ដោយ គឹម សាវតា
បញ្ហាទង់កម្ពុជាក្រោម ដែលមានព័ណ៌ខៀវ លឿង ក្រហម កំពុងចោទឡើងជាបញ្ហាដ៏ក្ដៅគគុក រវាងខ្មែរក្រោម ដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម ជាមាតុភូមិដ៏សែនស្រណោះរបស់ពួកគេ និងខ្មែរក្រោមនៅលើពិភពលោក ជាមួយរដ្ឋាភិបាលវៀតណាម ដែលកំពុងត្រួតត្រា និងគ្រប់គ្រងលើដែនដីនេះ ។

ដោយខ្មែរក្រោមមានទស្សនៈថា នេះជាសញ្ញារបស់ជនជាតិគេ ដែលត្រូវគោរព និងជាគ្រឿងសម្គាល់អត្តសញ្ញាណជាតិរបស់ពួកគេ ។
ប៉ុន្តែ រដ្ឋាភិបាលវៀតណាមវិញមានទស្សនៈថា គឺជាទង់ខុសច្បាប់ ជាទង់របស់អង្គការប្រតិក្រិយា ជាអង្គកាភេរវកម្ម ឬក៏ជាអង្គការបំបែករដ្ឋជាដើម ។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម តែងតែមានសកម្មភាពរំខាន ឬធ្វើទារុណកម្មផ្សេងៗ ដល់បុគ្គល ឬពួកក្រុម ដែលជាខ្មែរក្រោមណា បានលើកទង់ខ្មែរក្រោម នៅតាមផ្ទះផ្ទាល់របស់ខ្លួនក្តី ឬក្នុងពិធីផ្សេងៗ ក្តី ដូចជាការកោះហៅទៅសាកសួរចម្លើយ គម្រាមកំហែងដោយពាក្យសម្តី និងពេលខ្លះឈានដល់ការប្រើអំពើហិង្សាដល់បុគ្គល ឬពួកក្រុមខ្មែរក្រោម ទាំងនោះទៀតផង ។
សំណួរសួរថា «តើទង់កម្ពុជាក្រោម ដែលមានព័ណ៌ ខៀវ លឿង ក្រហម អាចប្រើប្រាស់ក្នុងទឹកដីវៀតណាមបានដែរឬទេ»?
យើងសូមបែងចែកបញ្ហានេះជា៣ទិដ្ឋភាពដូចខាងក្រោម៖
១. ទិដ្ឋភាពផ្ទៃក្នុង
២. ទិដ្ឋភាពអន្តរជាតិ
៣. ទិដ្ឋភាពជាក់ស្ដែង
១. ទិដ្ឋភាពផ្ទៃក្នុង៖ សួរថា បច្ចុប្បន្ននេះ ច្បាប់ផ្សេងៗ រួមទាំងច្បាប់រដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋ សង្គមនិយមវៀតណាម មានច្បាប់ណា ឬមាត្រាណាមួយបានហាមប្រាមមិនឱ្យខ្មែរក្រោម ប្រើប្រាស់ទង់ជាតិដែលជាគ្រឿងសម្គាល់អត្តសញ្ញាណជាតិរបស់ពួកគេ ឬខ្លឹមសារ នៃ ច្បាប់ណា ដែលមានអត្ថបទប្រហាក់ប្រហែលនេះដែរឬទេ? ប្រសិនបើមានហើយនោះ រដ្ឋាភិបាលវៀតណាម អាចហាមឃាត់មិនឱ្យប្រើប្រាស់ទង់កម្ពុជាក្រោមបាន ដោយយោងតាមច្បាប់ជាធរមានរបស់រដ្ឋ នៃ ប្រទេសវៀតណាម