ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា នឹ​ងប្រារព្វ​ខួប ១១ ឆ្នាំ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ នឹង​ប្រារព្វ​ពិធី​អបអរសាទរ​ខួប ១១ ឆ្នាំ ថ្ងៃ​អង្គការសហប្រជាជាតិ ប្រកាស​សិទ្ធិ​ជនជាតិដើម ។​

កិច្ចប្រជុំរបស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នាពេលកន្លងមក ។ រូបថតផ្តល់ដោយ៖ ជា សុភារិន្ទ
កិច្ចប្រជុំរបស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នាពេលកន្លងមក ។ រូបថតផ្តល់ដោយ៖ ជា សុភារិន្ទ

​លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង នឹង​បើក​កិច្ចប្រជុំ​របស់ខ្លួន នៅ​ថ្ងៃទី ២៦ សីហា ចុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​គម្រោង​​រៀបចំ​ទិវា ១៣ កញ្ញា ដែលជា​ថ្ងៃ​អង្គការសហប្រជាជាតិ ប្រកាសសេចក្ដី​ប្រកាស​ជាស​កល ស្ដីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។​

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាម​ទូរ​សព្ទ ប្រធាន​លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ឲ្យ​ដឹងថា គោលបំណង​នៃ​ការ​ប្រារព្វ​ទិវា​នេះ គឺ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ជនជាតិដើម ដល់​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម​ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​ក​ម្មុយ​និ​ស្ត​សព្វថ្ងៃ ។ លោក​បន្ថែមថា ដើម្បី​លើកកម្ពស់​ការយល់ដឹង អំពី​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស ស្តីពី​សិទ្ធិ​ជនជាតិដើម ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី និង​ជា​ច្បាប់​ត្រូវបាន​អនុម័ត ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន និង​តម្រូវ​ឲ្យ​ប្រទេស​នានា ដែលជា​ម្ចាស់​ហត្ថលេខី នៅ​ទូទាំង​ពិភពលោក គោរព និង​អនុវត្តតាម នូវ​អ្វីដែល​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង ។

​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម ត្រូវបាន​គេ​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ជុំវិញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា រួមទាំង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញា ត្រូវបាន​ជ្រើសរើស​ឡើង ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ។ ជាពិសេស នៅក្នុង​មាត្រា​នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម ។​

​នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ គឺមាន​រយៈពេល ១១ ឆ្នាំ​ហើយ ដែល​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីប្រកាស ស្តីពី​ការទទួលស្គាល់​សិទ្ធិ​ជនជាតិដើម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ក្នុងនោះ ប្រទេស​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះដែរ ។

​យ៉ាងនេះ​ក្តី លោក ថាច់ ឡែ​ន បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាម នៅ​មិនបាន​គោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​អាណានិគម​របស់ខ្លួន ឲ្យ​ពេញលេញ​នៅឡើយ​ទេ ។ លោក​ថា អាជ្ញាធរ​វៀតណាម នៅតែ​រំលោភបំពាន​សិទ្ធិ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​​បើទោះជា​វៀតណាម គឺជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ដែលមាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិដើម ដែល​ចែង​ដោយ​អង្គការសហប្រជាជាតិ​ក្តី ។​

លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ប្រធាន​លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតផ្តល់ដោយៈ ជា សុភារិន្ទ
លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ប្រធាន​លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតផ្តល់ដោយៈ ជា សុភារិន្ទ

​បើតាម​លោក ថាច់ ឡែ​ន បញ្ហា​នៃ​ការរំលោភ​សិទ្ធិ​ទាំងនោះ រួមមាន ការរំលោភ​ដីធ្លី ការ​រឹតត្បិត​រៀន​ភាសា​ខ្មែរ ការលុបបំបាត់​វប្បធម៌​ប្រពៃណី សាសនា​ និង​មិន​ទទួលស្គាល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ថា ជា​ជនជាតិដើម ដែល​រស់​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​ក្រៅពី​ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ពិធី​ប​អរសាទរ​ខួប​ឆ្នាំ​ទី ១១ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ។ ពលរដ្ឋ​ខ្មែរក្រោម នៅក្រៅ​ប្រទេស ក៏​គ្រោង នឹង​ប្រារព្វ​ទិវា​ស្រដៀង​គ្នា​នេះដែរ ។ ជាក់ស្តែង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្តីជូនដំណឹង​ថា នៅ​ថ្ងៃ ៨ ខែកញ្ញា ខាងមុខនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ដល់ ខួប ១១ ឆ្នាំ រំឭក​ដល់ ថ្ងៃ​អង្គការសហប្រជាជាតិ ប្រកាសសេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។​

​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម មាន ៤៦ មាត្រា ក្នុង នោះ មាត្រា​ទី ៣ និង​ទី ៤ បាន​ចែងថា រាល់​ជនជាតិដើម​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ។​

​តួលេខ​អង្គការសហប្រជាជាតិ​បង្ហាញថា ជនជាតិដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០ លាន​នាក់ រស់នៅក្នុង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ។ ក្រុម​ជនជាតិដើម​ទាំងនោះ កំពុងតែ​ប្រឈម នឹង​ការរំលោភបំពាន បំបិទ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ដោយ​ជាតិ​សាសន៍ ឬ​ដោយ​ប្រទេស​អាណានិគម ។ ជាពិសេស​ពួកគេ​ទាំងនោះ កំពុង​ប្រឈម នឹង​បញ្ហា​សិទ្ធិ​កាន់កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី​ផ្សេងៗ ជាដើម ៕