និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជួបពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នូវ​បញ្ហា​នានា ទាក់ទិន នឹង​ការរស់នៅ និង​ការសិក្សា​

ដោយ ស៊ឺន ចែងចើន | VOKK

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​មួយ ក្រោម​ប្រធានបទ “​ជំនួប​និស្សិត បញ្ញាវន្ត​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន​” នៅ​ភោជនីយដ្ឋាន​សូរិយា ក្បែរ​ផ្សារ​ទំនើប​សូរិយា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​

ពិធី «ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាកក្រោម និងសប្បុរសជន» កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ពិធី «ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាកក្រោម និងសប្បុរសជន» កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

​ពិធី​ជួបជុំ​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក សមាជិកា នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ប្រធាន​អង្គ​-​ការ​សមគម​ខ្មែរ​កម្ពុជា​ក្រោម​នានា ដែលមាន​មូលដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​និស្សិត បញ្ញាវន្ត​ខ្មែ​ក​ក្រោម និង​សប្បុរសជន​ប្រមាណ​ជាង​មួយរយ​នាក់ ។​
​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​មាន​ពុទ្ធដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា នេះ​ជា​លើក​ទី ៧ ហើយ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ជួបជុំគ្នា​រវាង​និស្សិត​បញ្ញាវន្ត​ខ្មែរក្រោម និង​សប្បុរសជន ដើម្បី​បាន​ជជែក​គ្នា ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ការងារ ទៅវិញទៅមក ។ ព្រះអង្គ បាន​បញ្ជាក់ថា នេះ​គឺជា​ឱកាស​ឲ្យ​និស្សិត​ខ្មែរក្រោម​ជួបគ្នា​លើ​ពី​បញ្ហា​របស់ខ្លួន​ជុំវិញ​ការរស់នៅ និង​ការរៀនសូត្រ ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​ការងារ និង​មុខរបរ​របស់​ពួកគេ​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ ក៏​ដើម្បី​ស្វែងរក​ការឧបត្ថម្ភ​ជា​ថវិកា ពី​សប្បុរសជន ដែល​បាន​ចូលរួម ដើម្បី​ផ្គត់ផ្គង់​ការសិក្សា ដល់​សម​ជិ​ក​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម កំពុង​បន្ត​ការសិក្សា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ។​

​យោងតាម​របាយការណ៍ នៅ​ឆ្នាំ ២០១៧ នេះ សម្ព័ន្ធសមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅតាម​បណ្តា​សាកលវិទ្យាល័យ ក្នុងប្រទេស​កម្ពុជា ចំនួន ២៦ អង្គ និង​នាក់ ក្នុងនោះ​ថ្នាក់​បរិញ្ញាបត្រ ២២ អង្គ និង​នាក់ ថ្នាក់អនុបណ្ឌិត ៤ អង្គ និង​នាក់ និង​បាន​ជូន​សម្ភារៈ​សិក្សា​មាន​សៀវភៅសរសេរ ប៊ិក និង​ថវិកា​បន្តិចបន្តួច​ដល់​ប្អូនៗ ជា​សិ​ស្សា​នុស្ស ដែល​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​ចំនួន ៦០ នាក់ ។​

​ចំណែក​ការបញ្ជូន​ព្រះសង្ឃ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​បរទេស មាន​ប្រទេស​ថៃ និង​ឥណ្ឌា ចំនួន ១០ អង្គ ។​
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៧ នេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ សរុប​ចំនួន ១១៣ អង្គ និង​បានផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ក្រីក្រ កំពុង​សិក្សា​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល ៨ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ ២០១០ មក សរុប​បាន​ចំនួន ១៥២ អង្គ និង​នាក់ ។​

​សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