បានចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតុលាកាបានសម្រេចឲ្យយកទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃ ស រង់ចាំថ្ងៃបើកសវនាការ ។ ព្រះសង្ឃខ្មែរក្រោមទាំង ២ អង្គនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទគំរាមកំហែង នឹងសម្លាប់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់លិខិតសាធារណៈក្លែងក្លាយ ។

ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ បានលើកឡើង ពីភាពមិនប្រក្រី ក្នុងការឆែកឆេររបស់កម្លាំងសមត្ថកិច្ច ។ លោកថា វាអាចជាចេតនារបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គនោះ ព្រះថាព្រះសង្ឃខ្មែរក្រោម ដែលអាជ្ញាធរឃាត់ខ្លួននោះ ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានា ដូចជាការធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ និងការចូលរួមទៅពិនិត្យមើលតំបន់ព្រំដែនជាដើម ។

យ៉ាងណាក៏ដោយ លោក តាំង សារៈ បានលើកឡើង អំពីវិន័យក្នុងព្រះពុទ្ធសាសនា ថា ករណីព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ ដែលអាជ្ញាធរចាប់ផ្សឹកនោះ មិនមានទោសអាបត្តិ ដែលមានលក្ខណៈធ្ងន់ធ្ងររហូតដល់ការចាប់ផ្សឹកនោះទេ ។ លោក តាំង សារៈ បានបញ្ជាក់ថា បើផ្អែកតាមព្រះវិន័យ របស់ភិក្ខុ ទាល់តែភិក្ខុអង្គណា បានប្រព្រឹត្តប្រាសចាកនៃអាបត្តិបារាជិកទាំងបួន ទើបមានសិទ្ធិចាប់ផ្សឹក បាន ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ ដោយអំពាវនាវទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យជួយយកចិត្តទុក្ខដាក់ មកលើពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ។ លោកថា នៅឯដែនដីកម្ពុជាក្រោម ព្រះសង្ឃត្រូវគេចាប់ខ្លួនផ្សឹក បំបិទសិទ្ធិសេរីភាព រំលោភសិទ្ធិពលរដ្ឋ សិទ្ធិដីធ្លី និងធ្វើទុក្ខបុក្ខម្នេញគ្រប់បែបយ៉ាង មកលើពលរដ្ឋខ្មែរក្រោម ។ ហើយនៅពេលមកដល់ប្រទេសកម្ពុជាពលរដ្ឋខ្មែរក្រោម នៅតែរងទុក្ខជាដដែល ។ ជាងនេះទៅទៀត លោកសូមធ្វើការអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋាភិបាល កុំឲ្យមានការរើសអើង និងលាបពណ៌មកលើពលរដ្ឋខ្មែរក្រោម ។ ដោយលោកអះអាងថា កន្លងមករដ្ឋាភបាលខ្មែរ តែងតែងចោទប្រកាន់ថា ឲ្យតែជាខ្មែរក្រោម គឺពួកគេមាននិន្នាការគាំទ្របក្សប្រឆាំង ។ លោកបានសង្កត់ធ្ងន់ ថា នេះជាទង្វើរើសអើងផ្នែកនយោបាយ ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីខ្មែរ មិនបានសុខ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែសីហា ២០១៥ ខាងមុខនេះ នៅវេលាម៉ោង ៩ ព្រឹក សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសាវនាការជំនុំជម្រះទៅលើសំណុំរឿងព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ គឺព្រះតេជព្រះគុណ ដាវ ទេព្យ និងព្រះតេជព្រះគុណ ជា វណ្ណដា ដែលកាលពីថ្ងៃទី ៣ សីហា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទគំរាមសម្លាប់ ការរក្សាទុកគ្រឿងញៀន និងការប្រើប្រាស់លិខិតក្លែងក្លាយ ៕