ដែលជារដ្ឋឯករាជ្យ ។ ប៉ុន្តែ ក្នុងករណីពុំមានច្បាប់ណាហាមឃាត់ទេនោះ ហើយរដ្ឋាភិបាលវៀតណាម ចេះតែមករំខាន ហាមខាត់ គម្រាមកំហែង ធ្វើទុក្ខបុកម្នេញដល់បុគ្គល ឬពួកក្រុមខ្មែរក្រោម ដែលលើកទង់នៅគេហដ្ឋានផ្ទាល់ខ្លួន ឬក្នុងពិធីផ្សេងៗនោះ នេះជាការប្រព្រឹត្តល្មើសច្បាប់ក្នុងប្រទេសរបស់ខ្លួន និងជាការរំលោភទៅលើសិទ្ធិជនជាតិដើម ឬជនជាតិភាគតិចដែលកំពុងរស់នៅក្នុងទឹកដីរបស់ខ្លួន ។
២. ទិដ្ឋភាពអន្តរជាតិ៖ ទង់កម្ពុជាក្រោម គឺជាទង់មួយក្នុងចំណោមទង់ជនជាតិដើមជិត ៥០ ទៅទូទាំងពិភពលោក ដែលអង្គការពិភពលោកមួយមានឈ្មោះថា «អង្គការនៃប្រជាជាតិដើម ដែលពុំមានតំណាង នៅអង្គការសហប្រជាជាតិ» ហៅកាត់ «UNPO» ទទួលស្គាល់ មិនតែប៉ុណ្ណោះ ទង់នេះក៏បានទទួលស្គាល់ពីអង្គការសហប្រជាជាតិផងដែរ ។ ទឡ្ហីករណ៍ជាក់ស្ដែង ដូចជា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងកិច្ចប្រជុំ អចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិ ស្តីពីជនជាតិដើមហៅកាត់ថា «UNPFII» ជារៀងរាល់ឆ្នាំ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំរាល់សម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសជារៀងរាល់លើក ហើយបច្ចុប្បន្នខ្មែរក្រោមជាសមាជិកនាយកដ្ឋានព័ត៌មានរបស់អង្គការសហប្រជាជាតិទៀតផង ។ គ្រប់ស្ថាប័នដែលជាមែកធាងរបស់អង្គការសហប្រជាជាតិ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានអនុញ្ញាតឱ្យចូលរួមនោះ គឺសហព័ន្ធខ្មែរក្រោមតែងតែយកទង់កម្ពុជាក្រោម ដែលមានព័ណ៌ខៀវ លឿង ក្រហមនេះ ជានិមិត្តសញ្ញាទាំងអស់ ហើយត្រូវបានស្ថាប័នជាសាខារបស់អង្គការសហប្រជាជាតិទទួលស្គាល់ ។
ដូច្នេះសួរថា សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលស្គាល់អង្គការពិភពលោក និងស្ថាប័នជាសាខារបស់អង្គការសហប្រជាជាតិទាំងនោះ ជាស្ថាប័នស្របច្បាប់ ឬជាស្ថាប័នប្រតិក្រិយា ឬជាស្ថាប័នភេរវកម្ម?
