ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
អង្គការ និងសមាគមខ្មែរកម្ពុជាក្រោមចំនួន ១២ ដែមមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានដឹកនាំប្រ ជាពលរដ្ឋប្រមាណ ២០០ នាក់ និងព្រះសង្ឃប្រមាណ ១២០ អង្គ ធ្វើបាតុកម្មអហិង្សា នៅទីលានប្រ ជាធិបតេយ្យនៅព្រឹកថ្ងៃទី ២៥ មិថុនា នេះ ។

ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងយកញត្តិដាក់ជូនរដ្ឋាភិបាល ដើម្បីសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ប្រទេសជាមិត្តរបស់ប្រទេសកម្ពុជា ដើម្បីឲ្យដោះលែងព្រះសង្ឃខ្មែរក្រោមចំនួន ២ អង្គ ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែឧសភា កន្លងមក ។
តំណាងអង្គការសមាគមខ្មែរក្រោមនៅកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរវៀតណាម បញ្ឈប់នូវការរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម និងដោះលែងព្រះសង្ឃខ្មែរក្រោមឲ្យមានសេរីភាពវិញជាបន្ទាន់ដោយគ្មានលក្ខ ខណ្ឌ ។
លោក សឺន ជុំជួន នាយកកម្មវិធីនៃអង្គការខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ព្រះសង្ឃ និងបងប្អូនខ្មែរកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមបំបាត់សិទ្ធិផ្នែកវប្បធម៌, សាសនា និងការអប់រំ ។
ញត្តិដែលមានជាភាសាខ្មែរ និង អង់គ្លេសរបស់អង្គការសមាគមខ្មែរក្រោមនោះ ត្រូវបានប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ចេញមកទទួលយកពីតំណាងអង្គការសមាគមខ្មែរក្រោមភ្លាមៗ នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ២៥ មិថុនា ។
ដោយទទួលបានការជូនដំណឹងទុកជាមុន នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក កើត ឆែ បានចេញមុខទទួលយកញាត្តិរបស់បាតុករទាំងនេះ តែបដិសេធឆ្លើយបំភ្លឺ ដោយសន្យាថា នឹងចាត់ចែងរឿងនេះ តាមវិធានការរដ្ឋបាល ។
លោក កើត ឆែ ថ្លែងថា៖ “ដូចខ្ញុំជំរាបអញ្ចឹង ថាខ្ញុំអត់មានលទ្ធភាពឆ្លើយ ទៅនិងអ្នកសារព័ត៌មានទេ ព្រោះខាងអ្នកសារព័ត៌មាន បានសំនូមពរឲ្យមានអ្នកនាំពាក្យ ឥឡូវនេះអាចសួរ ទៅអ្នកនាំពាក្យបាន អ្នកនាំពាក្យផ្សេង ខ្ញុំនាយករដ្ឋបាលតួនាទីផ្សេង” ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍នៅក្នុងក្បួនបាតុកម្ម ថ្កោលទោសចំពោះការឃុំឃាំងព្រះសង្ឃពីសំណាក់អាជ្ញាធរវៀតណាមថា៖ “ឥឡូវនេះញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម គឺបានទៅដល់ដៃរបស់ រដ្ឋាភិបាលខ្មែររបស់យើង គឺតំណាងសាលាក្រុងគាត់ គឺគាត់ ដូចជា តំណាងឲ្យរដ្ឋាភិបាលដែរ ពីព្រោះតាមរយៈក្រសួងការបរទេស ឥឡូវនេះញត្តិយើងបានជូនដៃ លោក នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញហើយ” ។
