របាយការណ៍ស្រាវជ្រាវ៖ ពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានរើសអើង ក្នុងការផ្តល់ឯកសារផ្លូវច្បាប់

ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា ពលរដ្ឋខ្មែរក្រោមមួយចំនួន ដែលមករស់នៅកម្ពុជាបាត់បង់សិទ្ធិបោះឆ្នោតដោយសារមិនមានអត្តសញ្ញាណប័ណ្ណ ដែលពួកគេថា មានការរើសអើង ពីអាជ្ញាធរមូលដ្ឋាន ។

លទ្ធផលស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៧ មករា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) បានបង្ហាញថា ខ្មែរក្រោមដែលឡើងមករស់នៅកម្ពុជារងការប្រឈម នឹងការលំបាកជាច្រើនដោយមិនមានផ្ទះស្នាក់នៅ មានការរើសអើងពីខ្មែរគ្នាឯងជាដើម ។ លើសពីនេះទៀតការយល់ដឹង និងការរើសអើងរបស់អាជ្ញាធរបានធ្វើឲ្យពលរដ្ខខ្មែរក្រោមមួយចំនួន បានបាត់បង់សិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ ណសម្រាប់បម្រើកិច្ចការផ្សេងៗ រួមទាំងការបោះឆ្នោតផងដែរ ។

សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ ស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ នារាជធានីភ្នំពេញ ។ រូបថតៈ ស៊ឺន ចែងចើន
សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ ស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ នារាជធានីភ្នំពេញ ។ រូបថតៈ ស៊ឺន ចែងចើន

របាយការណ៍នោះ បានបង្ហាញថា ទោះបីជារដ្ឋាភិបាលកម្ពុជាថ្លែងម្តងហើយម្តងទៀតថា នឹង  ផ្តល់សញ្ជាតិខ្មែរឲ្យ នៅពេលដែលខ្មែរក្រោមផ្លាសមករស់នៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែមនុស្សជាច្រើនបានមើលឃើញថា ការសន្យាទាំងនេះ គឺគ្មានអ្វីនោះទេ ។

បើតាមរបាយការណ៍នេះ បានប៉ាន់ប្រមាណថា ខ្មែរក្រោមប្រមាណពី ២០ ទៅ ៣០ ភាគរយដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ។

ការមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ បានរារាំងពួកគេមិនឲ្យមានសិទ្ធិពេញលេញដូចជាសិទ្ធិបោះឆ្នោត និងសិទ្ធិទទួលបានការងារធ្វើជាដើម ហើយការស្រាវជ្រាវនេះ បានផ្តោតលើអ្នក ដែលមិនមានអត្តសញ្ញាណប័ណ្ណដោយប្រមូលចម្លើយ ពីអ្នកឆ្លើយសំណួរប្រមាណ ២៦៤ នាក់។ ច្រើនជាង ៩០ ភាគរយនៃអ្នកឆ្លើយសំណួរបានឆ្លើយថា ពួកគេបានប្រឈម នឹងបញ្ហា «ច្រើន» និង «មួយចំនួន» នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា «ការរើសអើងដោយអាជ្ញាធរ និងខ្មែរក្នុងស្រុក»។

ការសិក្សានេះក៏បានបង្ហាញផងដែរថា ឫសគល់ចម្បងភាគច្រើន គឺការមិនទទួលស្គាល់សិទ្ធិច្រើនជាងការរើសអើង ។

របាយការណ៍បញ្ជាក់ទៀតថា៖ «ទាំងពលរដ្ឋខ្មែរក្រោម និងអាជ្ញាធរមូលដ្ឋានខ្វះការយល់ដឹងអំពីសិទ្ធិរបស់ខ្មែរក្រោម និងពីរបៀបដែលខ្មែរក្រោមដឹងពីការអនុវត្តនៃសិទ្ធិជាពលរដ្ឋ»។

សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ ស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ នារាជធានីភ្នំពេញ ។ រូបថតៈ ស៊ឺន ចែងចើន
សិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវ ស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ នារាជធានីភ្នំពេញ ។ រូបថតៈ ស៊ឺន ចែងចើន

ទាក់ទិន នឹងករណីនេះអនុប្រធានការិយាល័យអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោក កាំផន សត្យា មានប្រសាសន៍ថា ពលរដ្ឋខ្មែរគ្រប់រូប គឺមានសិទ្ធិទទួលបាន អត្តសញ្ញាណប័ណ្ណ មិនថាខ្មែរក្រោម ឬខ្មែរនៅប្រទេសណានោះទេ ។ លោកទទួលស្គាល់ថាអាជ្ញាធរមូលដ្ឋានមួលចំនួនគឺ ការយល់ដឹងនៅមានកម្រិត តែលោកថាកំហុសនេះ មិនអាចបន្ទោសតែលើអាជ្ញាធរតែម្ខាងនោះទេ ។

លោក កាំផន សត្យា បន្ថែមថា សម្រាប់ពលរដ្ឋខ្មែរក្រោម ការធ្វើអត្តសញ្ញាណប័ណ្ណ គឺត្រូវមានការផ្លាសប្តូរសំបុត្រកំណើតពីវៀតណាមមកកម្ពុជាសិន មុន នឹងអាចធ្វើសំណៅឯកសារផ្សេងៗ ដើម្បីឲ្យពួកគេអាចទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ទោះជាយ៉ាងណាលោក ថាប្រសិនជាពលរដ្ឋនៅតែទទួលការបដិសេធពីអាជ្ញាធរក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនោះ លោកបាន ជម្រុញឲ្យអ្នកទាំងនោះ ធ្វើការដាក់ពាក្យបណ្តឹងទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីឲ្យក្រុមការងារពិនិត្យដោះស្រាយជូន ។

នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជំជួន បានឲ្យដឹងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណជាង ១ លាននាក់កំពុងរស់ប្រទេសកម្ពុជា ហើយក្នុងនោះមានប្រមាណ ៣០% នៃពលរដ្ឋទាំងនោះ មិនមានអត្តសញ្ញាណប័ណ្ណ ៕