ដោយ ស៊ឺន ចែងចើន
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ៣ មករា ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៥ និងជ្រើសតាំងមេដឹកនាំថ្មី ។

កិច្ចប្រជុំដំណាច់ឆ្នាំរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បុរីព្រៃនគរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំ ដែលបានប្រព្រឹត្តទៅពេញមួយព្រឹកនោះ មានការអញ្ចើញចូលរួម ពីថ្នាក់ដឹកនាំ និងតំណាងឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ដោយធ្វើការពិភាក្សាទៅលើការប្ដូរវេនប្រធាន កែទម្រង់គោលនយោ បាយ និងដាក់ផែនការណ៍ សម្រាប់ឆ្នាំ ២០១៦ ។

បន្ទាប់ពីលោក ប៊ុន មុនី ប្រធានលេខាធិការដ្ឋានអាណត្តិទី ៤ ឡើងធ្វើរបាយការណ៍ ស្តីពីសកម្មភាពឆ្នាំ ២០១៥ ដែលដឹកនាំដោយរូបលោករួចមក ។ អង្គប្រជុំ បានតែងតាំងលោក តាំង សារៈ អធិបតី នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ធ្វើជាប្រធានលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិទី ៥ ។
សូមបញ្ជាក់ថា លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងធ្វើពិធីប្តូរវេនប្រធានរៀងរាល់ឆ្នាំម្តង ដោយធ្វើការជ្រើសរើសប្រធានមួយរូប មកពីអង្គការ សមាគម ឬស្ថាប័នជាសមាជិក មកកាន់តំណែង ជាប្រធានលេខាធិការដ្ឋាន ។ នៅឆ្នាំ ២០១៥ កន្លងទៅនេះ លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជា ក្រោម បានជ្រើសតាំងជាប្រធានលេខាធិការដ្ឋានអង្គការនៃសមាគមខ្មែរកម្ពុជាក្រោម ។

គួររំឭកផងដែរថា លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ជាស្ថាប័នមួយបានបង្កើតឡើង ដើម្បីទទួលបន្ទុកចាត់ចែងការងាររួមរបស់ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា ។ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ជាមធ្យោបាយយបម្រើឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោម ទាំងអស់ ធ្វើការដោយឈរលើគោលនយោបាយខ្មែរកម្ពុជាក្រោមរួមមួយ ។
លេខាធិការដ្ឋាននេះ បានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយមានការចូលរួមរបស់អង្គការ សមាគម និងស្ថាប័នចំនួន ១១ ។ ស្ថាប័ន ដែលជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា ទាំងនោះរួមមាន ៖
- ១ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
- ២ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
- ៣ មិត្តសមាគមខ្មែរកម្ពុជាក្រោម
- ៤ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍
- ៥ សហគមន៍ខ្មែរកម្ពុជាក្រោម
- ៦ មូលនិធិសម្រាប់អ្នកក្រីក្រ
- ៧ អង្គការខ្មែរកម្ពុជាក្រោមដើម្បីអភិវឌ្ឍន៍
- ៨ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
- ៩ កម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម
- ១០ សារព័ត៌មានព្រៃនគរ
- ១១ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម