ព្រះសង្ឃ​ខ្មែរ​ក្រោម ​និពន្ធ​ចម្រៀង​រៀបរាប់​ពី​ស្នាដៃ​ព្រះ​តេជព្រះគុណ តា ង៉ុកកោ

ដោយ យន់ សាមៀន | RFA Khmer

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ បង្ហាញ​ការ​ដឹងគុណ​ដល់ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ គឺ​ចៅអធិការ​វត្ត​ដំបងពាក់ ព្រះ​តេជព្រះគុណ តា ង៉ុកកោ តាមរយៈ​ការតែង​និពន្ធ​ចម្រៀង រំលឹក​ស្នាដៃ​ដែល​ព្រះតេជព្រះគុណ​បន្សល់ទុក​ដល់កូន​ខ្មែរ​ក្រោម ​ជំនាន់​ក្រោយ ​ដើម្បី​រក្សា​ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណ​ខ្មែរ​ក្រោម ។

ព្រះ​តេជព្រះគុណ តា ង៉ុកកោ ព្រះចៅអធិការ​វត្ត​ដំបងពាក់ ក្នុង​ខេត្តព្រះត្រពាំង នៅកម្ពុជា​ក្រោម ។ ព្រះអង្គ​សុគត​ក្នុង​ភាព​អាថិកំបាំង ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា ឆ្នាំ ២០២០ ។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម
ព្រះ​តេជព្រះគុណ តា ង៉ុកកោ ព្រះចៅអធិការ​វត្ត​ដំបងពាក់ ក្នុង​ខេត្តព្រះត្រពាំង នៅកម្ពុជា​ក្រោម ។ ព្រះអង្គ​សុគត​ក្នុង​ភាព​អាថិកំបាំង ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា ឆ្នាំ ២០២០ ។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម

​ទោះបី ព្រះចៅ​អធិការ​វត្ត​ដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុកកោ បាន​សុគត ប៉ុន្តែ​ស្នាដៃ​ព្រះអង្គ​ជាច្រើន​ បាន​បន្សល់​ទុក​ដែល​ជា​ការ​រួម​ចំណែក​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ​ នៅ​លើ​ទឹកដី​កំណើត ដែល​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់ អស់​រយៈពេល​ជាង ៧០​ ឆ្នាំ​មក​ហើយ​ ។ ស្នាម​ព្រះហស្ត​ទាំងនេះ ជំរុញ​ឱ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ​មួយ​ចំនួន ដែល​គោរព​ស្រលាញ់​ព្រះសង្ឃអង្គនេះ​ បាន​និពន្ធ​ជា​ចម្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រម្លឹក​ពី​ការ​លះបង់​កម្លាំង​ប្រាជ្ញា​ស្មារតី​របស់​ព្រះតេជព្រះគុណ តាង៉ុកោ ។

បទ​ចម្រៀង​នេះ ​មាន​ចំណងជើង​ថា «សែន​ស្ដាយ​ស្នាដៃ​គ្រូ​ខ្ញុំ​» យក​តាម​លំនាំ​បទ «ទឹកភ្នែក​ភរិយា» និពន្ធ​ដោយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ គង់នៅ​វត្ត​ពោធិសាលរាជកំពង់ ខេត្ត​ព្រះត្រពាំង ព្រះតេជព្រះគុណ សាង សំណាង​ ។ ព្រះអង្គ មានពុទ្ធ​ដីកា​ឱ្យ​អាស៊ីសេរី​ដឹង​ថា ព្រះតេជព្រះគុណ​មានការ​ស្ងប់​ស្ញែង​ ពី​អ្វី​ដែល​ព្រះ​តេជព្រះគុណ តា ង៉ុកកោ បាន​កសាង​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ ។ ព្រះតេជព្រះគុណ សាង សំណាង សោកស្ដាយ​ចំពោះ​ការ​សុគត​នៃ​ព្រះ​តេជព្រះគុណ តា ង៉ុកកោ ដោយ​មិន​ទាន់​បាន​បញ្ចប់​កសាង សាលារៀន សួនច្បារ និង​ព្រះ​ពុទ្ធបដិមា​មួយ​អង្គ​ធំ​ ​នៅ​ឡើយ៖ «អត្ថន័យ​ហ្នឹង​យើង​សរសើរ​ឡើង​នូវ​សាវតារ​របស់​លោក យើង​ឃើញ​តម្លៃ​របស់​លោក​កំពុង​កសាង ប៉ុន្តែ​មិន​ទាន់​ហើយ​ មាន​ន័យ​បំណង​របស់​លោក ​គឺ​លោក​ចង់​ធ្វើ​តទៅ​មុខ​បន្ថែម​ទៀត» ។

