ដោយ យន់ សាមៀន | RFA Khmer
អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅក្នុង និងក្រៅស្រុកសំដែងការសោកស្ដាយ ដែលរដ្ឋាភិបាលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ខកខានមិនបានស្នើសុំឲ្យមេដឹកនាំជាន់ខ្ពស់វៀតណាម គោរពសិទ្ធិ ជំនឿសាសនា និងកុំឲ្យធ្វើទុក្ខបុកម្នេញខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ ប្រតិកម្មរបស់អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម ធ្វើឡើង បន្ទាប់ពីប្រតិភូរដ្ឋាភិបាលវៀតណាម និងកម្ពុជាទើបបានជួបគ្នា កាលពីពេលថ្មីៗ នេះ នៅកម្ពុជា ។ ភាគីវៀតណាម អះអាងថា វៀតណាម កំពុងស្វែងរកវិធី ដើម្បីស្នើសុំឲ្យកម្ពុជា អនុញ្ញាតឲ្យពលរដ្ឋខ្លួនរស់នៅស្របច្បាប់ នៅកម្ពុជា ។

មន្ត្រីជាន់ខ្ពស់សហគមន៍ខ្មែរកម្ពុជាក្រោម ហួសចិត្តដែលកម្ពុជា មិនបានគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើត ដែលកំពុងរងការធ្វើទុក្ខបុកម្នេញគ្រប់វិស័យពីសំណាក់រដ្ឋាភិបាលវៀតណាម ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២២ មករា ថា រដ្ឋាភិបាលកម្ពុជា ហាក់ខ្លាចចិត្តវៀតណាម មិនហ៊ានធ្វើសំណើឲ្យវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម ជាជនជាតិដើមនោះទេ ៖ «វាបង្ហាញកាន់តែច្បាស់ ថា វៀតណាម មានឥទ្ធិពលនៅកម្ពុជា មិនអាចប្រកែកបាន» ។
លោក ថាច់ សេដ្ឋា ថា ស្របពេលរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចិត្តអ្នកមានគុណ ភាគីវៀតណាមវិញ បានពឹងពាក់ឲ្យរដ្ឋាភិបាលខ្មែរជួយថែរក្សា ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅស្របច្បាប់ និងខុសច្បាប់នៅកម្ពុជា ។ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនហ៊ានបដិសេធ ហើយថែមទាំងផ្តល់ដីឲ្យអន្តោប្រវេសន៍វៀតណាម នៅតាមខេត្តជាប់បឹងទន្លេសាបទៀតផង ។ ការរិះគន់ថា កម្ពុជាហាក់នៅក្រោមឥទ្ធិពលវៀតណាមនេះ ធ្វើឡើង បន្ទាប់ពីមេដឹកនាំរដ្ឋាភិបាលវៀតណាម កាលពីខែធ្នូ បានសន្យាជួយដល់ពលរដ្ឋវៀតណាម ដែលរស់នៅមិនស្របច្បាប់នៅកម្ពុជា ឲ្យមានសិទ្ធិរស់នៅស្របច្បាប់ ។
ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាលពីពេលមកកម្ពុជា កាលពីខែធ្នូ លើកឡើងថា គ្មានពលរដ្ឋណា ដែលជួបបញ្ហាលំបាកខ្លាំង ដូចជាពលរដ្ឋវៀតណាម នៅកម្ពុជានោះទេ ដោយសារពួកគេ គ្មានលិខិតបញ្ជាក់រស់នៅស្របច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម ។
កាលពីដើមឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងផ្លាស់ទីលំនៅពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី នៅតាមដងទន្លេសាប ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន បំផ្លាញគុណភាពទឹក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ ពលរដ្ឋវៀតណាមមួយចំនួន ចង់ទៅរស់នៅវៀតណាមវិញដែរ តែអាជ្ញាធរវៀតណាម មិនទទួលយក ដោយយកលេសអំពីការរាតត្បាតជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនោះ កំពុងរស់នៅលើទឹកទន្លេខ្មែរក្បែរព្រំដែននៅឡើយ ។ កាលពីប៉ុន្មានឆ្នាំមុននេះ រដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ដីជាច្រើនរយហិកតារដល់ជនអន្តោប្រវេសន៍វៀតណាម សង់លំនៅឋាន រស់នៅខេត្តកំពង់ឆ្នាំង ក្រោយបណ្ដេញពួកគេចេញពីបឹងទន្លេសាប ។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) ក៏ទើបបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាដែរ ។ មន្ត្រីការបរទេសវៀតណាម និងសមភាគីខ្មែររបស់លោក បានជជែកអំពីសកម្មភាពបោះបង្គោលព្រំដែន និងកំណត់ខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ និងបន្តដោះស្រាយការបោះបង្គោលព្រំដែនគោក ដែលនៅមិនទាន់ដោះស្រាយ ។ ក្នុងជំនួបកំពូលទាំងពីរលើកនេះ រដ្ឋាភិបាលកម្ពុជាមិនបានស្នើឲ្យវៀតណាម គោរពសិទ្ធិ និងឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោមនោះទេ ។

ពាក់ព័ន្ធនឹងការធ្វើព្រងើយកន្តើយ រឿងសិទ្ធិពលរដ្ឋខ្មែរក្រោម របស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ លោក ថាច់ សេដ្ឋា ដែលជាប្រធានស្ដីទីគណបក្សភ្លើងទៀនផងនោះ សន្យាថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្សនេះនឹងយកចិត្តទុក្ខដាក់ស្ថានភាពសិទ្ធិមនុស្ស នៅទឹកដីកម្ពុជាក្រោម៖ «ក្នុងនាមគណបក្សភ្លើងទៀន យើងយកចិត្តទុក្ខដាក់ខ្មែរ នៅគ្រប់ទិសទី មិនថា នៅទីណាក៏ដោយ យើងត្រូវតែត្រូវគាំពារដោយរដ្ឋាភិបាល ជាពិសេស បងប្អូននៅកម្ពុជាក្រោម ដែលលោកបានតស៊ូ ដើម្បីជាតិមាតុភូមិ ទំនៀមទម្លាប់ អក្សរសាស្ត្រ ។ យើងត្រូវតែផ្តល់ភាពកក់ក្ដៅដល់ពួកគាត់» ។
ឆ្លើយតបនឹងការលើកឡើងរបស់សហគមន៍ខ្មែរក្រោមនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ។ លោកថា រដ្ឋាភិបាលមិនចង់កេងចំណេញនយោបាយ ដោយយករឿង ការពារសិទ្ធិពលរដ្ឋខ្មែរ នៅក្រៅប្រទេស មកប្រកាសជាសាធារណៈនោះទេ៖ «វាមិនដែលរដ្ឋាភិបាលណាមួយអត់គិតពីប្រជាជនគេនោះទេ ។ បើយើងឈរលើទស្សនៈនេះ យើងអាចឲ្យតម្លៃបានទាំងអស់គ្នា ។ នៅកម្ពុជា អ្នកនយោបាយខ្លះ មានចរិតមិនល្អ ដោយយករឿងសោកសៅប្រវត្តិ មកធ្វើជាប្រធានបទវាយប្រហារគ្នា វាគ្មានអ្វីចាំបាច់ដើម្បីឆ្លើយតប» ។
ទោះបីមានអះអាងរបស់មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាយ៉ាងនេះក្ដី ក៏ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏សង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលចាប់អារម្មណ៍នឹងសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅទឹកដីកំណើតឡើយ ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើឲ្យរដ្ឋាភិបាល ត្រូវហ៊ាននិយាយការពិតនឹងរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម៖ «ស្នើពលរដ្ឋវៀតណាម ទៅដល់វៀតណាម ត្រូវតែស្នើឲ្យវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម ដែលជាម្ចាស់ស្រុក នៅលើដែនដីកម្ពុជាក្រោម ។ យើងពេលរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅវៀតណាម ហ្នឹងសូមអញ្ជើញទៅតាមវត្ត នៅលើទឹកដីកម្ពុជាផង» ។
ចាប់តាំងពីរាតត្បាតជំងឺកូវីដ ឆ្នាំ ២០២០ មក រដ្ឋាភិបាលវៀតណាម បានចាប់ផ្ដើមបង្ក្រាបលើសិទ្ធិសំដែងមតិ ដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ។ យ៉ាងហោចណាស់ ក៏មានពលរដ្ឋខ្មែរក្រោម ៣ នាក់ កំពុងជាប់ពន្ធនាគារ រឿងតវ៉ាមិនព្រមឲ្យដីជាកេរដូនតា ទៅឲ្យរដ្ឋាភិបាលវៀតណាម ដោយគ្មានសំណងត្រឹមត្រូវ ។ តុលាការវៀតណាម កាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ ពី ៩ ខែ ទៅពីរឆ្នាំ ពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ។ អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ក៏បានចាប់ខ្លួន ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដាក់ពន្ធនាគារ ដោយសារតែលោក សំដែងមតិ និងផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម ។ ចំណែកយុវជនខ្មែរក្រោម ជាច្រើននាក់ទៀត ក៏ត្រូវវៀតណាមផាកពិន័យជាច្រើនរយដុល្លារ ករណីបង្ហោះព័ត៌មានពីប្រវត្តិបាត់បង់ទឹកដីកម្ពុជាក្រោម និងផ្សព្វផ្សាយពីសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ៕