យើងមិនចាំបាច់រង់ចាំចម្លើយរបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមនោះទេ តែយើងពិនិត្យទៅលើទិដ្ឋភាពជាក់ស្ដែង ក៏បញ្ជាក់ថា រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម បានទទួលស្គាល់អង្គការពិភពលោក និងស្ថាប័នជាសាខាអង្គការសហប្រជាជាតិទាំងនោះ ជាស្ថាប័នស្របច្បាប់រួចទៅហើយ ព្រោះនៅក្នុងសម័យប្រជុំនៃ អង្គការទាំងនោះ តែងតែមានតំណាងរដ្ឋាភិបាលវៀតណាម ជាសមាជិក និងបានចូលរួមក្នុងកិច្ចប្រជុំនោះជាដរាប ។
ដូច្នេះ ប្រសិនបើរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ទទួលស្គាល់អង្គការនោះ និងស្ថាប័នទាំងនោះជាអង្គការស្របច្បាប់ វៀតណាមក៏ត្រូវតែទទួលស្គាល់សហព័ន្ធខ្មែរក្រោមជាស្ថាប័នស្របច្បាប់ដែរ ហើយបើទទួលស្គាល់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការស្របច្បាប់ហើយ ក៏ត្រូវទទួលស្គាល់ទង់កម្ពុជាក្រោម ជាទង់ស្របច្បាប់អន្តរជាតិដែរ ។ ដូច្នេះ ត្រូវបញ្ឈប់សកម្មភាពរំខាន គម្រាមកំហែងទៅលើបុគ្គល និងពួកក្រុមខ្មែរក្រោម ដែលលើកទង់់កម្ពុជាក្រោម នៅតាមគេហដ្ឋាន ឬនៅក្នុងពិធីផ្សេងៗ តទៅទៀត ។
៣. ទិដ្ឋភាពជាក់ស្ដែង៖ រាល់អង្គការ រាល់សមាគម និងរាល់ក្រុមហ៊ុននីមួយៗ ទោះធំ មធ្យម ឬតូច ហើយស្ថិតក្នុងប្រទេសសេរី ឬកុម្មុយនិស្តក៏ដោយ សុទ្ធតែមានជាសញ្ញាសម្គាល់របស់ក្រុមហ៊ុន អង្គការ សមាគម និងសហគ្រាសរបស់ពួកគេ ។ ដូច្នេះ ខ្មែរក្រោមជាជនជាតិដើម នៃ ដែនដីមួយ ក៏ត្រូវតែមានទង់ ឬសញ្ញាសម្រាប់តំណាងឱ្យព្រលឹងជាតិរបស់ពួកគេដោយខានមិនបាន ។
សរុបសេចក្តីមក ដរាបណារដ្ឋាភិបាលវៀតណាម ទទួលស្គាល់អង្គការទាំងឡាយ ដូចជា UNPO, សម័យប្រជុំ UNPFII ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា ជាស្ថាប័នស្របច្បាប់នោះ ទង់កម្ពុជាក្រោម ដែលមានព័ណ៌ ខៀវ លឿង ក្រហម ក៏ជាទង់ស្របច្បាប់ សម្រាប់ខ្មែរក្រោមតំឡើងនៅក្នុងដែនដីកម្ពុជាក្រោម ដែលកំពុងត្រួតត្រាដោយវៀតណាមដែរ។
យើងក៏តែងតែបានឮ បានឃើញនៅគ្រប់វេទិកា ឬសម័យប្រជុំរបស់អង្គការ និងស្ថាប័ននានានៅលើពិភពលោក តំណាងរដ្ឋាភិបាល នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម តែងតែតវ៉ាសុំឱ្យ អង្គការ និងស្ថាប័នទាំងនោះបណ្ដេញ ឬកុំទទួលស្គាល់សហព័ន្ធខ្មែរកម្ពជាក្រោម ដែលមានទង់ព័ណ៌ខៀវ លឿង ក្រហម ជាព្រលឹងជាតិជាដរាប ។ ដូច្នេះ យើងទទួលយក ក្នុងករណីការទាមទាររបស់រដ្ឋាភិបាលវៀតណាម បានសម្រេចតាមមហិច្ចិតារបស់ខ្លួន ហើយទង់កម្ពុជាក្រោម ក៏ពុំអាចលើកតំឡើង នៅក្នុងប្រទេសវៀតណាម បានដែរ ។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្នដែ លការទាមទាររបស់វៀតណាម ត្រូវបានអង្គការទាំងនោះ បដិសេធគ្រប់ពេលវេលា ។ ដូច្នេះ វៀតណាមត្រូវតែទទួលស្គាល់ទង់កម្ពុជាក្រោម ដែលបង្ហូតឡើងនៅក្នុងទឹកដីកម្ពុជាក្រោម ។ បើពុំនោះទេ រដ្ឋាភិបាលវៀតណាមត្រូវបានចាត់ទុកថាប្រព្រឹត្តផ្ទុយពីច្បាប់អន្តរជាតិ ដោយមិនអាចប្រកែកបានឡើយ ៕