ព្រះតេជព្រះគុណ​រម្លឹក​ថា ព្រះចៅ​អធិការវត្តដំបងពាក់ ព្រះ​តេជព្រះគុណ តា ង៉ុកកោ ក៏​មាន​ទេពកោសល្យ​តែង​និពន្ធ​ ដោយ​ព្រះអង្គ​បាន​តែង​បទ​ចម្រៀង​បាន​យ៉ាង​ច្រើន បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ និង​ឈ្មោះ ភូមិ ឃុំ ស្រុក ខេត្ត នៅ​កម្ពុជា​ក្រោម ។ ព្រះតេជព្រះគុណ សាង សំណាង បន្ត​ថា ចំពោះ​ព្រះតេជព្រះគុណ​មិន​ពូកែ​ក្នុង​តែង​និពន្ធ​ទេ ប៉ុន្តែ​ដោយសារតែ ព្រះទ័យ​ស្ដាយ​ស្រណោះ ព្រះ​គ្រូចៅ​អធិការ​វត្ត ជំរុញ​ឱ្យ​ព្រះអង្គ​តែង​ចម្រៀង​នេះ​ឡើង​ ។ ព្រះតេជព្រះគុណ​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​សរសេរ​បទ​ចម្រៀង​នេះ​រួចហើយ ព្រះតេជព្រះគុណ​បាន​ទាក់ទង​រក​អ្នក​ចម្រៀង​ឱ្យ​ជួយ​ច្រៀង​ និង​ពឹង​ពាក់​ព្រះសង្ឃ​ផ្សេងទៀត ​ដែល​មាន​ជំនាញ​ខាង​កាត់ត​វីដេអូ​ជួយ​ធ្វើជា​វីដេអូ៖ «អាត្មា​ហៅ​គាត់​ថា ឥឡូវ​អាត្មា​តែង​ចម្រៀង​មួយ​បទ​នេះ ​សូម​បង​ជួយ​ច្រៀង​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​តែ​បទ​ហ្នឹង​ហ្វ្រី​ (Free) ​ណា​អត់​មាន​យក​លុយ​ទេ​ណា គាត់​ថា​ព្រម​ហើយ​ធ្វើ​ក្នុង​យប់​ហ្នឹង​តែម្ដង​ទៅ» ។

ព្រះតេជព្រះគុណ តា ង៉ុកកោ ជា​ព្រះសង្ឃ​អង់អាច​ក្នុង​ការ​ថែរក្សា​វប្បធម៌ ប្រពៃណី​យ៉ាងសកម្ម​ នៅ​ដែនដី​កម្ពុជា​ក្រោម​​ ។ ព្រះតេជព្រះគុណ​បាន​កសាង​វត្ត​ព្រះវិហារ សាលារៀន បង្រៀន​អក្សរ​ខ្មែរ ​និងភាសា​បាលី​ ។ ព្រះអង្គ​តែងតែ​ស្រាវជ្រាវ​ និង​ចងក្រង​ឈ្មោះ​ដើម​តំបន់​ភូមិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ដែល​មាន​ឈ្មោះ​ភូមិ ឃុំ ទុកជា​ឯកសារ ហើយ​ព្រះអង្គ​ឆ្លៀតពេល​ទំនេរ​សរសេរ​ជា​បទ​ចម្រៀង​ ពី​ភូមិសាស្ត្រ​ទាំងនោះ​ បង្ហោះ​លើ​បណ្តាញ​សង្គម​យូធូប​ដោយ​ប្រើ​ឈ្មោះ គឹម ខាយ ។​

