អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក​

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៩ ខែសីហា ខាងមុខនេះ នឹង​ប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក ។

សម្រាប់​ឆ្នាំ ២០១៧ ទិវា​ជនជាតិដើម​អន្តរជាតិ​ពិភពលោក គឺជា​ខួប​លើក​ទី ២៣ ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក និង​ជា​លើក​ទី ១៣ សម្រាប់​ប្រទេស​កម្ពុជា ។

លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បើកកិច្ចប្រជុំនៅថ្ងៃទូ ១៥ កក្កដា ២០១៧ ពិភាក្សា អំពីប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក​ ។
លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បើកកិច្ចប្រជុំនៅថ្ងៃទូ ១៥ កក្កដា ២០១៧ ពិភាក្សា អំពីប្រារព្វ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក​ ។

​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន នៅ​ថ្ងៃទី ១៥ កក្កដា កន្លងទៅនេះ លេខាធិការដ្ឋាន​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង នឹង​រៀបចំ​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក នៅឯ​ទីស្នាក់ការ​កណ្តាល​របស់សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង ៨ ព្រឹក ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០០ អង្គ​/​នាក់ ។

​តាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ការ​ប្រារព្វ​ទិវា​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពី​សិទ្ធិ​ជនជាតិដើម ដែល​ត្រូវ​បានអនុម័ត​ច្បាប់ ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី​សិ​ទិ្ធ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន ដោយ​តម្រូវ​ឲ្យ​ប្រទេស​នានា លើ​ពិ​ព​ភ​លោក ត្រូវគោរព​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី ។​

សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិន​មានការ រើសអើង​អ្វី​ទាំងអស់ ជាពិសេស នៅក្នុង​មាត្រា នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម ។

​តាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដដែល នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ គឺមាន​រយៈពេល ១០ ឆ្នាំ​ហើយ ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ មិនបាន​គោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​អាណានិគម​របស់ខ្លួន ឲ្យ​ពេញលេញ​នៅឡើយ​ទេ ។​

គួររំឭកថា ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ពិភពលោក ត្រូវបាន​អនុម័ត​ដោយ​កិច្ចប្រជុំពេញអង្គ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៩៤ សំដៅ​លើកស្ទួយ​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច តាមរយៈ​ការទទួលស្គាល់​ជា​សាធារណៈ និង​ជំរុញ​ការយល់ដឹង​ទូទៅ​របស់​ប្រជាជន​អំពី​វប្បធម៌ និង​បញ្ហា​របស់​ជនជាតិដើម នៅក្នុង​ពិភពលោក ៕