
បេក្ខនារី មកពីទឹកដីកម្ពុជាក្រោម ដែលអាចឆក់យកបេះដូង ពីមហាជនបានគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបង្ហាញទេពកោសល្យ កំលុងពេលបង្ហាញសមត្ថភាព នៅលើឆាកបវរកញ្ញាចក្រវាលកម្ពុជា ២០២១ បានបង្ហាញនូវក្តីសង្ឃឹម និងមានជំនឿលើខ្លួនឯងជានិច្ច សម្រាប់ការចេញដំណើរទៅប្រកួតជាលក្ខណៈអន្តរជាតិ នាពេលនេះ ។
តាមរយៈការប្តេជ្ញាចិត្ត ចំពោះខ្លួន ដែលខំតស៊ូប្រឹងប្រែង និងព្យាយាមនាពេលកន្លងមក និងនៅពេលបច្ចុប្បន្ន ។ អ្នកគាំទ្ររបស់កញ្ញា ឆន ស្រីណេត ជាច្រើន បានផ្តល់កម្លាំងចិត្ត និងមានជំនឿទៅលើរូបនាងថា នឹងទទួលបានជោគជ័យ ដើម្បីជាការលើកតម្កើងដល់មុខមាត់ប្រទេសជាតិ តាមរយៈការបង្ហាញអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិ ។ ពិសេសទៀតនោះ កញ្ញា ឆន ស្រីណេត ក៏បានក្លាយជាស្រ្តីខ្មែរក្រោម ដំបូងគេ ដែលតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Tourism International 2022 នៅប្រទេសម៉ាឡេស៊ី ហើយនេះ ក៏ជាឱកាសដ៏វិសេសវិសាលបំផុត សម្រាប់នាងបង្ហាញខ្លួន ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថា «ខ្មែរក្រោម ជានរណា» ផង ។
សូមបញ្ជាក់ថា កញ្ញា ឆន ស្រីណេត បច្ចុប្បន្នជាគ្រូបង្រៀនក្បាច់ហាត់ប្រាណ និងជាអ្នកបង្ហាញម៉ូត (Freelance) នៅរាជធានីភ្នំពេញ ទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាទេសចរណ៍ ដែលរៀបចំធ្វើនៅឯប្រទេសម៉ាឡេស៊ី នាពេលនេះ គឺកញ្ញា បាននាំយកឈុតអប្សរា និងក្បាច់គុនល្បុក្កតោ យកទៅបង្ហាញ នៅលើឆាកអន្តរជាតិផង ។