លោក ខឹម ឈុន វុធថា ជាអ្នកចម្រៀង និងជាម្ចាស់ Studio ថតចម្រៀងឈ្មោះ ខឹម ឈុនវុធថា ស្ទីតឌីយោ នៅទីក្រុងភ្នំពេញ ទើបតែបានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០ សប្ដាហ៍នេះ ក្នុងជន្មាយុ ៥៧ ឆ្នាំ ដោយជំងឺគាំងបេះដូង ។

កាលនៅរស់ នៅក្នុងឆ្នាំ ២០១២ លោក ខឹម ឈុន វុធថា ធ្លាប់បានច្រៀង និងថតបទចម្រៀងជា CD Vol 1 ឲ្យផលិតកម្ម ព្រៃនគរ របស់សារព័ត៌មាន ព្រៃនគរ ផងដែរ ។ CD Vol 1 នៃផលិតកម្ម ព្រៃនគរ ជាបទចម្រៀងបែបប្រពៃណី បាសាក់ និង អាយ៉ៃ មាន ១២ បទ ដែលបាននិពន្ធដោយ លោក សឺង សម្រេច ជាទីប្រក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ច្រៀងដោយ លោក ខឹម ឈុន វុធថា ដោយបានប្រើឈ្មោះថា កៀង ចម្រើន ។
បទចម្រៀងទាំងនោះ មានដូចជា ហោមរោងខ្មែរក្រោម, នឹកស្រុក, ស្រណោះ, ល្បិចមួលបង្កាច់, អក្ខរាភ្ជាប់ស្នេហ៍, ម៉ែ, នាំអូនទៅលេងកម្ពុជាក្រោម, កោតចិត្ត, សំពៅថយក្រោយចោលកេរដូនតា, បាយខុនស្រះស្រី និងនំបញ្ចុកខ្មែរក្រោម ។ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពនៃ លោក ខឹម ឈុន វុធថា សារព័ត៌មាន ព្រៃនគរ បានផលិតបទចម្រៀងទាំង ១២ បទនេះ ទៅជាវីដេអូ និងបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook ឲ្យទស្សនិកជនបានស្ដាប់កម្សាន្ត ។
លោក សឺន សម្រេច ជាទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្ដែងការសោកស្ដាយ និង អាឡោះអាល័យចំពោះ លោក ខឹម ឈុន វុធថា ដែលលោកធ្លាប់តែបានជួបគ្នាក្នុងគ្រា ថតបទចម្រៀងម្ដងនាពេលកន្លងមក ។
តាមរយៈគណនី Facebook ផ្ទាល់ខ្លួន លោក សឺង សម្រេច បានថ្លែងថា៖ “ខ្ញុំសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពនៃលោកលោក ខឹម ឈុនវុធថា ជាតារាចម្រៀងនៃផលិតកម្មព្រៃនគរ Vol1 ដោយប្រើឈ្មោះ កៀង ចំរើន ដែលខ្ញុំបានតែងនិពន្ធទំនុកបទចម្រៀងនៅ ឆ្នាំ ២០១២ ។ សំឡេងរបស់ លោក ខឹម ឈុនវុធថា ហៅ កៀង ចំរើន និងស្មារតីស្នេហាទឹកដីកម្ពុជាក្រោមរបស់លោក នឹងដិតដាមនៅក្នុងសតិអារម្មណ៍របស់ខ្មែរក្រោមជាដរាបតរៀងទៅ” ។
ក្រៅពីច្រៀងឲ្យ ផលិតកម្ម ព្រៃនគរ លោក ខឹម ឈុន វុធថា ក៏ធ្លាប់បទច្រៀងបទចម្រៀងមនោសញ្ចេតនា រៀបរាប់ឈ្មោះភូមិស្រុកនៅកម្ពុជាក្រោម ដែលបាននិពន្ធដោយ ព្រះតេជ ព្រះគុណ តា ង៉ុក កោ ជាអតីតព្រះចៅអធិការ វត្តដំបងពាក់ នៅខេត្តព្រះត្រពាំង ផងដែរ ។