ដោយ ស៊ឺន ចែងចើន
អង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា គ្រោង បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលជាខួបលើកទី ៧១ ឆ្នាំ ក្រោមប្រធានបទ «លើកស្ទយសិទ្ធិមនុស្សខ្មែរក្រោម» ។ កម្មវិធីនេះ រៀបចំឡើងនៅខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ២០០ នាក់ ។

ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី ៨ ខែធ្ នូ ២០១៩ នេះ មានអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា និងសហព័ន្ធខ្មែរកម្ពុជាក្រោម រួមសហការជាមួយអង្គការដៃគូរមួយចំនួនទៀត រួមមាន អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT) អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) អង្គារវិទ្យាស្ថានសន្តិភាពកម្ពុជា (PIC) អង្គការនារីដើម្បីសន្តិភាព (WPM) និងពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ផ្សេងៗ ជាពិសេសបញ្ហាប្រឈម នឹងការបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងខេត្តនានានៃប្រទេសកម្ពុជា ។

នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០១៩ នេះ ក៏មានការបង្កើតសារតស៊ូមតិជាមួយ នឹងពាក្យស្លោកសរសេរលើស្លាកបដាផង ។ សារទាំងនោះ មានជាអាទិ៍ សិទ្ធិខ្មែរក្រោម គឺសិទ្ធិមនុស្ស, សូមផ្តល់ឲ្យយើងខ្ញុំជាប្រជាពលរដ្ឋស្របច្បាប់នៅកម្ពុជា, សំនៀងរបស់ខ្មែរក្រោម គឺជាសំនៀងជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម, យើងខ្ញុំត្រូវការសិទ្ធិលំនៅឋាន និងដីធ្លី, យើងខ្ញុំត្រូវការសេវាកម្មសុខភាព និងសង្គមកិច្ចដោយស្មើភាពគ្នា, សូមផ្តល់សំបុត្រកំណើតដល់កូនចៅយើងខ្ញុំគ្រប់ៗ រូប ដើម្បីបានទទួលសេវាកម្មអប់រំ, យើងខ្ញុំទាំងអស់គ្នាជាជនជាតិដើម នៅកម្ពុជាក្រោម, យើងខ្ញុំទាំងអស់គ្នាមានសិទ្ធិចូលរួមបោះឆ្នោតនៅកម្ពុជា, យើងខ្ញុំត្រូវការសិទ្ធិរស់រានមានជីវិតតាមរយៈការងារ និងមុខរបរ, សូមផ្តល់អត្តសញ្ញាណប័ណ្ណឲ្យយើងខ្ញុំបានគ្រប់ៗ គ្នា ។ល។

គួរជម្រាបជូនថា អង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១ លាននាក់ ។
ជារឿយៗ ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងស្វេងរកឱកាសជួបពិភាក្សាផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់ សម្រាប់ឋានៈជាពលរដ្ឋរបស់ខ្មែរក្រោម នៅកម្ពុជា ៕