ព្រះសង្ឃ​ខ្មែរក្រោម រង​ការ​ចោទថា យក​ព្រះ​ពុទ្ធរូប ទៅ​បោះចោល​ក្នុង​ទឹកស្រះ ត្រូវ​គំរាម​ចាប់​ផ្សឹក​

ដោយ ស៊ឺន ចែងចើន | វិទ្យុសំឡេងកម្ពុជាក្រោម

​ព្រះចៅអធិការ និង​គណៈកម្មាធិការ​វត្ត​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី ៥ ខែធ្នូ បាន​ចោទ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ព្រះតេជព្រះគុណ គឹម សិលា ព្រះជន្ម ៥២ ព្រះវស្សា ដែល​គង់នៅ​ក្នុង​កុដិ​លេខ ៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ថា​បាន​យក​ពុទ្ធ​បដិមា​ជាច្រើន​អង្គ​ទៅ​បោះចោល​ក្នុង​ទឹកស្រះ ។

ព្រះតេជព្រះគុណ គឹម សិលា គង់​​​ក្នុងកុដិ​​​​​​របស់​​​ព្រះ​​​អង្គ​​​ នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ គឹម សិលា គង់​​​ក្នុងកុដិ​​​​​​របស់​​​ព្រះ​​​អង្គ​​​ នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ ស៊ឺន ចែងចើន

​កាលពី​ម្សិលមិញ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន ព្រះចៅអធិការ​ស្ដីទី និង​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ បាន កោះប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​អនុគណ​ខណ្ឌមានជ័យ និង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ធ្វើការ​ចាប់​ផ្សឹក និង​បណ្តេញ​ចេញពី​វត្ត ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ គឹម សិលា ។​

​ព្រះចៅអធិការ​ស្ដីទី ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន បាន​មាន​ថេរ​ដីកា​ថា ពុទ្ធ​ប្បដិមា ដែល​ត្រូវបាន​បោះចោល​នេះ ត្រូវបាន​ដូនជី និង​អ្នករត់ម៉ូតូឌុប​ម្នាក់រ​ក​ឃើញ នៅក្នុង​ស្រះ​ទឹក កាលពី​ថ្ងៃ​សៅរ៍ ។​

ព្រះសង្ឃ​ខ្មែរ​​ក្រោម កំពុងជជែកជាមួយអនុគណខណ្ឌ ដើម្បី​ស្នើឲ្យមាន​មន្ត្រី​អង្គការ សង្គម​ស៊ីវិល និង​អ្នក​កាសែត មាន​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ ករណី​ព្រះតេជព្រះគុណ គឹម សិលា ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ​ខ្មែរ​​ក្រោម កំពុងជជែកជាមួយអនុគណខណ្ឌ ដើម្បី​ស្នើឲ្យមាន​មន្ត្រី​អង្គការ សង្គម​ស៊ីវិល និង​អ្នក​កាសែត មាន​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ ករណី​ព្រះតេជព្រះគុណ គឹម សិលា ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន មាន​ថេរ​ដីកា​បន្ថែមថា ការដែល​កោះប្រជុំ​រឿង​អធិករណ៍ ដែល​បាន​កើតឡើង​ក្នុង​វត្ត​ស្ទឹងមានជ័យ​នេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ​។ ព្រះអង្គ​លើកឡើងថា ប្រសិនបើ​រកឃើញថា​ ​មាន​កំហុស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពុទ្ធ​ប្បដិមា​នោះ ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ អាច​ប្រឈម នឹង​ការចាប់​ផ្សឹក ។

​ទោះជា​យ៉ាងណា គម្រោង​ចាប់​ផ្សឹក ព្រះតេជព្រះគុណ គឹម សិលា មិនបាន​សម្រេច​ឡើយ ។ ដោយហេតុតែ កាលពី​ម្សិលមិញ​  ព្រះសង្ឃ​ខ្មែរក្រោម​ជាង ៥០ អង្គ បានមក​ជួបជុំគ្នា​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​តវ៉ា​ជំទាស់​ទៅ នឹង​សេចក្ដីសម្រេច​ចាប់​ផ្សឹក​នោះ ។​

​ឆ្លើយតប​ទៅ នឹង​ការចោទប្រកាន់​នេះ ព្រះតេជព្រះគុណ គឹម សិលា មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិនបាន​បោះ​ពុទ្ធ​ប្បដិមា​ចូលទៅក្នុង​ស្រះ​ទឹក​ទេ ។ ព្រះអង្គ​លើកឡើងថា ករណីនេះ ជាការ​លាប​ពណ៌ ដើម្បី​ទម្លាក់កំហុស​មកលើ​ព្រះអង្គ ។ ព្រះតេជព្រះគុណ គឹម សិលា មាន​ថេរ​ដីកា​បញ្ជាក់ថា ព្រះចៅអធិការ និង​មន្ត្រី​សង្ឃ​ក្នុង​វត្ត ជា​អ្នករៀបចំ​ផែនការ ដើម្បី​កំចាត់​ព្រះអង្គ​ឲ្យ​ចាក​ចេញពី​វត្ត​នេះ ដោយ​ព្រះអង្គ លើក​ហេតុផល​ថា មានការ​រើសអើង​ ​ពីព្រោះ​ព្រះ​អង្គជា​ព្រះសង្ឃ​ខ្មែរក្រោម និង​មាន​គេ​ចង់បាន​កុដិ​ថ្មី​របស់​ព្រះអង្គ ។​

ព្រះសង្ឃ​ខ្មែរក្រោម​ជាង ៥០ អង្គ បានមក​ជួបជុំគ្នា​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​តវ៉ា​ជំទាស់​ទៅ នឹង​សេចក្ដីសម្រេច​ចាប់​ផ្សឹក​នោះ ។​ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ​ខ្មែរក្រោម​ជាង ៥០ អង្គ បានមក​ជួបជុំគ្នា​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​តវ៉ា​ជំទាស់​ទៅ នឹង​សេចក្ដីសម្រេច​ចាប់​ផ្សឹក​នោះ ។​ រូបថតៈ ស៊ឺន ចែងចើន

​សូមបញ្ជាក់ថា ព្រះតេជព្រះគុណ គឹម សិលា បាន​និមន្ត​ចូលមក​គង់ នៅក្នុង​វត្ត​ស្ទឹងមានជ័យ តាំងពី​ឆ្នាំ ២០០០ មកម្ល៉េះ ។ បើ​គិត​មកទល់ នឹង​ពេលនេះ គឺ​រយៈពេល ១៥ ព្រះវស្សា​មកហើយ ។

​ព្រះតេជព្រះគុណ គឹម សិលា កន្លងមក​ធ្លាប់​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ដូចជា​និមន្ត​ទៅធ្វើ​សកម្មភាព​មនុស្សធម៌​ដល់​ទាហាន​ការពារ​ប្រាសាទព្រះវិហារ នៅឯ​ខេត្តព្រះវិហារ ផ្តល់​ទីកន្លែង​ស្នាក់នៅ និង​អាហារូបករណ៍ ដល់​សិស្ស​/​និស្សិត ។ ជាពិសេស​សកម្មភាព​ចែក​អំណោយ​ដល់ សកម្មជន​តវ៉ា​រឿង​បញ្ហាដីធ្លី ដោយបាន​ផ្ដល់​អាហារ ថវិកា នៅពេល​ពួកគាត់​ចូលរួម​ការតវ៉ា​ម្តងៗ ៕