នៅថ្ងៃទី ១១ ខែកក្កដា សប្ដាហ៍នេះ ពលរដ្ឋខ្មែរក្រោម បានប្រទះឃើញរូបបដិមាព្រះវិស្ណុបុរាណមួយ នៅជិតវត្តបួនព្រះភ័ក្រ្ត នាស្រុកកំពង់ធំ ដែលយួនហៅថា ស្រុកចូវថាញ់ នៅក្នុងខេត្តឃ្លាំង ។

តាមប្រភពព័ត៌មានក្នុងស្រុករបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានបញ្ជាក់ថា អាជ្ញាធរយួនស្រុកកំពុងធំ បានធ្វើរបាយការណ៍នេះទៅថ្នាក់ខេត្ត ដើម្បីស្នើសុំអាជ្ញាធរពាក់ពន្ធជួយពិនិត្យមើលថា តើបដិមានេះ មានតាំងពីសម័យណាមក ។
ដោយសារ កម្ពុជាក្រោម កំពុងតែនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន រូបបដិមានេះ នៅមិនទាន់បានធ្វើការសិក្សា និងវាយតម្លៃដោយក្រុមអ្នកជំនាញខាងបុរាណវត្ថុជនជាតិខ្មែរ នៅឡើយ ។ សព្វថ្ងៃ រូបបដិមានេះ ព្រះសង្ឃបានយកទៅតាំងនៅក្នុងវត្តបួនព្រះភ័ក្រ្ត ដើម្បីថែរក្សា និងគោរពបូជា ។
តាមប្រភពព័ត៌មានយួនថា អាជ្ញាធរយួនកំពុងតែមានការព្រួយបារម្ភ ចំពោះការជួបជុំរបស់ពលរដ្ឋខ្មែរក្រោម ដែលបាននាំគ្នាមកមើល និងគោរពចំពោះរូបសំណាកព្រះវិស្ណុបុរាណនេះ ។
វត្តបួនព្រះភក្រ្ត បានកសាងនៅក្នុង គ្រឹស្តសករាជ ១៤៩៥ នៅក្នុងស្រុកកំពុងធំ ។ មកដល់ឆ្នាំ ២០២០ នេះ វត្តមានអាយុកាល ៥២៥ ឆ្នាំ ហើយ ។