យុវជន​ខ្មែរ​ក្រោម ​អំពាវនាវ​ឲ្យ​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ក្នុង​ស្រុក​ ឲ្យ​ពង្រឹង​ការ​អភិរក្ស​ដើម​ឈើទាល ឧកញ៉ា សឺង គុយ

ដោយ យន់ សាមៀន | RFA Khmer

ដើម​ឈើ​ទាល​​វីរបុរស​​​​​ឧកញ៉ា ​សឺង ​គុយ ឬ​ចៅហ្វាយ​គុយ ​មាន​អាយុ​កាល​ជិត​ ២០០ ​ឆ្នាំ​មក​ហើយ ។ ដើម​ឈើ​ទាល​នេះ ​ជា​និមិត្តរូប​នៃ​ការ​លះ​បង់​ជីវិត​ ដើម្បី​បុព្វហេតុ​ការ​ពារ​ជាតិ​មាតុភូមិ​កម្ពុជា​ក្រោម​ របស់​ ចៅហ្វាយ គុយ ។ បច្ចុប្បន្ន ដើម​ឈើ​ទាល​នេះ កំពុង​រង​ការ​គំរាម​កំហែង​បំផ្លាញ​ចោល​ពី​សំណាក់​អាជ្ញាធរ​វៀតណាម គ្មាន​ពេល​ស្រាក​ស្រាន្ត​ឡើយ ។ ពលរដ្ឋ​ខ្មែរ​​ក្រោម ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ បាន​​អំពាវនាវ​ដល់​ខ្មែរ​ទាំង​អស់ ឱ្យ​​ហ៊ាន​ក្រោក​ឈរ​តស៊ូ​មតិ ដើម្បី​ការ​ពារ​ដើម​ឈើ​ទាល​នេះ ​ឲ្យ​បាន​គង់​វង្ស​យូរ​អង្វែង​ សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ជំនាន់​ក្រោយ ។

ដើមឈើទាល ដែល​វីរបុរស​​ខ្មែរ​ក្រោម ​ឧកញ៉ា សឺង គុយ ដាំ​នៅ​ចន្លោះវត្តចម្បកមាស (ខឿន) និងវត្តចម្ប៉ាអង្គរជ័យ (ចំការ) ស្ថិតនៅភាគខាងត្បូង នៃទី​រួមខេត្ត​ព្រះត្រពាំង ទឹកដីកម្ពុជា​ក្រោម កាលពី​ឆ្នាំ ១៨៤១ ។ រូបពី Internet
ដើមឈើទាល ដែល​វីរបុរស​​ខ្មែរ​ក្រោម ​ឧកញ៉ា សឺង គុយ ដាំ​នៅ​ចន្លោះវត្តចម្បកមាស (ខឿន) និងវត្តចម្ប៉ាអង្គរជ័យ (ចំការ) ស្ថិតនៅភាគខាងត្បូង នៃទី​រួមខេត្ត​ព្រះត្រពាំង ទឹកដីកម្ពុជា​ក្រោម កាលពី​ឆ្នាំ ១៨៤១ ។ រូបពី Internet

​ដើម​ឈើ​ទាល​ឧកញ៉ា​ សឺង​ គុយ​​ បច្ចុប្បន្ន​មាន​កម្ពស់​ប្រមាណ​ ២៥ ម៉ែត្រ​ និង​ទំហំ​ប្រមាណ​ ៧ ឱប ​មាន​ឫស​ស្រាក់​គ្នា​ និង​មាន​មែក​រមួល​ចាក់​ស្រែស​ ហើយ​ចោល​ម្លប់​យ៉ាង​ត្រ​ឈឹង​ត្រឈៃ​ ។ ដើម​ឈើ​ទាល​នេះ ​ស្ថិត​នៅ​ទិស​ខាង​ត្បូង ​នៃ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង​ ដែល​វៀតណាម​ប្ដូរ​ឈ្មោះ​ថា​ខេត្ត ត្រា ​វិញ ​(Tra​ Vinh) ។ លោកឧកញ៉ា​ សឺង​ គុយ ​បាន​​ដាំដើម​ឈើ​ទាល​នេះ​​បញ្ច្រាស​ចុង កាលពី​ឆ្នាំ ១៨៤១​ មុន​ពេល​ដែល​លោក​ឧកញ៉ា​លះ​បង់​ជីវិត ​ឲ្យ​វៀតណាម​កាត់​ក​ប្ដូរ​យក​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី ​សាសនា​ សម្រាប់​ជាតិ​មាតុ​ភូមិ​ខ្មែរ​កម្ពុជា​ក្រោម​​ ។ ក្នុង​ពេល​ដាំ​មេ​ឈើទាល​​បញ្ច្រាស​​នេះ ​វីរបុរស​ឧកញ៉ា​ សឺង​ គុយ​ បាន​​ផ្សង​ថា ​បើ​​ជាតិ​សាសនា​ខ្មែរ​នៅ​គង់​វង្ស ​សូម​ឱ្យ​មែក​ឈើ​ទាល​នេះ ​ដុះ​លូត​លាស់​ឡើង​ ។

