ដោយ យន់ សាមៀន | RFA Khmer
ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់រដ្ឋាភិបាលវៀតណាម បច្ចុប្បន្នស្នាក់នៅប្រទេសបារាំង ។ ព្រះអង្គកំពុងដើរប្រមូលបច្ច័យ ដើម្បីជាវវត្ត សម្រាប់ទុកធ្វើជាកន្លែងជួយជនភៀសខ្លួន ពីកម្ពុជាក្រោម និងកម្ពុជា ហើយក៏ទុកឲ្យពុទ្ធបរិស័ទជួបជុំធ្វើបុណ្យទាន ។

ព្រះភិក្ខុ អ៊ួង សុខ បានលះបង់រយៈពេលជាច្រើនទសវត្សរ៍ ទាមទារសិទ្ធិសេរីភាពជាជនជាតិដើមកំណើត អក្សរសាស្ត្រ និងសាសនា សម្រាប់ពលរដ្ឋខ្មែរក្រោម ។ ព្រះអង្គ ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំអឺរ៉ុប ហើយជាព្រះចៅអធិការវត្ត ខេមរធម្មារាម នៅខេត្ត អរលេអង់ស៍ (Orleans) ប្រទេសបារាំង (France) និងវត្តមង្គលសោភ័ណ្ឌ ។ បច្ចុប្បន្នព្រះអង្គកំពុងធ្វើចលនាឲ្យពុទ្ធបរិស័ទបរិច្ចាគ និងចូលបច្ច័យ ដើម្បីជាវវត្តដែលមានតម្លៃជាង ៣២ ម៉ឺនដុល្លារ សម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា និងកិច្ចការតស៊ូមតិ ដើម្បីពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត ។
ព្រះភិក្ខុ អ៊ួង សុខ មានថេរដីកាបន្តទៀតថា យ៉ាងហោចណាស់ក៏មានព្រះសង្ឃខ្មែរក្រោម ៥០ អង្គ ភៀសព្រះកាយមកសុំសិទ្ធិជ្រកកោន នៅប្រទេសបារាំង ហើយបច្ចុប្បន្ននេះ មានតែព្រះសង្ឃប្រមាណ ៣០ អង្គកំពុងបន្តបួស ។ ព្រះសង្ឃខ្លះមិនទាន់មានកន្លែងគង់ត្រឹមត្រូវ បណ្ដាលឲ្យជួបការលំបាកក្នុងរៀនសូត្រ និងធ្វើលិខិតស្នាម ដើម្បីទទួលសិទ្ធិរស់នៅដោយស្របច្បាប់៖ «អាត្មាកសាងវត្តថ្មី មានគោលការណ៍ទទួលយកទាំងអស់នូវខ្មែរកម្ពុជាក្រោម ដែលភៀសខ្លួនមក ពីកម្ពុជាក្រោម និងកម្ពុជាកណ្ដាលដោយយួនធ្វើបាបគាបសង្កត់ផ្លូវកាយផ្លូវចិត្តក្ដី អាត្មាទទួលបានទាំងអស់» ។
ព្រះភិក្ខុ អ៊ួង សុខ មានដើមកំណើតជាខ្មែរក្រោម ប្រសូតនៅឆ្នាំ ១៩៥១ នៅខេត្តក្រមួនស ។ ព្រះអង្គបួស ចាប់តាំងពីអាយុ ១៥ ឆ្នាំ ហើយរៀនរហូត ក្លាយជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ ហើយចុងក្រោយ រដ្ឋាភិបាលវៀតណាម ចាត់ទុកព្រះជាសត្រូវ ។ អាជ្ញាធរវៀតណាមចោទប្រកាន់ព្រះអង្គថា ជាប់ពាក់ព័ន្ធចលនាប្រដាប់អាវុធចង់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលវៀតណាម៖ «កាលពីឆ្នាំ១៩៧៦ ១៩៧៧ និង ១៩៧៨ បានរំដោះទាំងស្រុង ពីយួនសេរីមកយួនកុម្មុយនិស្ត ។ កាលនោះខ្មែរក្រោមយើងគិតថា បានផ្លាស់ប្ដូររបបហើយ យើងនាំគ្នាទៅបង្រៀនបើកសាលា អក្សរសាស្ត្រតាមភូមិ តាមជនបទ ។ ពេលបើកទៅវារីកចំរើន យួនវាក្ដិចត្រួយ» ។
