ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
សហសព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានបញ្ចប់ការចូលរួមស្ដាប់ និងថ្លែងការណ៍រយៈពេលពីរសប្ដាហ៍ ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ៣១ ខែឧសភា នេះ នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ហៅជាភាសាអង់គ្លេសថា The United Nations Permanent Forum on Indigenous Issues ឬហៅកាត់ថា (UNPFII) នៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នាបុរី New York , សហរដ្ឋអាមេរិក ។ ក្រុម យុវជនតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលអង្គការសហប្រជាជាតិ បានអះអាងថា ពួកគេបានប្រាប់ អំពីបញ្ហាខ្មែរក្រោម នៅកម្ពុជាក្រោមដែលត្រូវបានរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិមនុស្ស ក្នុងនោះ មានករណីព្រះ សង្ឃនៅខេត្តឃ្លាំងដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកនាពេលថ្មីៗនេះ ផងដែរ ។

លោក ពេជ្រ វិចិត្រ តំណាងយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា ដែលបានមានឱកាសចូល ថ្លែងការណ៍ និងស្ដាប់នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិអស់រយៈពេលពីរសប្ដាហ៍ កន្លងមកនេះ បានប្រាប់ VOKK ពេលចេញពីអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ ខែឧសភា នេះ អំពីរបៀបវារៈ សំខាន់នៃវេទិកានេះថា៖
———————-សំឡេង———————–
បញ្ហារដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ក្នុងនោះមាន រំលោភលើការប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ ប្រពៃណី, វប្បធម៌ និងបរិស្ថាន ជាដើម ត្រូវបាន សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងនៅក្នុងវេទិកានេះ ផងដែរ ។ នេះបើតាមការអះអាងរបស់ ពេជ្រ វិចិត្រ ។
———————-សំឡេង———————–
បើតាមការអះអាងរបស់ ពេជ្រ វិចិត្រ ការដែលខ្មែរក្រោមបានចូលរួមវេទិការនេះ វាអាចធ្វើឲ្យពលរដ្ឋខ្មែរក្រោម កម្ពុជាក្រោមទទួលបានផលប្រយោជន៍ជាច្រើន ក្នុងនោះ បានជម្រុញឲ្យវៀតណាមគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដល់ពលរដ្ឋខ្មែរក្រោមអ្នកនៅក្នុងស្រុក ។
———————-សំឡេង———————–
ការចូលរួមវេទិកានេះ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានាជាច្រើន ដូចជា កាណាដា, បារាំង និងរដ្ឋនានានៃសហរដ្ឋអាមេរិក ។ លោក ពេជ្រ វិចិត្រ បានអំពាវនាវឲ្យអនាព្យាបាលរបស់យុវជនខ្មែរក្រោម និងខ្មែរ នៅជុំវិញពិភពលោក គួរតែលើកទឹកចិត្តដល់កូនចៅរបស់ខ្លួនបានមកចូលប្រជុំនៅក្នុងអង្គការសហប្រជាជាតិនេះ ដើម្បីលើកស្ទួយសង្គមជាតិខ្មែរក្រោម នៅកម្ពុជាក្រោម បានទទួលសិទ្ធិមនុស្សជាវិជ្ជាមាន ។
លោក ពេជ្រ វិចិត្រ បានថ្លែងថា៖
———————-សំឡេង———————–
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ជានិច្ចកាលត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) និងក្រសួងការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកសាសនា និងសិទ្ធិមនុស្ស រាយការណ៍ថា ត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ៕