ដោយ យន់ សាមៀន | RFA Khmer
ពលរដ្ឋខ្មែរក្រោម ជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីស្រែចម្ការ ប្រមាណបីពាន់ហិកតារ ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ បានដាក់លិខិតតវ៉ា ទៅនាយករដ្ឋមន្ត្រីវៀតណាម ស្នើសុំឲ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេជាបន្ទាន់ ដើម្បីពួកគេអាចធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ សំណើនេះ ធ្វើឡើងស្របពេល សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំក្រសួងការបរទេសអាមេរិក ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយបញ្ហាដីធ្លី ដែលវៀតណាមបានរឹបអូស ជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមកំណើតវិញ ។

តំណាងពលរដ្ឋខ្មែរក្រោម បានដាក់ញាតិទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យដោះស្រាយជម្លោះដីធ្លី ដើម្បីផ្ដល់ដីស្រែ ចម្ការដល់ពលរដ្ឋខ្មែរក្រោមវិញ ឲ្យបានឆាប់រហ័សទីបំផុត ពីព្រោះពលរដ្ឋខ្មែរក្រោម អាចរស់រានមានជីវិត គឺអាស្រ័យដីស្រែ ។ តំណាងពលរដ្ឋខ្មែរក្រោម លោក ទៀន ស៊ីម បញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ១០ ឧសភាថា លោកតំណាងឲ្យពលរដ្ឋមកពី ១៤៥ គ្រួសារ មានពលរដ្ឋប្រមាណ ៨០០ នាក់ ជាជនរងគ្រោះនៃការបង្ខំបណ្ដេញដោយប្រើប្រាស់អំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ ។
លោក ទៀន ស៊ីម បានសរសេរក្នុងញាតិនោះថា ពលរដ្ឋខ្មែរក្រោម បានចូលទៅកាប់ឆ្ការដី ដែលវៀតណាមរឹបអូសនោះ តាំងពីឆ្នាំ១ ៩៨២ ជាដីដូនតារបស់ខ្មែរក្រោម ធ្លាប់ធ្វើស្រែ ប៉ុន្តែពលរដ្ឋខ្មែរក្រោម បានផ្អាកធ្វើស្រែដោយសារតែដីនោះ ត្រូវទឹកលិច រយៈពេលបីឆ្នាំជាប់ៗ គ្នា ។ លោកបន្តថា ពេលទឹកស្រក ពលរដ្ឋខ្មែរក្រោម បានប្រើប្រាស់ដីនោះ រហូតដល់កាលពីដើមខែឧសភានេះ ទើបវៀតណាមប្រើប្រាស់ កម្លាំងប្រដាប់អាវុធ ទៅរឹបអូសយកដីពីពលរដ្ឋខ្មែរក្រោមតែម្តង ។ កាលពីថ្ងៃទី ៥ ខែឧសភា អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធជាច្រើននាក់ បានចុះទៅហាមឃាត់ និងរឹបអូសយកដីពលរដ្ឋ ដែលស្ថិតក្នុងភូមិប៉ប្រក់ ខេត្តក្រមួនស ដែលវៀតណាម បានប្ដូរឈ្មោះមកជាខេត្ត កៀង យ៉ាង (Kien Giang)។ ប៉ុន្តែពលរដ្ឋបានជំទាស់ រហូតអាជ្ញាធរវៀតណាម បង្កអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់ រងបួសធ្ងន់ និងស្រាល ។
តំណាងពលរដ្ឋខ្មែរក្រោមម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់អាស៊ីសេរី ឲ្យដឹងថា ប្រសិនបើពលរដ្ឋខ្មែរក្រោម បាត់បង់ដីស្រែចម្ការ ពួកគេ នឹងបង្ខំចិត្តដើរស៊ីឈ្នួលឲ្យការងារឲ្យគេ ដើម្បីចិញ្ចឹម៖ «ក្នុងគ្រួសារខ្ញុំមានកូនដល់ ៦ នាក់ ហើយមានដីតែមួយហិកតារ ។ យើងរស់ម្ដេចកើត យើងជាជនជាតិខ្មែរ យើងរកស៊ីតែប៉ុណ្ណឹងហើយ អត់មានជួញដូរអីទេ» ។
លោកបន្តថា ពលរដ្ឋខ្មែរក្រោម នឹងបន្តស្វែងរក កិច្ចអន្តរាគមន៍ពីមជ្ឈដ្ឋានផ្សេងៗ ដើម្បីទទួលបានដីមកវិញ ។ លោកថា ពលរដ្ឋខ្មែរក្រោម នឹងនាំគ្នាទៅធ្វើស្រែ លើដីដែលវៀតណាម អាចរឹបអូសជាថ្មីទៀត ប្រសិនបើគ្មានដំណោះស្រាយពីអាជ្ញាធរវៀតណាម៖ «យើងចង់ទាមទារឲ្យបាន ប៉ុន្តែយើងមិនដឹងថា យើងបានក៏អត់? ខ្លួនខ្ញុំ ខ្ញុំប្ដូរផ្ដាច់ ខ្ញុំបូជាជីវិត» ។