ព្រះអង្គបានភៀសខ្លួនចេញពីស្រុកកំណើត ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព ខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារ ។ ពេលមកដល់កម្ពុជា កាលពីឆ្នាំ១៩៨២ ព្រះអង្គបានបង្ខំចិត្តប្ដូរឈ្មោះពិត ដើម្បីសុវត្ថិភាព ប៉ុន្តែ ទោះបីព្រះអង្គបានព្យាយាមលាក់ឈ្មោះពិត ក៏ព្រះអង្គមិនអាចរស់នៅកម្ពុជាបាន ដោយសារតែភ្នាក់ងារសំងាត់វៀតណាម បន្តតាមដានព្រះអង្គ រហូតដល់ព្រះអង្គចាកចេញពីកម្ពុជា ភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសបារាំង កាលពីឆ្នាំ ២០០២ មកទល់សព្វថ្ងៃនេះ ។ ពេលព្រះអង្គ មកដល់បារាំង ដែលជាទឹកដីថ្មី ព្រះក៏អង្គជួបការលំបាករឿងភាសា ហើយធ្លាក់សម្ភាសន៍ជាច្រើនលើក ដើម្បីអាចទទួលសិទ្ធិជាជនភៀសខ្លួនបាន ។ ព្រះអង្គតស៊ូរយៈពេល ៥ ឆ្នាំ រហូតដល់ឆ្នាំ ២០០៧ ទើបព្រះអង្គទទួលបានសិទ្ធិរស់នៅប្រទេសបារាំងដោយស្របច្បាប់ ។ ព្រះភិក្ខុ អ៊ួង សុខ មានថេរដីកាបន្តទៀតថា កិច្ចខំប្រឹងប្រែងរបស់ព្រះអង្គ នៅលើឆាកអន្តរជាតិ ជួយព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម គឺដើម្បីទាមទារសិទ្ធិជាជនជាតិដើមកំណើតផ្តល់ឲ្យពលរដ្ឋខ្មែរក្រោម៖ «បំណងរបស់អាត្មា ចង់ឲ្យយួនកុម្មុយនិស្តគោរព ហើយទទួលស្គាល់ថា ខ្មែរក្រោមហ្នឹង ជាជនជាតិដើម ហើយឲ្យយួនហ្នឹងគោរព និងទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើម ហើយឲ្យយួនគោរពសិទ្ធិមនុស្ស បញ្ចេញព័ត៌មាន សារព័ត៌មាន បង្រៀនអក្សរសាស្ត្រខ្មែរ និងរក្សាព្រះពុទ្ធសាសនាដោយបានគង់វង្ស» ។

ក្រៅតែពីកិច្ចការងារសម្រាប់ខ្មែរក្រោម ព្រះអង្គក៏បានដឹកនាំការងារសង្គម ដើម្បីទាមទារសិទ្ធិសេរី ប្រជាធិបតេយ្យ ឯករាជភាព និងបូរណភាពទឹកដីជូនដល់ពលរដ្ឋខ្មែរ នៅកម្ពុជាដែរ ។ ព្រះអង្គក៏ជាប្រធានសមាគមខ្មែរគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ស្ដីពីកម្ពុជា ។ ព្រះភិក្ខុ អ៊ួង សុខ មានថេរដីកា វត្តខេមរធម្មារាម នឹងក្លាយជាកន្លែងសម្រាប់ជួយពលរដ្ឋខ្មែរ ដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៖ «ព្រះសង្ឃខ្មែរក្រោមមួយអង្គៗ មិនចង់ចាកចេញពីវត្តអារាម និងមាតុភូមិកំណើតរបស់ខ្លួនទេ តែដោយសារតែស្ថានភាពមិនអាចរស់នៅក្នុងរបបអាណានិគមបានហ្នឹង បានបង្ខំចិត្តសុំសិទ្ធិជ្រកកោននៅប្រទេសបារាំងហ្នឹង អាត្មាភាពសំណូមពរឲ្យព្រះសង្ឃជួយសម្រួលយ៉ាងណាឲ្យព្រះសង្ឃខ្មែរក្រោមឲ្យបានស្នាក់នៅ គង់នៅក្នុងវត្តផង» ។