នៅក្នុងញត្តិដាក់ជូនទៅរដ្ឋាភិបាលខ្មែរផ្ញើជូនរដ្ឋាភិបាលវៀតណាមនោះ អង្គការសមាគមខ្មែរក្រោមបានទាមទារចំនួន ៥ លក្ខខណ្ឌសំខាន់ គឺសុំឲ្យដោះលែងព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ។ ត្រូវបំបួសព្រះតេជព្រះគុណ លី ចិន្ដា ឡើងវិញ ហើយបញ្ជូនព្រះអង្គឲ្យធ្វើជាព្រះចៅអធិការវត្តដូចដើមវិញ ។ បញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាតាមវត្តអារាមនានា ។ បញ្ឈប់ជាបន្ទាន់នូវការដាក់ព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោមស្ថិតនៅក្រោមការត្រួតត្រារបស់សមាគមព្រះពុទ្ធសាសនាឯកភាពវៀតណាម និងត្រូវ បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងតាមគ្រប់រូបភាព និងការបិទសិទ្ធិសេរីភាពមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។
នៅលើទីលានបាតុកម្ម ព្រះសង្ឃបានឈរកាន់បដា ទាមទារឲ្យអាជ្ញាធរអាណានិគមវៀតណាមត្រូវតែដោះលែងព្រះភិក្ខុ លីវ នី និងភិក្ខុ ថាច់ ធឿន ជាបន្ទាន់ ។ ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា អនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តសាមគ្គីរង្សី បានអានញ្ញត្ដិដែលគ្រោងផ្ញើជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលបញ្ជាក់ថា ការឃុំខ្លួនព្រះសង្ឃជាការទម្លាក់កំហុស និងការបំបាត់សិទ្ធិ ។ ព្រះអង្គបានបន្តទៀតថា មានថេរដីកាថា ព្រះសង្ឃមកចូលរួមធ្វើបាតុកម្មនេះ គឺទាមទារឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើសកម្មភាពរំខានយាយីមកលើព្រះសង្ឃខ្មែរក្រោម ពីព្រោះព្រះសង្ឃខ្មែរក្រោមមិនដែលធ្វើសកម្មភាពអ្វីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមនោះឡើយ ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បានមានថេរដីកាថា៖ “បើយើងនិយាយពីសិទ្ធិសេរីភាពវិញគឺប្រជាពលរដ្ឋជនជាតិណាក៏ដោយគឺត្រូវមានសិទ្ធិទាំងអស់ ការផ្ដល់ព័ត៌មានគឺជាការមួយសម្រាប់មនុស្សសកលលោកទាំងអស់ប៉ុន្ដែពួកអាជ្ញាធរ វៀតណាម នៅប្រទេសវៀតណាមគេមិនដែលគិតពីសេរីភាពពេលដែលមានព្រះសង្ឃតវ៉ាអំពីបញ្ហានឹងគឺគេចោទប្រកាន់ ព្រះសង្ឃថាជាអ្នកបំផុសបំផុល” ។
តំណាងអង្គការសមាគមខ្មែរក្រោម បានសម្រេចចិត្តនាំគ្នាធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យនេះ ពីព្រោះថា ពួកគាត់បានព្យាយាមយកញត្តិដដែលនេះទៅដាក់ស្ថានទូតវៀតណាម ជាច្រើនលើកតែត្រូវបានស្ថានទូតបដិសេធមិន ទទួលយក ។ ញតិនេះក្រៅពីដាក់ទៅស្ថានទូតវៀតណាម អង្គការសមាគម ខ្មែរក្រោមក៏បានចម្លងជូន ហើយបានផ្ញើទៅរួចហើយទៅស្ថានទូតចំនួន ៥ នៅកម្ពុជា ក្នុងនោះមានស្ថាន ទូតសហរដ្ឋអាមេរិក, អូស្ត្រាលី ,ស៊ុយអែត, ចក្រភពអង់គ្លេស, អាល្លឺម៉ង់ និង ញតិនេះ ក៏ បានចម្លង ជូនទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ផងដែរ ។