ស្របពេលដែលខ្មែរក្រោមនៅវៀតណាម កំពុងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលវៀតណាម ឲ្យដោះស្រាយបញ្ហាដីធ្លីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសអាមេរិក ឲ្យជំរុញវៀតណាម ឱ្យផ្ដល់ដីទៅខ្មែរក្រោមវិញ ។ ក្នុងលិខិតទៅមន្ត្រីផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃការិយាល័យកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិច អ្នកស្រី សេនត្រា ឌូផុយ (Sandra Dupuy) កាលពីថ្ងៃទី ១១ ឧសភា បញ្ជាក់ថា សហព័ន្ធស្នើសុំជំនួយ ពីសហរដ្ឋអាមេរិក ជុំវិញការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម ។ លិខិតស្នើឲ្យអាមេរិក និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ត្រូវជួយគាបសង្កត់អាជ្ញាធរកុម្មុយនិស្តវៀតណាម ដើម្បីផ្ដល់ដីខ្មែរដល់ពលរដ្ឋខ្មែរក្រោមវិញ ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏គ្រោង នឹងធ្វើលិខិតសុំអន្តរាគមន៍ទៅអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឲ្យអន្តរាគមន៍ករណីរំលោភយកដីធ្លីពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាមនេះ ។ ព្រះអង្គមានថេរដីកាបន្តថា ខ្មែរក្រោមរស់រានមានជីវិត អាស្រ័យទៅលើដីស្រែចម្ការ ដូច្នោះការណ៍ ដែលអាជ្ញាធរវៀតណាមរឹបអូសដីស្រែពីពួកគេ គឺស្មើ នឹងសម្លាប់ពួកគេដូច្នោះ៖ «ពលរដ្ឋខ្មែរក្រោម ភាគច្រើនរស់អាស្រ័យលើដីស្រែចម្ការ ។ ប្រសិនបើអាជ្ញាធរយួនមិនសងដីធ្លីទេ ពលរដ្ឋខ្មែរក្រោម នឹងជួបទុក្ខលំបាក» ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បារម្ភថា ការរំលោភយកដីខ្មែរក្រោមនេះ ជាយុទ្ធសាស្ត្រ របស់វៀតណាម ដើម្បីបន្តឈ្លានពាន យកដីពីពលរដ្ឋខ្មែរក្រោម ពីព្រោះវៀតណាម កាលពីឆ្នាំ ១៩៧៥ ធ្លាប់យកដីពីពលរដ្ឋខ្មែរក្រោម នៅខេត្តមាត់ជ្រូក ។ កាលពីនោះ វៀតណាម បោកប្រាសឲ្យខ្មែរក្រោម បោះបង់ដីធ្លី ទៅរស់នៅកន្លែងផ្សេង ដោយអាជ្ញាធរវៀតណាម កុហកថា ទាហានខ្មែរក្រហម អាចចូលដល់តំបន់ដែលខ្មែរក្រោម រស់នៅ ប៉ុន្តែក្រោយពេលចប់សង្គ្រាម វៀតណាមបានយកដីខ្មែរក្រោម ទៅចែកឲ្យពលរដ្ឋវៀតណាម ទាំងអស់ ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) មានថេរដីកាបន្តទៀតថា ទោះបីសហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើសុំឲ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិក៏ដោយ ប៉ុន្តែក្តីសង្ឃឹមថា វៀតណាម នឹងដោះស្រាយឲ្យពលរដ្ឋខ្មែរក្រោម គឺមានតិចតួចបំផុត៖ «សហព័ន្ធខ្មែរក្រោម អត់សង្ឃឹមថា អាជ្ញាធរយួន នឹងដោះស្រាយដោយយុត្តិធម៌ ឬសងសំណងដល់ខ្មែរក្រោមសមរម្យទេ» ។
ព្រះអង្គបន្តថា កន្លងមកយ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរក្រោម ត្រូវវៀតណាមជាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានតវ៉ារឿងជម្លោះដីធ្លី ។ ទាក់ទងទៅ នឹងការរំលោភដីធ្លីពលរដ្ឋខ្មែរក្រោមនេះ មន្ត្រីជាន់ខ្ពស់អង្គការយូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) ធ្លាប់ប្រាប់អាស៊ីសេរីថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ជាអ្នកគ្រប់គ្រងដីទាំងស្រុង នៅក្នុងប្រទេសនេះហើយ ទើបបានបណ្ដាលឲ្យមានវិបត្តិដីធ្លី កើតឡើងយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ។ អង្គការយូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) កត់សំគាល់ថា រដ្ឋាភិបាលវៀតណាម តែងតែប្រើប្រាស់ អំណាចជាម្ចាស់កម្មសិទ្ធិដីនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍ ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅទឹកដីកម្ពុជាក្រោម ចំនួន ២១ ខេត្ត មានជាង ៨ លាននាក់ ។ ពលរដ្ឋខ្មែរក្រោម ភាគច្រើនជាកសិករ ដែលពឹងផ្អែកលើដីស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត ៕