ជុំវិញការតស៊ូរបស់ព្រះភិក្ខុ អ៊ួង សុខ មាននៅអឺរ៉ុបនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅអាមេរិក ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា ព្រះអង្គកោតសរសើរដល់កិច្ចខំប្រឹងប្រែង ព្រះភិក្ខុ អ៊ួង សុខ ដែលបានអំណាចពេលវេលា និងកម្លាំងកាយ ដើម្បីប្រយោជន៍ពលរដ្ឋខ្មែរកម្ពុជាក្រោម ។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏សំណូមពរដល់រដ្ឋាភិបាលបារាំងធ្វើយ៉ាងណាផ្តល់ការគាំទ្រ និងទទួលយកព្រះសង្ឃខ្មែរក្រោមអាចគង់នៅ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាម ។
របាយការណ៍សិទ្ធិសេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ ២០១៩ ផ្សាយកាលពីខែមិថុនា ឆ្នាំ ២០២០ ឲ្យដឹងថា ទោះបីរដ្ឋធម្មនុញ្ញវៀតណាមឲ្យសិទ្ធិសេរីផ្នែកសាសនាដល់ពលរដ្ឋទូទៅក៏ដោយ ប៉ុន្តែច្បាប់ផ្តល់អំណាចដល់អាជ្ញាធរវៀតណាម ដើម្បីត្រួតត្រា ការប្រតិបត្តិសាសនា ដោយយកលេសការពារសន្តិសុខជាតិ និងសាមគ្គីសង្គម ។ មេដឹកនាំសាសនាជាច្រើន បានរៀបរាប់ពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម រួមមាន អំពើហិង្សា ការចាប់ខ្លួនដាក់ពន្ធនាគារ ការតាមដាន ការរឹតត្បិតការដើរហើរ និងការរឹបអូសទ្រព្យសម្បត្តិជាដើម ។ ព្រះសង្ឃខ្មែរក្រោម ក៏រងគ្រោះនៃការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមដែរ ។ ការធ្វើទុក្ខបុកម្នេញពីសំណាក់ អាជ្ញាធរវៀតណាមនេះ ហើយបណ្ដាលឲ្យព្រះសង្ឃរាប់រយអង្គបានភៀសព្រះកាយចេញពីកម្ពុជាក្រោម ទៅស្វែងរកសុំសិទ្ធិជ្រកកោននៅបរទេស ។ សព្វថ្ងៃនេះ វត្តនៅទូទាំងកម្ពុជាក្រោមមានចំនួន ជិត ៥ រយវត្ត និងមានព្រះសង្ឃជិត ៩ ពាន់អង្គ ។ ព្រះភិក្ខុ អ៊ួង សុខ បច្ចុប្បន្ន មានព្រះជន្ម ៧០ ព្រះវស្សាហើយ ។ ទោះបីព្រះអង្គមានព្រះជន្មច្រើនព្រះវស្សាក៏ដោយ ក៏ព្រះអង្គប្ដេជ្ញាបន្តធ្វើការងារសង្គម និងសាសនា រហូតដល់ពលរដ្ឋខ្មែរក្រោមទទួលបានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ៕