ទន្ទឹមនឹងនេះ ព្រះតេជព្រះគុណ លី ចាន់ នេន មកពីប្រទេសកាដាណា បានស្រែកទាំងក្តីឈឺចាប់ក្នុងហ្វូងបាតុកម្មថា អាជ្ញាធរវៀតណាម គប្បីបញ្ឈប់ជាបន្ទាន់ផងដែរ នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះ ពុទ្ធសាសនា តាមវត្តអារាមនានា៖ “ពុទ្ធបរិស័ទនៅទឹកដីកម្ពុជាក្រោមរបស់យើងមានការគោរពហៅថាប្រតិបត្ដិនូវព្រះពុទ្ធសាសនា ម្លោះហើយយើងទាំងអស់គ្នា ហៅថាកើតទុក្ខមិនសុខចិត្ដ នៅទង្វើអមនុស្សធម៌ដែលរដ្ឋាភិបាលវៀតណាមធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់របស់ខ្មែរកម្ពុជាក្រោមរបស់យើងក៏ដូចជាព្រះសង្ឃខ្មែរកម្ពុជាក្រោមយើង” ។
ដោយឃើញនូវរូបភាពគាបសង្កត់ទាំងនេះ អ្នកស្រី សាន ញ៉ុង ដែលបានចូលរួមក្នុងការធ្វើបាតុកម្ម នេះដែរនោះ អំពាវនាវឲ្យរដ្ឋាភិបាលខ្មែរក្នុងអាណត្តិថ្មី ជួយអន្តរាគមន៍ដល់រដ្ឋាភិបាលវៀតណាមឲ្យលុបបំបាត់ការបំបិទសិទ្ធិសេរីភាពទាំងនេះ “សូមណូមពរឲ្យរដ្ឋាភិបាលជាប់ឆ្នោតក្រោយហ្នឹងគាត់យកចិត្ដទុកដាក់ ដើម្បីគិតគូរដល់កម្ពុជាក្រោមផង សូមឲ្យបានសុខសាន្ដ សុំឲ្យមានសេរីភាព ដូចគេដូចឯង” ។
កាលពីដើមខែឧសភាកន្លងមកនេះ អាជ្ញាធរខេត្តឃ្លាំងវៀតណាមបានចាប់ព្រះតេជព្រះគុណ លីវ នី ជាចៅអធិការវត្តសេរីតាសេក និង ព្រះតេជព្រះគុណ ថាច់ ធឿន ជាគ្រូពហុសូត្រយកទៅឃុំខ្លួន ពីបទទាក់ ទងខ្មែរក្រោមនៅក្រៅប្រទេស ។ មកទល់ពេលនេះ ព្រះសង្ឃទាំងពីរអង្គនេះ កំពុងតែ ត្រូវបានរដ្ឋាភិបាល វៀតណាមដាក់នៅក្នុងពន្ធនាគារនៅឡើយ ។
សូមបញ្ជាក់ថា ការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះ ត្រូវបានសាលាក្រុងហាមឃាត់មិនឲ្យមានការដង្ហែញ្ញត្ដិនោះទេ ដោយចាត់មន្ត្រីសាលាក្រុងឲ្យមកទទួលញ្ញត្ដិពីក្រុមបាតុករ ហើយបញ្ជូនទៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា ។
មុនរំសាយព្រះសង្ឃ និងបងប្អូនខ្មែរកម្ពុជាក្រោម បានធ្វើសមាធិ ដើម្បីបួងសួងឲ្យព្រះសង្ឃបានរួចផុតពីការឃុំឃាំង ។
ខុសពីលើកមុនៗ នៅក្នុងបាតុកម្មនេះ គេឃើញមានក្រុមសមត្ថកិច្ចតិចតួចបំផុត ដែលធ្វើសកម្មភាពការពារសន្តិសុខនៅជុំវិញទីលានប្រជាធិបតេយ្យ ខណៈដែលកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ប៉ូលិសខ្មែរ បានបង្ក្រាបព្រះសង្ឃខ្មែរ ក្រោម ក្នុងគ្រាដែលព្រះសង្ឃទាំងនោះនាំយកញត្តិដាក់ជូនស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក និងដាក់ពន្ធនាគារ ព្រមទាំងបញ្ឈប់ការរំលោភសិទ្ធិជំនឿ សាសនា វប្បធម៌ និងប្រពៃពណីដទៃទៀតរបស់ខ្មែរកម្ពុជាក្រោម ៕