ដោយ ស៊ឺន ចែងចើន| VOKK
ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅរសៀលថ្ងៃទី ២៦ សីហា នេះ បានទៅសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារអតីតអ្នកយកព័ត៌មានអាស៊ីសេរី ២ នាក់ គឺលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន ដែលត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃ ២១ ខែ សីហា ។

ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ដែលចូលរួមពិធីសំណេះសំណាលនេះ រួមមាន លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា លោក ប៊ុន មុនី (ហៅ ថាច់ ឡែន) ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក សឺង យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម តំណាងសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងតំណាងព្រះតេជព្រះគុណ ប៉ាង សូដា ព្រះចៅអធិការវត្តភ្នំពេញថ្មី ។
ថ្លែងទៅកាន់ក្រុមគ្រួសារលោក យាង សុធារិន្ទ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តាំង សារៈ មានប្រសាសន៍ថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា មានសេចក្តីរីករាយ និងចូលរួមអបអរសាទរ ចំពោះការដោះលែងអតីតបុគ្គលិកពីរនាក់ឲ្យមានសេរីភាព និងបានជួបជុំគ្រួសារវិញ ។ ជាពិសេស លោក យាង សុធារិន្ទ ក្នុងនាមជាជនរួមឈាមខ្មែរក្រោមផងនោះ លោក តាំង សារៈ បានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ជុំវិញការចាប់ខ្លួននេះ ។
ក្រៅពី ចូលរួមត្រេកអរជាមួយក្រុមគ្រួសារ លោក យាង សុធារិន្ទ និងសហការីរបស់លោកម្នាក់ទៀត លោក តាំង សារៈ ក៏បាននាំយកអំណោយ ពីសប្បុរសជន និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក ជួយឧបត្ថម្ភ ដើម្បីសម្រួលដោះស្រាយជីវភាពលំបាកនានាជាបណ្តោះអាសន្ន ក្រោយពីត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារអស់ជាច្រើនខែ ។
លោក យាង សុធារិន្ទ អតីតនិពន្ធនាយកវិទ្យុអាស៊ីសេរី និងលោក អ៊ួន ឈិន អតីតអ្នកគ្រប់គ្រងផ្នែកវីដេអូរបស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធរខណ្ឌមានជ័យឃាត់ខ្លួន និងរឹបអូសសម្ភារៈប្រើប្រាស់ កាលពីរាត្រីថ្ងៃទី ១៤ វិច្ឆិកា នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ ។ ពួកគេត្រូវបានសង្ស័យថា បានលួចដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ និងលួចផលិតព័ត៌មានបញ្ជូន ពីប្រទេសកម្ពុជាទៅកាន់វិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក ។
ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីការរិយាល័យវិទ្យុអាស៊ីសេរី នៅទីក្រុងភ្នំពេញបានបង្ខំចិត្តបិទទ្វារផ្អាកប្រតិបត្តិការរបស់ខ្លួន កាលពីដើមខែកញ្ញាឆ្នាំទៅ ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង ៩ ខែ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ» ។ បទល្មើសនេះ អាចប្រឈម នឹងការកំណត់ទោសពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ។
លោក យាង សុធារិន្ទ បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះអង្គការ សមាគមខ្មែរកម្ពុជាក្រោម បងប្អូនជនរួមឈាមខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរទូទៅ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលតែងតែបង្ហាញពីការខ្វាយខ្វល់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលលោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារ ។ លោកថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រួសារលោកទទួលអំណោយពីបងប្អូនខ្មែរក្រោម និងសប្បុរសជននានា នៅគ្រប់ទីកន្លែង ។ កន្លងមកគ្រួសាររបស់លោក ក៏ធ្លាប់បានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជននានាខ្លះដែរ ដែលអាចជួយសម្រាលបន្ទុកគ្រួសាររបស់លោក ពេលកំពុងប្រឈម នឹងបញ្ហាបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកថា នេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ពលរដ្ឋខ្មែរទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាជនរួមឈាមខ្មែរក្រោម ដូចគ្នា ។
បន្ថែមពីលើនេះ លោកមើលឃើញថា បើទោះបីជារដ្ឋាភិបាល និងតុលាការមិនបានផ្តល់យុត្តិធម៌ដល់រូបលោក ទាំងដែលលោមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តុលាការក្តី ក៏នៅមានប្រជាពលរដ្ឋជាច្រើន បានបង្ហាញការគោរពស្រលាញ់ និងយល់ពីស្ថានភាពការងាររបស់លោក ព្រមទាំងឲ្យតម្លៃ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដូចរូបលោក ។ កត្តាទាំងអស់នេះហើយ ដែលជាមូលហេតុចម្បង ធ្វើឲ្យលោក មានកម្លាំងកាយកម្លាំងចិត្ត និងស្មារតីរឹងមាំ ក្នុងការតស៊ូមតិទាមទារយុត្តិធម៌សម្រាប់ខ្លួនលោក ។
ចំណែកលោក លោក អ៊ួន ឈិន បើទោះជាមិនបានមកទទួលអំណោយដោយផ្ទាល់ ពីអង្គការ សមាគមខ្មែរកម្ពុក្រោមក្តី ។ តាមរយៈទូរសព្ទ លោកបានសម្ដែងក្ដីរំភើបរីករាយ និងអរគុណចំពោះ អង្គការ សមាគមខ្មែរក្រោម ដែលបានផ្ញើអំណោយជូន និងលើកទឹកចិត្តដល់រូបលោក ។ លោក អ៊ួន ឈិន ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរដល់សមាជិក សមាជិក និងថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងជនរួមឈាមខ្មែរក្រោម ដោយលោកតម្កល់ក្នុងបេះដូងថា ជាឈាមខ្មែរតែមួយ ។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ស្នើឲ្យតុលាការពិចារណាទម្លាក់ចោលនូវការចោទប្រកាន់នេះទាំងស្រុង ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញ ដូចពលរដ្ឋទូទៅ ។ ដោយឡែក លោក យាង សុធារិន្ទ មានបំណងចង់ទៅកម្ពុជាក្រោម ដែលជាស្រុកកំណើតរបស់លោក ដើម្បីសួរសុខទុក្ខ ឪពុកម្តាយចាស់ជរា និងមានជម្ងឺប្រចាំកាយផង ។ ប៉ុន្តែ លោកថា តុលាការ នៅមិនទាន់ដោះលែងលោកមានសេរីភាពពេញលេញនៅឡើយទេ ។
គួរជម្រាបជូនថា ដីការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចអោយអ្នកទាំង ២ បាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែឋិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ បើតាមដីកាដដែលពន្យល់ថា ការត្រួតពិនិត្យនេះ គឺដើម្បីធានាវត្តមានរបស់អ្នកទាំង ២ ដែលជាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ក្នុងនោះអ្នកទាំង ២ ត្រូវអនុវត្តតាមការបង្គាប់របស់ចៅក្រមមួយចំនួនរួមមាន៖ ត្រូវឆ្លើយតប នឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ មិនត្រូវផ្លាស់លំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស ត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី ១ ជារៀងរាល់ខែ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ។ ប្រសិនបើមិនបានអនុវត្តតាមការបង្គាប់នេះទេ អ្នកទាំង ២ អាច នឹងត្រូវចាប់ខ្លួនឡើងវិញ ៕
រូបថតខ្លះៗ ក្នុងជួបសំណេះសំណាល និងនាំយកអំណោយ ជូនដល់គ្រួសារអតីតបុគ្គលិកអាស៊ីសេរី ២ នាក់ របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន