សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ Stockton ប្រារព្ធ​ទិវា ៤ មិថុនា​

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Stockton រដ្ឋ California ទើបតែ​បាន​ប្រារព្ធ​កម្មវិធី ខួប ៦៦ ឆ្នាំ នាំ​ទិវា ៤ មិថុនា កាលពី​ថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា កន្លងទៅនេះ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល បារាំង បាន​កាត់​ដែនដី​កូស័ងស៊ីន ឬ កម្ពុជា​ក្រោម ឲ្យ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៥៩ ។ ពិធី​នេះ ប្រារព្ធ​នៅ​សមាគម​អប្សរា ក្រោយ​ការដឹកនាំ​របស់ លោក ម៉ៅ រ៉ា​ឌី ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Stockton ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន ដូចជា លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន អនុប្រធាន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ​, ព្រះតេជព្រះគុណ កាន សុ​ផា​ណា​រិ​ទ្ធ ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មូលដ្ឋាន​នៅ ប្រទេស​កម្ពុជា​, លោក ថាច់ តង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​អាមេរិក​ភាគ​ខាងលិច​, លោក លី ខោ​ន ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose, លោក លូ លិ​ន​ថា​យ និង លោក គឹម មិត្ត ព្រមទាំង​សមា​ជិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួនទៀត ។ ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី ក្រុម​តំណាង​សាខា​គណបកស​ង្គ្រោះ​ជាតិ​នៅក្នុង​តំបន់​មួយ​នេះ ផងដែរ ។​

លោក ចៅ សេរី ធ្វើបទបង្ហាញអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចូលរួម ។
លោក ចៅ សេរី ធ្វើបទបង្ហាញអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចូលរួម ។

បន្ទាប់ពី​ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បាន​អាន​នូវ​សារ​ស្ដីពី ខួប ៦៦ នៃ ទិវា ៤ មិថុនា របស់​អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​អំពី សកម្មភាព​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែ​បំពេញ​បេសកម្ម​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការ ថ្លែង​ទៅកាន់​អ្នកចូលរួម​ដោយមាន ការ​បញ្ចាំង​រូបថត​អម​ជាមួយ​ផង​នោះ លោក ចៅ សេរី បាន​លើកយក សកម្មភាព​មួយចំនួន​ដែល​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​បានធ្វើ​ក្នុង​ឆមាស ៦ ខែ​ចុង​ក្រោយនេះ មានដូចជា ការចូល​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) កាលពី​ខែមេសា កន្លងទៅនេះ​, ការដាក់​ពាក្យ ចូល​ជា​សមាជិក ក្រុមប្រឹក្សា​សង្គម និង​សេដ្ឋកិច្ច នៃ​អង្គការ សហប្រជាជាតិ (ECOSOC) កាលពី​ពី​ខែ ឧសភា​, ការចូលរួម​ប្រជុំ​នៅ​ជាមួយ​ប្រឹក្សា​សិទ្ធិ មនុស្ស​ស្ដី ពី​សេរីភាព​សាសនា​អន្តរជាតិ នៅ​ការិយាល័យ កណ្ដាល នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង ហ្សឺ​ណែវ ប្រ ទេស​ស្វិ​ស កាលពី​ខែមីនា និង​ការចូលទៅ​ជួប មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ជម្រាប​អំពី ស្ថានភាព រំលោភសិទ្ធិ​មនុស្ស និង​សាសនា​នៅ កម្ពុជា​ក្រោម ជាដើម ។​

អ្នកចូលរួម ។
អ្នកចូលរួម ។

​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យខួប​បាត់បង​ទឹកដី​កម្ពុជា​ក្រោម លោក ចៅ សេរី បាន​បញ្ជាក់ថា អ្នក​ដែល​ផ្ដើមគំនិត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​មិន​គេ​បង្អស់ គឺ លោក សឺ​ង ទួន ជា​អតីត​ប្រធាន​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែ​លោក​បាន​អនិច្ចកម្ម​ទៅ​កាលពី​ឆ្នាំ ២០០៧ នៅ​សហរដ្ឋអាមេរិក ។​

​នៅ​ចុង​បទ​បង្ហាញ លោក ចៅ សេរី បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុងតែ​ដើរ​លើផ្លូវ​នៃ​ការតស៊ូ មួយ​ដ៏​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​មាន​ការព្រួយបារម្ភ​ជានិច្ច ហើយ​ហ៊ាន​ចេញមុខ​តតាំង​ជាមួយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់​ទីកន្លែង​នៃ​កិច្ចប្រជុំ​អន្តរជាតិ​នានា ដែល​កាលពីមុន​រដ្ឋាភិបាល​វៀ​ត​ណា​ម មើលរំលង​ចំពោះ​សកម្មភាព​តស៊ូ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ជា​រឿង​ឥតប្រយោជន៍ ហើយ​ពួកគេ​មិន​ខ្ចី អើពើ​ដល់​ឡើយ ។ លោក ចៅ សេរី បាន​លើកយក​សម្ដី​មួយ​ឃ្លា​របស់ មហា​ត្មៈ គ​ន្ធី រដ្ឋបុរស​នៃ​ប្រទេស ឥណ្ឌា និង​ជា​បុរស​និមិត្តរូប​ឲ្យ​ការតស៊ូ​ដោយ​អហិង្សា​មក​បញ្ជាក់ប្រាប់​ដល់​អ្នក​ចូលរួម​ថា “​ដំបូង​គេ​មើលងាយ យើង​, បន្ទាប់មក​គេ​សើចចំអក​ឲ្យ​យើង​, បន្ទាប់មក​គេ​ច្បាំង​ជាមួយ​យើង និង​បន្ទាប់មកទៀត យើង​ឈ្នះ​” ៕​