ដោយ ស៊ឺន ចែងចើន
លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នឹងរៀបចំពិធីរំឭកព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ នៃទិវាតស៊ូរទាមទារសិទ្ធិសេរីភាពរស់រានមានជីវិត ដូចប្រជាពលរដ្ឋទូទៅ នៅលើទឹកដីកំណើតរបស់ខ្លួន ដែលគ្រប់គ្រងអំណាចដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ នៅឆ្នាំ ២០២១ នេះ ជាខួបគម្រប់រយៈពេល ៤៥ ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរក្រោម បានងើបឡើងធ្វើចលនាតស៊ូរំដោះទឹកដីកម្ពុជាក្រោម ចេញពីការគ្រប់គ្រងអំណាចរបស់ប្រទេសវៀតណាម ប៉ុន្តែ ការតស៊ូនោះ មិនបានជោគជ័យនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ពិធីរំឭកខួប ៤៥ ឆ្នាំ នៃទិវាតស៊ូរបស់ខ្មែរក្រោម រៀបចំឡើងជារបៀបនៃកិច្ចពិភាក្សាតុមូល ឬជាកម្មវិធីវេទិកាសួរដេញដោល ទៅលើប្រធានបទ «ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ជាឥទ្ធិពលដល់បច្ឆាជនខ្មែរក្រោម គួរចងចាំ» ដោយអនុញ្ញាតឲ្យអ្នកចូលរួមជួបមុខគ្នាផ្ទាល់ និងអ្នកតាមដានការផ្សាយផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក អាចធ្វើការសាកសួរនិងឆ្លើយឆ្លងដោយផ្ទាល់ ជាមួយគណៈវាគ្មិន ។ កម្មវិធីនេះ នឹងរៀបចំឡើង នៅពេលរសៀល ថ្ងៃអាទិត្យ ទី ១៤ វិច្ឆិកា ខាងមុខនេះ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សេចក្តីប្រកាសដដែល ក៏បានឲ្យដឹងទៀតថា នៅមុនពេលកិច្ចពិភាក្សាចាប់ផ្តើមទាក់ទង នឹងប្រធានបទខាងលើ ក៏ នឹងមានពិធីដារបង្សុកូល ឧទ្ទិសកុសលប្រគេន និងជូនដួងវិញ្ញាណក្ខន្ធព្រះវីរសមណៈ វីរបុរស និងវីរនារីខ្មែរកម្ពុជាក្រោម ដែលបានពលីកាយ ថ្វាយជីវិត ចំពោះជាតិ មាតុភូមិ នាព្រឹត្តិការណ៍ ថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។

លោក សឺន យឿង ប្រធានប្រតិបត្តិ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាសាក្សីនៃព្រឹត្តិការណ៍បះបោរនោះ ឲ្យដឹងថា គោលបំណងនៃការរៀបចំទិវា ១៦ វិច្ឆិកានេះ គឺដើម្បីរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ដែលមិនចង់រស់នៅក្រោមរបបអាណានិគមនិយមវៀតណាម ដោយបង្កើតចលនាតស៊ូមួយ មានឈ្មោះថា «រណសិរ្សសេរីភាពជាតិ រំដោះខ្មែរកម្ពុជាក្រោម» ដើម្បី ងើបឡើងទាមទារសិទ្ធិសេរីភាពជាមូលដ្ឋាន ពីរដ្ឋអំណាចវៀតណាម ជូនប្រជាពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើតរបស់ខ្លួន ដោយសារតែ នៅក្រោយថ្ងៃទី ៣០ មេសា ១៩៧៥ រដ្ឋាភិបាលវៀតណាម បានរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរក្រោម ដែលស្ថិតនៅក្រោមការគ្រប់គ្រងអំណាចរបស់ខ្លួន ដូចជា សិទ្ធិជំនឿសាសនា សិទ្ធិក្នុងការសិក្សាអក្សរសាស្ត្រខ្មែរ ដែលជាភាសាកំណើត និងបញ្ហាផ្សេងៗ ទៀត ។ បើតាមលោក សឺន យឿង លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះ រដ្ឋាភិបាលវៀតណាម បានធ្វើការបង្ក្រាប់មកលើក្រុមអ្នកតស៊ូទាមទារសិទ្ធិសេរីភាពយ៉ាងឃោរឃៅ បណ្តាលឲ្យមានអ្នកស្លាប់ ការចាប់ខ្លួនព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនពាន់នាក់ ។ ចំណែកប្រជាពលរដ្ឋមួយចំនួន ត្រូវបានគេយកទៅសម្លាប់ និងមួយចំនួនកាត់ទោសប្រហារជីវិត ហើយមួយចំនួនទៀត យកទៅកាត់ទោសឲ្យជាប់គុកពី ៣ ឆ្នាំ រហូតដល់អស់មួយជីវិត ដោយចោទប្រកាន់ថា ពួកក្បត់ជាតិ ។
គួរជំរាបជូនថា ព្រឹត្តិការណ៍ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោមរបបអាណានិគមយួន និងចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ក៏បានបង្កើតលនាមួយឈ្មោះថា «រណសិរ្សសេរីភាពជាតិ រំដោះខ្មែរកម្ពុជាក្រោម» ដែលមានលោក សឺង ញ៉ ជាប្រធាន និងលោក លោក កៀង ហ៊ាន ជាអនុប្រធាន ។
នៅពេលបច្ចុប្បន្ននេះ សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសមាគមខ្មែរក្រោម នៅក្រៅប្រទេស កំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិជាម្ចាស់ស្រុក ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។ ក្រុមសកម្មជនខ្មែរក្រោម ទាំងនោះ លើកឡើង ដោយសង្ឃឹមថា ពលរដ្ឋខ្មែរក្រោមនឹងមានសិទ្ធិសេរីភាពពេញលេញក្នុងពេលខាងមុខ ដោយសារតែមានយន្តការច្បាប់ និងការយល់ដឹងកាន់តែច្រើន នៅលើឆាកអន្តរជាតិ ពីបុព្វហេតុរបស់ពួកគេ ក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកំណើត ដោយប្រើប្រាស់យន្តការអហិង្សា ៕