អឺរ៉ុប​ព្រម​ទទួល​សំណើ​សហព័ន្ធ​ខ្មែរ​ក្រោម​ ទៅ​ជជែក​ជាមួយ​វៀតណាម ​ករណី​បំពាន​សិទ្ធិ

ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា សមាជិក​សភា​អឺរ៉ុប​យល់ព្រម​ទទួលយក​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ​ជុំវិញ​បញ្ហា​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ឱ្យ​សមាជិកសភា​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ដល់​រាជរដ្ឋាភិបាល​វៀតណាម ប្រសិនបើ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ជិះ​ម៉ូតូ​កាត់​វត្ត​ខ្មែរ​មួយ នៅ​ភូមិ​កិញ្ឆាង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង កម្ពុជាក្រោម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
ពលរដ្ឋ​ខ្មែរ​ក្រោម​ជិះ​ម៉ូតូ​កាត់​វត្ត​ខ្មែរ​មួយ នៅ​ភូមិ​កិញ្ឆាង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង កម្ពុជាក្រោម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Yeang Socheametta

សមាជិកសភា​អឺរ៉ុប​ នឹង​លើក​យក​បញ្ហា​ការ​រំលោភបំពាន​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៨​ ខាងមុខ ។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​ នេះ​ថា លោក​បាន​ស្នើ​ទៅ​សមាជិកសភា​អឺរ៉ុប ក្នុង​ជំនួប​កិច្ចប្រជុំ​ប្រធាន​គណៈកម្មការ​នាយក​របស់​អង្គការសហប្រជាជាតិ​ស្ដីពី តំណាង​អោយ​អ្នកមាន​សញ្ជាតិ កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ ។ សមាជិកសភា​អឺរ៉ុប​មាន​ចំនួន ៧៥១ មកពី​ ២៨ ​ប្រទេស​ក្នុង​ពិភពលោក​ក្នុង​នោះ​រួមមាន ប្រទេស​អាមេរិក (USA) បារាំង (French) ប្រ៊ុចសែល (Brussels) និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ។ សមាជិកសភា​អឺរ៉ុប​នឹង​យក​បញ្ហា​ទុក្ខវេទនា​របស់​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ជជែក​ជាមួយ​អាជ្ញាធរ​វៀតណាម​នៅ​ដើមខែ​ឧសភា ឆ្នាំ ​២០១៨ ខាងមុខ ។

លោក​ឱ្យ​ដឹង​បន្ត​ថា ក្រៅ​តែ​ពី​ការ​ស្នើសុំ លោក​ក៏បាន​ថ្លែងប្រាប់​សមាជិកសភា​អឺរ៉ុប​អំពី​បញ្ហា​ទុក្ខវេទនា​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ ។ បញ្ហា​ទាំងអស់​នោះ​រួមមាន ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​គោរព​ប្រតិបត្តិ​សាសនា ការ​ចាប់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ ការរំលោភ​យក​ដីធ្លី ការ​រំលោភ​ច្បាប់​ការងារ ការ​រត់ពន្ធ​ស្ត្រី​ខ្មែរ​ក្រោម​ទៅ​ធ្វើជា​ស្រី​ពេស្យាចារ និង​បញ្ហា​មួយ​ចំនួន​ទៀត ។ លោក ប្រាក់ សេរីវុឌ្ឍ ថា ទាក់ទង​នឹង​វិស័យ​ព្រះពុទ្ធសាសនា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ​ចង់​ឱ្យ​វិស័យ​នេះ​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​វៀតណាម​ឡើយ ។

ទាក់​ទង់​នឹង​វត្ត​អារាម​វិញ លោក​បាន​ស្នើ​តាមរយៈ​សមាជិកសភា​អឺរ៉ុប ឱ្យ​ស្នើ​ទៅ​អង្គការ​យូនេស្កូ (UNESCO) ដើម្បី​ដាក់​វត្ត​អារាម ដែល​បាន​អាយុកាល​លើស​ពី​ប្រាំបី​រយ​ឆ្នាំ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ លោក​ថា បើ​ពុំ​ដូច្នេះ​ទេ វត្ត​វ័យ​ចំណាស់​ទាំងនោះ​នឹង​បាត់បង់​ថ្ងៃ​ណាមួយ​ជាមិនខាន​ឡើយ។ ជាក់ស្ដែង​ខ្លោង​ទ្វារ​វ័យ​ចំណាស់​ចូល​ខេត្ត​ព្រះ​ត្រពាំង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បំផ្លាញ​ចោល​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

