សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​យុទ្ធនា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ បើ​មិនមាន​ការដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ​

ដោយ ស៊ឺន ចែងចើន

​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹងធ្វើ​យុទ្ធនា​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ បើ​តុលា​ការមិន​ព្រម​ដោះ លែង​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេ​ព្យ និង ព្រះតេជព្រះគុណ ជា វណ្ណដា ដែល​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​ព្រះកាយ និង​ផ្សឹក កាលពី​ថ្ងៃ ទី ១ ខែសីហា ២០១៥ កន្លងទៅនេះ ។

​នេះ​ជាការ​លើកឡើង របស់​ព្រះតេជព្រះគុណ ថាច់ ហា​សំអាង ជា​អគ្គហិរញ្ញិក​នៃ​សមាគម​ព្រះសង្ឃ ខ្មែរ​កម្ពុជា​ក្រោម ។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក នៅ​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ២០១៥ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុងភ្នំពេញ ។​

​សន្និសីទ​សារព័ត៌មាន​រៀបចំដោយសមាគមព្រះសង្ឃខ្មែរក្រោម និងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ស្ដីពី​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក នៅ​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ២០១៥ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុងភ្នំពេញ ។​ រូបថតៈ ស៊ឺន ចែងចើន
​សន្និសីទ​សារព័ត៌មាន​រៀបចំដោយសមាគមព្រះសង្ឃខ្មែរក្រោម និងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ស្ដីពី​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក នៅ​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ២០១៥ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​កម្ពុជា​ក្រោម នាទី​ក្រុងភ្នំពេញ ។​ រូបថតៈ ស៊ឺន ចែងចើន

​សន្និសីទកាសែត ដែលមាន​ការចូលរួម​ពី​តំណាង​មន្ត្រី​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើការ ច្រានចោល រាល់​ការចោទប្រកាន់​ពី​សមត្ថកិច្ច​មកលើ​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ ដែល​អះអាងថា ពួកគេ​បាន​រកឃើញ​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួន នៅក្នុង​កុដិ​របស់​ព្រះអង្គ មានដូចជា អាវុធ និង​គ្រឿងញៀន និង​សម្ភារៈ​មួយចំនួនទៀត ។​

ព្រះតេជព្រះគុណ ជា វណ្ណដា ហៅ ចឿន (សញ្ញាពណ៌លឿង) ចូលរួមក្នុងការតវ៉ាប្រឆាំង នឹងអ្នកនាំពាក្យស្ថានទូតយួន ឲ្យសុំទោសជាសាធារណៈ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃដែនដីកម្ពុជាក្រោម កាលពីកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ ជា វណ្ណដា ហៅ ចឿន (សញ្ញាពណ៌លឿង) ចូលរួមក្នុងការតវ៉ាប្រឆាំង នឹងអ្នកនាំពាក្យស្ថានទូតយួន ឲ្យសុំទោសជាសាធារណៈ និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃដែនដីកម្ពុជាក្រោម កាលពីកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន

​កាលពី​ថ្ងៃ ទី ១ ខែសីហា ២០១៥ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង និង​មន្ត្រី​ធម្មការ​ បាន​ចុះទៅ​ត្រួតពិនិត្យ​រដ្ឋបាល នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ ដែលជា​ព្រះ​ខ្មែរក្រោម បន្ទាប់មក​អាជ្ញាធរ​ចម្រុះ ក៏បាន​រកឃើញ​នៅក្នុង​កុដិ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នូវ​គ្រឿងញៀន​មួយកញ្ចប់​តូច ដាវ​សាំ​មា​រ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត ។ ក្រោយពី​ចាប់​ផ្សឹក​រួចមក សមត្ថកិច្ច​ក៏បាន​ចាប់បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តុលាកា​បានសម្រេច​ឲ្យ​យកទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ ស រង់ចាំ​ថ្ងៃ​បើកសវនាការ ។ ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ២ អង្គ​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​គំរាមកំហែង នឹង​សម្លាប់ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែងក្លាយ ។​

ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជម្ពូវន្ត ក្រោយ​អនុគណ​ខ័ណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១ សីហា ឆ្នាំ ​២០១៥​ ។​ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជម្ពូវន្ត ក្រោយ​អនុគណ​ខ័ណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១ សីហា ឆ្នាំ ​២០១៥​ ។​ រូបថតៈ ស៊ឺន ចែងចើន

