កសិករ​ខ្មែរក្រោម ​នៅ​ខេត្ត​ក្រមួនស​ ដែល​តវ៉ា​បញ្ហា​ដីធ្លី ​ត្រូវ​អាជ្ញាធរ​ដោះលែង​ ចេញពី​ពន្ធនាគារ​ ជា​បណ្ដោះអាសន្ន

ដោយ ស៊ឺន ចែងចើន

ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់ ដែល​អាជ្ញាធរ​ខេត្ត​ក្រមួន ស បាន​ចាប់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី គឺ​លោក ហ្វិ​ន វ៉ាំ​ងឌែប ត្រូវ​បាន​អា​ជ្ញ​ធរ​ក្នុង​ខេត្ត​នេះ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្ដោះអាសន្ន ។ ប៉ុន្តែ សាច់ញាតិ​បុរស​ខ្មែរក្រោម​រូប​នេះ ទាមទារ​ឲ្យ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ទាំងស្រុង ។

លោក ហ្វិ​ន វ៉ាំងឌែប
លោក ហ្វិ​ន វ៉ាំងឌែប

ប្រភព​ព័ត៌មាន ពី​អង្គការ​ប្រជាជាតិ និង​ប្រជា​ជា​ជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO នៅ​ថ្ងៃទី ៦ ខែ​កញ្ញា​នេះ ឲ្យដឹង​ថា សេចក្ដីសម្រេច​ដោះលែង លោក ហ្វិ​ន វ៉ាំ​ងឌែប ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី ៤ ខែកញ្ញា សប្តាហ៍​នេះ គឺ​ដោយសារតែ​ការស៊ើបអង្កេត​កន្លងមក​របស់​អាជ្ញាធរ​វៀតណាម អស់​រយៈពេល ៣ ខែ ប៉ុន្តែ រក​មិនឃើញ​ពី​ទោសកំហុស​របស់​គាត់ ។

បើ​តាម​អង្គការ UNPO ដដែល ​ឲ្យដឹង​ទៀត​ថា បើ​ទោះបីជា​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ឲ្យ លោក ហ្វិ​ន វ៉ាំ​ងឌែប នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី ប៉ុន្តែ លោក ហ្វិ​ន វ៉ាំ​ងឌែប ត្រូវ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​តាមដាន​យ៉ាង​តឹងតែង ពីសំណាក់​អាជ្ញាធរ​ដដែល ពោល គឺ​លោក​មិន​អាច​ផ្លាស់ប្ដូរ​ទីលំនៅ និង​ហាមមិនឲ្យ​ចាកចេញ​ពី​លំនៅឋាន ឬធ្វើដំណើរ​ទៅបរទេស​ជាដើម ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ ។ ក្រៅពី​នេះ អាជ្ញាធរ​វៀតណាម ក៏​បង្គាប់​ឲ្យ​លោក ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​ នៅចំពោះមុខ​អាជ្ញា​មូលដ្ឋាន​ជា​រៀងរាល់​ខែ​ផង ។

គួរ​ជម្រាប​ជូន​ថា ការ​ដោះលែង​លោក ហ្វិ​ន វ៉ាំ​ងឌែប ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម (KKF​) រួម​ទាំង​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម នៅ​ក្រៅប្រទេស បាន​ប្ដឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ធ្វើអន្តរាគមន៍​ពី​ករណីនេះ ដោយ​ទាមទារ​ទៅ​អាជ្ញាធរ​វៀតណាម ខេត្ត​ក្រមួនស ឲ្យ​ដោះលែង​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​អាជ្ញាធរ​វៀតណាម បាន​ចាប់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី​ក្នុង​ខេត្ត​នេះ ។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី ៧ មិថុនា ២០២០ អាជ្ញាធរ​វៀតណាម​ជាង ៥០ នាក់ បាន​ចុះ​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ក្រោម មួយ​គ្រួសារ ដែល​មាន​សមាជិក ៦ នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​ជាង​មួយ​ខែ​ផង ដោយ​ចោទប្រកាន់​ថា ពួក​គេ​ដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី ដែល​កំពុង​មាន​ជម្លោះ​ទំហំ​ជាង ៣.០០០ ហិកតារ ។ ការ​ចាប់ខ្លួន លោក ហ្វិ​ន វ៉ាំ​ងឌែប ដោយសារតែ​លោក ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូស​ឆាយ​លើ​ដី​ស្រែ​ឲ្យ​ពលរដ្ឋ​ចំនួន ១៤៥ គ្រួសារ នៅ​ភូមិ​ប៉​ប្រក់ ឃុំ​ប៉​ប្រក់ ស្រុក​កៀង​លឿង ខេត្ត​ក្រមួនស កាលពី​ថ្ងៃទី ៥ ខែឧសភា ២០២០ ដោយ​លោក បាន​បើក​អេ​ស្កា​វ៉ា​ទ័រ ដើម្បី​រារាំង​អាជ្ញាធរ​វៀតណាម ប្រដាប់ដោយ​អាវុធ​ជាច្រើន​រយ​នាក់ ចុះទៅ​ហាមឃាត់ និង​រឹបអូស​យក​ដីស្រែ ដែលជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​កំពុង​ប្រើប្រាស់ ។ នៅក្នុង​ហេតុការណ៍​នោះ ពលរដ្ឋខ្មែរ​តវ៉ា​ជំទាស់​រហូត​ឈាន​ដល់​ផ្ទុះ​ជា​អំពើ​ហិង្សា និង​បណ្ដាលឲ្យ​ពលរដ្ឋខ្មែរ​ក្រោម ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋខ្មែរ​ក្រោម​ឲ្យដឹង​ថា ពួក​គេ​បាន​អាស្រ័យផល​លើ​ដី​នោះ តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិនព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ ៕