ដោយ យាង សុធារិន្ទ
អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរសមត្ថកិច្ចវៀតណាម នៅទីក្រុងព្រៃនគរ ដែលបានលើកគ្នាចូលអុកឡុកដោយបំពានកន្លែងប្រកបអាជីវកម្មលក់សំលៀកបំពាក់ប្រពៃណីខ្មែររបស់យុវជនខ្មែរក្រោម ក្នុងបំណងរុករកសៀវភៅ «ពន្លឹនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» សរសេរដោយព្រះសង្ឃខ្មែរក្រោម នៅសហរដ្ឋអាមេរិក ព្រះនាម ថាច់ ប្រីជាគឿន ដោយ មិនមានដីកាបញ្ជាពីតុលាការត្រឹមត្រូវ ។

អង្គការ សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកសកម្មភាពរបស់អាជ្ញាធរសមត្ថកិច្ចវៀតណាម គឺជាការបំពានទៅលើរដ្ឋធម្មនុញ្ញវៀតណាម និងគោលការណ៍ច្បាប់អន្តរជាតិ និងជាការរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោម ។
លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅព្រះរាជាណាចក្រ កម្ពុជាដែលមានសមាជិកចំនួន ៩ ស្ថាប័ន រួមមាន សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម មូលនិធិសម្រាប់អ្នកក្រីក្រ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម សហគមន៍ខ្មែរកម្ពុជាក្រោម ក្រុមប្រឹក្សាយុវជនខ្មែរក្រោម មិត្តសមាគមខ្មែរកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ បានថ្កោលទោសអាជ្ញាធរសមត្ថកិច្ចវៀតណាមក្រុងព្រៃនគរ ដែលបានចូលអុកឡុក រុករកសម្ភារៈ នៅកន្លែងអាជីវកម្មរបស់យុវជនខ្មែរក្រោម ដោយពុំបានអនុវត្តត្រឹមត្រូវតាមវិធានបញ្ញត្តិច្បាប់ ។
សូមរម្លឹកថា កាលពីវេលាម៉ោងប្រហែល ១០ យប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ នគរបាល និងអាជ្ញាធរវៀតណាម នៃសង្កាត់ទី ១៦ ខណ្ឌហ្កវ៉ាប (Go Vap) ទីក្រុងព្រៃនគរប្រមាណ ១០ នាក់ ខ្លះស្លៀកពាក់ស៊ីវិល ខ្លះជាឯកសណ្ឋាននគរបាល បានចុះដល់ហាងរបស់ យុជន ថាច់ កឿង សម្រុកចូលរុករកសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» និពន្ធដោយ ព្រះសង្ឃខ្មែរក្រោមព្រះនាម ថាច់ ប្រីជា គឿន ដែលជានិពន្ធនាយកសារព័ត៌មានព្រៃនគរ និង ជាអនុប្រធាននាកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ការសម្រុកចូលរុករកនេះ ដោយអាជ្ញាធរ និងសមត្ថកិច្ចសង្ស័យថា យុវជន ថាច់ កឿង រក្សាទុកសៀវភៅចំនួន ១០០ ក្បាលក្នុងបំណងផ្ញើទៅឱ្យយុវជនខ្មែរក្រោម ផ្សេងទៀត ដើម្បីចែកចាយបន្ត ប៉ុន្តែ ពួកគេរុករកមិនឃើញនោះឡើយ ។ ក្នុងពេលរុករកនោះ នគរបាលបាន ប្រើហិង្សាច្របាច់កយុវជន ថាច់ កឿង នៅពេលយុវជនរូបនេះ ព្យាយាមស្រែកប្រឆាំងនឹងការលុកលុយដោយបំពានរបស់ពួកគេ ។ ពួកគេក៏បានដកហូតទូរស័ព្ទដៃចំនួន ២ គ្រឿង របស់យុវជន ថាច់ កឿង យកទៅមើល និងថតសារឆ្លើយឆ្លង នៅក្នុងទូរស័ព្ទនោះ ។ បន្ទាប់មកពួកគេ បាននាំខ្លួនលោក ថាច់ កឿង ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរចំលើយប្រហែលកន្លះម៉ោងថែមទៀត និងបង្ខំឱ្យលោកចុះហត្ថលេខាលើកិច្ចសន្យាមិនចូលរួមសកម្មភាពបោះពុម្ព ឬចែកចាយសៀវភៅ ជាថ្នូរនឹងការប្រគល់ទូរស័ព្ទដៃឱ្យវិញ ។ ពួកគេ ក៏គំរាមមិនឱ្យយុវជន ថាច់ កឿង ផ្តល់ព័ត៌មានពីហេតុការណ៍នេះ ទៅឱ្យអ្នកដទៃនោះទេ ជាពិសេសទៅឱ្យខ្មែរក្រោម នៅក្រៅប្រទេស ។
លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមនៅពេលនេះ ជាចេតនាគំរាមកំហែង បំភិតបំភ័យ និងជាការរំលោភបំពាន ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោម ។ ពួកគេថា នៅក្នុងករណីនេះ អាជ្ញាធរវៀតណាម មិនបានអនុវត្តទៅតាមនីតិវិធីនៃច្បាប់ជាតិ និងអន្តរជាតិ ដោយចូលឆែកឆេរផ្ទះពលរដ្ឋទាំងកណ្តាលយប់មិនមានដីកាបញ្ជា ពីរដ្ឋអាជ្ញាត្រឹមត្រូវ មិនមានវត្តមានសាក្សី និងការអនុញ្ញាតិ ពីម្ចាស់ផ្ទះ ដែលជាការរំលោភសិទ្ធិក្នុងការរក្សាការសំងាត់ និងសិទ្ធិឯកជនរបស់បុគ្គល ។
លោក សម្បត្តិ ស៊ីណា ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា អាជ្ញាធរសមត្ថកិច្ចវៀតណាម កំពុងតែបារម្ភនៅពេលឃើញយុវជន និងពលរដ្ឋខ្មែរក្រោមកាន់ច្រើនឡើង កំពុងយល់ដឹងអំពីសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម នៅលើទឹកដីកំណើតរបស់ខ្លួន ។ លោកថា អាជ្ញាធរមានចេតនាគាបសង្កត់ និងបំបាក់ស្មារតីមិនឱ្យពលរដ្ឋខ្មែរក្រោមហ៊ានងើបឡើងតស៊ូមតិ ប្រឆាំងទៅនឹងទង្វើរំលោភសិទ្ធិមនុស្សរបស់ពួកគេ ។
លោក សម្បត្តិ ស៊ីណា «យើងដឹងហើយថា យួនមិនបើកទូលំទូលាយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម យើងយល់ដឹងពីសិទ្ធិមនុស្ស យល់ដឹងពីការរៀនសូត្រប្រវត្តិសាស្ត្រ គឺអាចអាជ្ញាធរយួនមិនបើក ទូលំទូលាយឱ្យទេ អ៊ីចឹងហើយទើបមួយរយៈចុងក្រោយនេះ យុវជនខ្មែរកម្ពុជាក្រោមយើង គាត់មានការយល់ដឹង តស៊ូមតិ ទើបអាជ្ញាធរយួនធ្វើទុក្ខបុកម្នេញ ចំពោះពួកគាត់នៅកម្ពុជាក្រោម ដើម្បីឱ្យបាក់ស្បាតដើម្បីគំរាមកំហែង មិនឱ្យមានអ្នកហ៊ានងើបតវ៉ាទៀតចំពោះបញ្ហាហ្នឹង» ។
យុវជន ថាច់ កឿង គឺជាសកម្មជនតស៊ូមតិខ្មែរក្រោម ដែលកាលពីខែមិថុនា ឆ្នាំ ២០២០ ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំងកោះហៅសួរនាំករណីបង្ហោះវីដេអូចោទអាជ្ញាធរវៀតណាម ថា ចែកអង្ករក្លែងក្លាយឱ្យពលរដ្ឋខ្មែរក្រោម និងត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ៧ លានដុង ស្មើប្រមាណ ៣០០ ដុល្លារអាមេរិក ។ ក្រៅពីនោះ ចាប់តាំងពីឆ្នាំ ២០១៨ មក លោកបានដាក់ញត្តិស្នើសុំរដ្ឋាភិបាលវៀតណាម ឱ្យកម្មករខ្មែរក្រោម ធ្វើការនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសវៀតណាម មានថ្ងៃឈប់សម្រាកផ្លូវការគ្រប់គ្រាន់ ដើម្បីចូលរួម ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យសែនដូនតានៅស្រុកកំណើត ។
លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម លើកឡើងថា ក្នុងនាមជារដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាម បានគាំទ្រសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច ព្រមទាំងកតិកាសញ្ញា និងអនុសញ្ញាពាក់ព័ន្ធដទៃទៀត ស្តីពីសិទ្ធិមនុស្ស រដ្ឋាភិបាលវៀតណាម ត្រូវមានកាតព្វកិច្ចជាអន្តរជាតិក្នុងការគោរពសិទ្ធិសេរីភាព ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិទាំងអស់នេះ ។
ពួកគេថា រដ្ឋាភិបាលវៀតណាម គួរបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការគោរពសិទ្ធិសេរីភាពពលរដ្ឋ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជាពិសេស គឺពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម
លោក សម្បត្តិ ស៊ីណា ឱ្យដឹងថា លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមក៏នឹងរៀបចំញត្តិដាក់ទៅកាន់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់របស់អាជ្ញាធរសមត្ថកិច្ចវៀតណាម ដែលបានធ្វើចំពោះយុវជនខ្មែរក្រោម ។ ក្រៅពីនោះ ពួកគេក៏គ្រោងដាក់ញត្តិទៅកាន់អង្គការអន្តរជាតិ និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាផងដែរ ៕