លោក​ឱ្យ​ដឹង​បន្ត​ថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ព្រះ​សង្ឃ​ខ្មែរក្រោម​ដែល​បាន​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​ទៅ​ដល់​កូន​ខ្មែរ​កម្ពុជា​ក្រោម។ ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ទាំងនេះ ត្រូវ​រង​ទារុណកម្ម ការ​វាយដំ និង​ដាក់​ពន្ធនាគារ​ជាដើម។

ទន្ទឹម ​នឹង​គ្នា​នេះ លោក​ក៏បាន​ស្នើ​សុំ​ឱ្យ​សមាជិកសភា​អឺរ៉ុប ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះលែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​ជាប់ពន្ធនាគារ​បច្ចុប្បន្ន ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិកសភា​អឺរ៉ុប ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ឬ​ព្រះ​សង្ឃ​ដែល​រង​ការ​គំរាមកំហែង​អាយុ​ជីវិត​ពី​រដ្ឋាភិបាល​វៀតណាម ។

ចំពោះ​បញ្ហា​ដីធ្លី​វិញ លោក​ឱ្យ​ដឹង​ថា ដីធ្លី​ខ្មែរ​ក្រោម​មួយ​ចំនួន​ធំ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រំលោភ​យក​តាម​រយៈ​គោលនយោបាយ​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន នឹង​ប្រើ​ល្បិច​ឱ្យ​ខ្មែរ​ក្រោម​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ​វៀតណាម​ដាក់​បញ្ចាំ​ដីធ្លី​ស្រែ​ចម្ការ ដើម្បី​យក​លុយ​ទៅ​ទិញ​ជី​ដាក់​ស្រូវ នឹង​ដំណាំ​ផ្សេងៗ​ទៀត ។ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ ឬ​ដំណាំ​ផ្សេងៗ អាជ្ញាធរ​វៀតណាម​បាន​ទម្លាក់​តម្លៃ​ទីផ្សារ​លើ​កសិផល​ធ្វើ​ឱ្យ​កសិករ​គ្មាន​ប្រាក់​នឹង​សង​បំណុល​ទៅ​ធនាគារ រួច​ក៏​នាំគ្នា​លក់​ដីធ្លី​ឱ្យ​ពលរដ្ឋ​វៀតណាម​ដើម្បី​ទូទាត់​សង​បំណុល​ធនាគារ ។ លោក​ឱ្យ​ដឹង​បន្ត​ថា បន្ទាប់ពី​លក់​ដីធ្លី​អស់​ទៅ ពលរដ្ឋ​នាំគ្នា​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ទីក្រុង​ព្រៃនគរ និង​តាម​បណ្ដា​ទីក្រុង​ផ្សេងទៀត ប៉ុន្តែ​ត្រូវ​បាន​និយោជក​ជា​ជនជាតិ​វៀតណាម​រំលោភច្បាប់​ការងារ ឱ្យ​ធ្វើ​ការ​លើស​ម៉ោង​ការងារ និង​បើកប្រាក់​ឈ្នួល​មិន​គ្រប់​ជាដើម ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ឆ្លើយតប ​នឹង​ការ​អះអាង​របស់​មន្ត្រី​ខ្មែរ​កម្ពុជា​ក្រោម បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​ ២៤ ខែ​តុលា ឆ្នាំ​ ២០១៧ ។

ទាក់ទង​ នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​វិញ លោក​ក៏បាន​ស្នើ​តាមរយៈ​សមាជិកសភា​អឺរ៉ុប​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ទទួលស្គាល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ស្របច្បាប់​មួយ ដើម្បី​ឱ្យ​អង្គការ​នេះ​ចូល​ធ្វើ​ការ​ការពារ​សិទ្ធិ​ខ្មែរ​ក្រោម ​នៅ​ប្រទេស​វៀតណាម​បាន ។ លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​វៀតណាម​ បាន​កៀរគរ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​ មិន​ឱ្យ​បោះឆ្នោត​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ក្លាយ​ជា​ជា​អង្គការ​ស្របច្បាប់​ទេ ៕ RFA