ទី​ឋាន​ប្រវត្តិសាស្ត្រ​ទាក់​ទង​ នឹង​ពលិកម្ម​របស់​​លោក​វីរបុរស​ឧកញ៉ា ​សឺង ​​គុយ​ ដែល​​កុលបុត្រ​ខ្មែរ​គួរ​ចង​ចាំ​ គោរព​បូជា រួម​មាន​ ៣ កន្លែង​ផ្សេង​ទៀត ​ទី​មួយ​ គឺ​ចេតិយ​ដី​​កប់​យុទ្ធភណ្ឌ​ នៅ​វត្ត​ចេតិយ​​ ទីលាន​ប្រយុទ្ធ​ទទួល​ជ័យ​ជម្នះ​លើ​​សត្រូវ ​នៅ​វត្ត​ផ្នោរ​ដូង​ និង​ខឿន​ចេតិយ​ ជា​ទី​បញ្ចុះ​សព​របស់​លោក​ឧកញ៉ា នៅ​វត្ត​​ពោធិ​សាល​រាជ​កំពង់​ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។

ព្រះតេជព្រះគុណ​ ថាច់ រាជ​គង់ ​​មាន​ថេរ​ដីកា​ថា សព្វ​ថ្ងៃ​នេះ​ មាន​ភ្ញៀវ​ទេសចរ មក​អុជ​ធូប​បន់​ស្រន់​ នៅ​ដើម​ឈើ​ទាល​នេះជា​ហូរ​ហែ​​​ ​ទាំង​ខ្មែរ​ និង​ទាំង​ជន​ជាតិ​វៀតណាម ប៉ុន្តែ​ ពួក​មគ្គុទ្ទេសក៍​​​​ទេសចរណ៍​ជន​ជាតិ​វៀតណាម​ តែង​បរិយាយ​បំផ្លើស​ការ​ពិត​នៃ​ប្រវត្តិ​ដើម​ឈើ​ទាល និង​ពលិកម្ម​របស់​ឧកញ៉ា​ សឺង គុយ ។

ព្រះតេជព្រះគុណ​ ថាច់ រាជគង់ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ចង់​កសាង​​ទី​សក្ការ​​​នៅ​កន្លែង​​ដើម​ឈើ​ទាល​នេះ​ ឲ្យ​សម​ នឹង​គុណ​តម្លៃ​កេរដំណែល​វីរបុរស​​ខ្មែរ​ណាស់ តែ​មិន​ហ៊ាន​សុំច្បាប់​អាជ្ញាធរ​ទេ ៖ «ព្រោះ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​ហ្នឹង​ ព្រះ​តេជ​គុណៗ លោក​មិន​ហ៊ាន​ទេ លោក​មិន​ហ៊ាន​អះអាង​ថា​ ដើម​ឈើ​ទាល​ហ្នឹង​ ជា​ដើម​ឈើ​ទាល​របស់​ខ្មែរ​ទេ ។ ក្បួន​ដុត​ចោល​អស់​ហើយ​ សព្វ​ថ្ងៃ​គ្រាន់​តែ​សម្លឹង​សៀវភៅ​ប្រវត្តិសាស្ត្រ​មិន​ហ៊ាន​សម្លឹង​ផង ។ បើ​លោក​អះ​អាង ​លោក​ត្រូវ​មាន​អ្វី​យក​មក​អះអាង​ជាមួយ​គេ តែ​បើ​កាល​ណាយ​ក​មក​អះអាង​ជា​មួយ​គេ គឺ​ប្រវត្តិសាស្ត្រ​​បង្ហាញ​ច្បាស់​​ ទី​មួយ​យួន​ខាត បើ​កាល​ព្រះ​តេជព្រះគុណ​ខាត​ ជួន​កាល​អាច​ខាត​ដល់​អាយុជីវិត​ទៀត​ផង» ។

ទាក់​ទិន ​នឹង​វិធានការ ​ថែ​រក្សា​ដើម​ឈើ​ទាល​ប្រវត្តិសាស្ត្រ ​ឲ្យ​បាន​គង់​វង្ស​យូរ​អង្វែង​នេះ លោក ថាច់ វាសនា ជំរុញ​​ឲ្យ​ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ខេត្ត​ព្រះ​ត្រពាំង សុំ​អាជ្ញាធរ​កសាង​បូជនីយដ្ឋាន​មួយ ​​នៅ​កន្លែង​ដើម​ឈើ​ទាល​នេះ ។ លោក​បន្ត​ទៀត​ថា បើ​អាជ្ញាធរ​វៀតណាម​មិន​ជួយ​កសាង​ទេ​ ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​រួម​គ្នា​ទិញ​ដី​កន្លែង​ដើម​ឈើ​ទាល​ហ្នឹង​ កសាង​បូជនីយដ្ឋាន​មួយ​ឲ្យ​​សម ​នឹង​កិត្តិយស​វីរបុរស​​ជាតិ​​ខ្មែរ៖ «យើង​អាច​ប្រមូល​គ្នា​ទាំង​នៅ​ក្នុង​ស្រុក​ ទាំង​នៅ​ក្រៅ​ស្រុក​ យើង​អាច​រាយ​អង្គាស​គ្នា​ម្នាក់​តិច​តួច​អី ​អីចឹង​ទៅ ​ដើម្បី​ជាវ​ដី ​ ក្នុង​បរិវេណ ដើម​ឈើ​ទាល​ហ្នឹង ដើម្បី​ទុក​ជា​សម្បត្តិ​របស់​ខ្មែរ ឧទាហរណ៍​ដូច​ជា​យើង​ជាវ​យក​ទៅ​ប្រគេន​វត្ត​ ដូច​ជា ​វត្ត​ចំបក់​ខឿន​ ឬវត្ត​ចម្ការ​ ​​អី​​អីចឹង​ទៅ ។ បើ​កម្ម​សិទ្ធិ​ហ្នឹង​​យើង​ជាវ​មក​ទុក​ជា​លក្ខណៈ​បុគ្គល​ អនាគត​​ថ្ងៃ​​ក្រោយ​គង់​តែ​មាន​ការ​បំផ្លិច​​បំផ្លាញ​អីចឹង​ទៀត​ដដែល​ ​មាន​គ្រប់​មធ្យោបាយ​​​កល់ល្បិច​បំផ្លាញ​​របស់​រដ្ឋាភិបាល​យួន» ។

ស្រ​ដៀង​គ្នា​នេះ​ដែរ ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​​ទៀត​​ លោក គឹម ស៊ី សំណា នៅ​ទី​ក្រុង​ភ្នំ​ពេញ​​មានប្រសាសន៍ថា ដើម្បី​រក្សា​ដើម​ឈើ​ទាល​នេះ ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត លោក​ស្នើ​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ថា គួរ​រាយការណ៍​ ឬ​ស្នើ​សុំ​ទៅ​​អង្គការ យូណេស្កូ (UNESCO) ដើម្បី​ជួយ​​អភិរក្ស​ទើប​ដើម​ឈើ​ទាល​ទាំង​អស់​ ទើប​មាន​ប្រសិទ្ធិ​ភាព​ជាង៖ «សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ យើង​គួរ​រៀប​ចំ​ឯកសារ​ជា​ផ្លូវ​ការ​មួយ​ដាក់​ទៅ​អង្ក​ការ​បេតិកភណ្ឌ​ពិភពលោក (UNESCO) ដើម្បី​ស្នើ​សុំ​ឲ្យ​អង្គការ​​មាន​យុទ្ធនាការ​ចុះ​ត្រួត​​ពនិត្យ​វាយ​តម្លៃ​មើល​ ដើម​ឈើ​ទាល​ ដែល​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ក្រោម​ហ្នឹង» ។

ទាក់ទង​ នឹង​សំណូមពរ​ឲ្យ​សហព័ន្ធ​ខ្មែរ​ក្រោម​ ឲ្យ​ជួយ​រក​វិធី​ការពារ​ដើម​ឈើ​ទាល​នេះ អគ្គ​នា​យក​ ​នៃ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះតេជព្រះគុណ​ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កំពុង​រៀប​ចំ​ប្រមូល​​នូវ​ទិន្នន័យ​​​វត្ថុបុរាណ​ខ្មែរ​ក្រោម រួម​ទាំង​ដើម​ឈើ​ទាល​ផង ដើម្បី​ឲ្យ​អង្គការ (UNESCO)​ ​ជួយ​​អភិរក្ស​ជា​សម្បត្តិ​ជាតិខ្មែរ ​និង​ដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ ។

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ឲ្យ​ដឹង​ថា​ វត្ថុបុរាណ និង​ទី​កន្លែង​បុរាណ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ​ជា​ច្រើន​បាន​បាត់បង់ ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​របប​កុម្មុយនិស្ត​វៀតណាម ។ ​វត្ថុបុរាណ​ទាំង​នោះ រួមមាន ​រូប​សំណាក​ថ្ម​នាង​​ខ្មៅ បាន​បាត់​បង់​ក្នុង​ឆ្នាំ ១៩៧៨ ។ គូ​ស្រះ​ប្រុស និង​ស្រះ​ស្រី​ ​​ត្រូវ​អាជ្ញាធរ​វៀតណាម​ យក​ធ្វើ​ជា​មន្ទីរ​ឃុំឃាំង​ និង​លក់​ឲ្យ​ឈ្មួញ​ធ្វើ​ជា​មណ្ឌល​កម្សាន្ត​ កាលពី​ឆ្នាំ ២០០៥​ ក្លោង​​ទ្វារ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ​ដែល​មាន​អាយុ​កាល​ជាង ៦០០ ឆ្នាំ ត្រូវ​អាជ្ញាធរ​​វាយ​កម្ទេច​ចោល កាល​ពី​ឆ្នាំ ២០១៤ ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជា​ព្រះ​ចៅ​អធិការ​វត្ត​ខេមរង្សី​ផង​នោះ ឲ្យ​ដឹង​ទៀត​ថា វៀតណាម​ធ្លាប់​ចង់​បំផ្លាញ ដើម​ឈើ​ទាល​ចៅហ្វាយ គុយ ច្រើន​លើក​ហើយ ពី​ព្រោះ​វៀតណាម ចង់​បំផ្លាញ​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ប៉ុន្តែ​វៀតណាម​ មិន​ទាន់​បាន​សម្រេច៖ «ជា​ការ​ពិត​ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង គេ​មាន​មហិច្ឆតា ដើម្បី​លុប​បំបាត់​នឹង​តាង​ប្រវត្តិសាស្ត្រ ពលរដ្ឋ​ខ្មែរ​ក្រោម មាន​ដើម​ឈើ​ទាល ឬ​ក៏​មាន​វត្ថុ​ផ្សេង​ទៀត ។ នេះ​ជា​ការ​រំលោភ​ទៅ​លើ​បេតិកភណ្ឌ​ខ្មែរ​ក្រោម» ។

ព្រះតេជព្រះគុណ​ សឺង យ៉ឹងរតនា បន្ត​ទៀត​ថា ដើម​ឈើ​ទាល ចៅហ្វាយ គុយ ជា​តំណាង​ឲ្យ​ព្រលឹង​ខ្មែរ​ក្រោម ។ ដូច្នោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ត្រូវ​តែ​ការពារ​កុំ​ឲ្យ​បាត់បង់ បើ​មិន​ដូច្នោះ ​ព្រលឹង​ខ្មែរ​ក្រោម​ នឹង​ត្រូវ​បាត់បង់​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន ៕