​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ បានលើកឡើង ពី​ភាពមិន​ប្រ​ក្រី ក្នុងការ​ឆែកឆេរ​រប​ស់​កម្លាំង​សមត្ថកិច្ច ។ លោក​ថា វា​អាចជា​ចេតនា​របស់​អាជ្ញាធរ​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​បំណង​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងពីរ​អង្គ​នោះ ព្រះ​ថា​ព្រះសង្ឃ​ខ្មែរក្រោម ដែល​អាជ្ញាធរ​ឃាត់ខ្លួន​នោះ ធ្លាប់បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​តវ៉ា​នានា ដូចជា​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ និង​ការចូលរួម​ទៅពិនិត្យ​មើល​តំបន់​ព្រំដែន​ជាដើម ។​

ព្រះតេជព្រះគុណ ដាវ ទេព្យ (ឆ្វេង) ដែលចូលរួមសកម្មភាពសង្គម នាពេលកន្លងមក ។ រូបថតៈ Facebook
ព្រះតេជព្រះគុណ ដាវ ទេព្យ (ឆ្វេង) ដែលចូលរួមសកម្មភាពសង្គម នាពេលកន្លងមក ។ រូបថតៈ Facebook

យ៉ាងណាក៏ដោយ លោក តាំង សារៈ បានលើកឡើង អំពី​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា ថា ករណី​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងពីរ​អង្គ ដែល​អាជ្ញាធរ​ចាប់​ផ្សឹក​នោះ មិន​មានទោស​អាបត្តិ ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​រហូតដល់​ការចាប់​ផ្សឹក​នោះទេ ។ លោក តាំង សារៈ បាន​បញ្ជាក់ថា បើ​ផ្អែក​តាម​ព្រះ​វិន័យ របស់​ភិក្ខុ ទាល់តែ​ភិក្ខុ​អង្គណា បាន​ប្រព្រឹត្ត​ប្រាសចាក​នៃ​អាបត្តិ​បារាជិក​ទាំង​បួន ទើប​មាន​សិទ្ធិ​ចាប់​ផ្សឹក បាន ។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន មានប្រសាសន៍ ដោយ​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​យកចិត្ត​ទុក្ខ​ដាក់ មកលើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ។ លោក​ថា នៅឯ​ដែនដី​កម្ពុជា​ក្រោម ព្រះសង្ឃ​ត្រូវគេ​ចាប់ខ្លួន​ផ្សឹក បំបិទ​សិទ្ធិសេរីភាព រំលោភសិទ្ធិ​ពលរដ្ឋ សិទ្ធិ​ដីធ្លី និង​ធ្វើទុក្ខ​បុ​ក្ខ​ម្នេញ​គ្រប់បែបយ៉ាង មកលើ​ពលរដ្ឋ​ខ្មែរក្រោម ។ ហើយ​នៅពេល​មកដល់​ប្រទេស​កម្ពុជា​ពលរដ្ឋ​ខ្មែរក្រោម នៅតែ​រង​ទុក្ខ​ជា​ដដែល ។ ជាងនេះទៅទៀត លោក​សូម​ធ្វើការ​អំពាវនាវ​យ៉ាងទទូច​ទៅកាន់​រដ្ឋាភិបាល កុំ​ឲ្យ​មានការ​រើសអើង និង​លាប​ពណ៌​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ។ ដោយ​លោក​អះអាងថា កន្លងមក​រដ្ឋា​ភ​បាល​ខ្មែរ តែង​តែង​ចោទប្រកាន់ថា ឲ្យ​តែ​ជា​ខ្មែរក្រោម គឺ​ពួកគេ​មាន​និន្នាការ​គាំទ្រ​បក្សប្រឆាំង ។ លោក​បាន​សង្កត់ធ្ងន់ ថា នេះ​ជា​ទង្វើ​រើសអើង​ផ្នែក​នយោបាយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម រស់​នៅលើ​ទឹកដី​ខ្មែរ មិនបាន​សុខ ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៩ ខែសីហា ២០១៥ ខាងមុខនេះ នៅវេលា​ម៉ោង ៩ ព្រឹក សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សាវ​នា​ការជំនុំជម្រះ​ទៅលើ​សំណុំរឿង​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងពីរ​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេ​ព្យ និង​ព្រះតេជព្រះគុណ ជា វណ្ណដា ដែល​កាលពី​ថ្ងៃទី ៣ សីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ​គំរាម​សម្លាប់ ការ​រក្សាទុក​គ្រឿងញៀន និង​ការប្រើប្រាស់​លិខិត​ក្លែងក្លាយ ៕