មន្ត្រីសមាគម​ខ្មែរកម្ពុជា​​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​លើក​ឡើង​ថា ព្រះចៅ​អធិការ​វត្ត​ដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុកកោ ជា​តួអង្គ​សំខាន់​ក្នុង​ការ​ថែរក្សា​ប្រពៃណី​វប្បធម៌ ។ ព្រះ​តេជព្រះគុណ តា ង៉ុកកោ បាន​សុគត​កាលពី​ថ្ងៃ​ទី ​០៩ ខែ​មេសា ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ដោយ​អាថ៌កំបាំង ​និង​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ក្នុង​ព្រះជន្ម ៤២ ​ព្រះវស្សា ។

ស្នាដៃ​របស់​ព្រះ​តេជព្រះគុណ តា ង៉ុកកោ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខ្មែរ​ក្រោម​ កោត​ស្ញប់ស្ញែង​ប៉ុណ្ណោះ ខ្មែរ​កណ្ដាល​ខ្លះ​ក៏​កោស​សរសើរ​ដែរ ។

អ្នកចម្រៀង​អាជីព លោក ខឹម ឈុនវុធ ជា​ខ្មែរ​កណ្ដាល ដែល​បាន​ជួយ​ច្រៀង​រំលឹក​ប្រវត្តិព្រះ​តេជព្រះគុណ តា ង៉ុកកោ ​ឱ្យ​ដឹង​ថា កាលពីមុន​មក​លោក​មិនដែល​បាន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​កម្ពុជា​ក្រោម​នោះ​ទេ ​។ ប៉ុន្តែ​លោក​ថា នៅ​ពេល​លោក​បាន​ច្រៀង​លើកឡើង​ស្នាម​ព្រះហស្ត​ពី​ព្រះតេជព្រះគុណ តា ង៉ុកកោ ធ្វើ​ឱ្យ​លោក​មានការ​រីករាយ​ ដែល​បាន​ចូលរួម​ក្នុង​ការ​រម្លឹក​ពី​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម៖ «ស្គាល់​តាម​មិត្តភ័ក្ដិ​ដែរ​ហ្នឹង​ គេ​ណែនាំ​ទៅ​លោក​ទាក់ទង​មក​ខ្ញុំ មក​ពេល​លោក​បង្ហាញ​អត្ថបទ​ឃើញ​រៀបរាប់​ភូមិ​ស្រុក​សាវតារ​ខ្មែរ ​ខ្ញុំ​ក៏​សម្រេច​ជួយ​ច្រៀង​ព្រោះថា បើ​យើង​រៀបរាប់​ពី​ភូមិ​ស្រុក​អីចឹង​ទៅ​ជួយ​រំលឹក​ដល់​ពង្សាវតារ​ខ្មែរ» ។

ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នាក់ នាំគ្នា ជំរុញ​ឱ្យ​ខ្មែរ​ក្រោម​ទាំងអស់​ធ្វើ​យុទ្ធនាការ មួយ​ដើម្បី​សម្រេច​បំណង​ចុងក្រោយ​ដែល​ព្រះអង្គ តាង៉ុកកោ មិនទាន់​សម្រេច​មុន​ពេល​សុគត គឺ​ការ​សាងសង់​ព្រះ​ពុទ្ធរូប​កម្ពស់​ជាង ​៣៣ ​ម៉ែត្រ រួម​ទាំង​ប្រាសាទ​នៅ​ក្នុង​វត្ត​ដំបង​ពាក់ ៕