ក្រុមអ្នកសារព័ត៌មានកម្ពុជា បានស្នើទៅតុលាការឲ្យពិចារណាទម្លាក់ចោលការចោទប្រកាន់ ទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដោយចាត់ទុកជាការចោទប្រកាន់ដ៏ «ធ្ងន់ធ្ងរ» ដែលបង្កក្ដីបារម្ភដល់អ្នកសារព័ត៌មាន និងធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិតាម» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
ក្នុងលិខិតចំហរមួយនៅថ្ងៃទី ១៩ ខែវិច្ឆិកានេះ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានផ្សេងៗ បានលើកឡើងថា ការចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មានទាំងពីរ គឺជាការប្រកាន់ដ៏ «ធ្ងន់ធ្ងរ» ហើយថា ការប្រកាន់បែបនេះ កំពុងបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ ។
ក្នុងលិខិតដដែលនេះ ក្រុមអ្នកសារព័ត៌មាន បានស្នើទៅតុលាការឲ្យទម្លាក់ការចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មាទាំងពីរ ខណៈដែលអះអាងថា សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានពិត ដល់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ។
លិខិតចំហរនោះថា៖ «យើងខ្ញុំដែលបានផ្តិតស្នាមមេដៃនៅក្នុងលិខិតចំហមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ ។ នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតប្រាកដជូនដល់ប្រជាពលរដ្ឋ ។ អ្នកសារព័ត៌មានមានតួនាទីក្នុងការរាយការណ៍អ្វី ដែលជាការពិតជូនដល់សាធារណជន» ។
ក្នុងលិខិតចំហរនោះ បន្តថា សេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ ។
ក្រៅពីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក្រុមអ្នកសារព័ត៌មាន បានលើកឡើងពីច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ ដែលមានចែងពីសេរីភាពនៃសារព័ត៌មានផងដែរ ។ ក្រុមអ្នកសារព័ត៌មានបញ្ជាក់ថា មាត្រា ១០ នៃច្បាប់ស្តីអំពីរបបសារព័ត៌មានបានចែងថា បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឲ្យសារព័ត៌មាននោះចុះផ្សាយនូវការកែតម្រូវ ឬ និងការសងជំងឺចិត្ត ។
ក្នុងលិខិតចំហរនោះក៏លើកឡើងដែរថា អ្នកសារព័ត៌មានកម្ពុជាបានអនុវត្តតាមមាត្រា ៥ នៃច្បាប់សារព័ត៌មានដែលចែងថា «សារព័ត៌មានមានសិទ្ធិទទួលព័ត៌មានដែលស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល» លើកលែងតែព័ត៌មាន ដែលបណ្តាលឲ្យមានអន្តរាយដល់សន្តិសុខជាតិ និងអន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយ នៅក្នុងខណ្ឌមានជ័យ ដោយសមត្ថកិច្ចចោទថា បានលួចផលិតព័ត៌មានពីប្រទេសកម្ពុជា ផ្ញើរទៅឲ្យវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក ។
វិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈមមួយចំនួនជាមួយរដ្ឋាភិបាល ។
ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មានកម្ពុជាបានប្រកាសចាត់វិធានការ ប្រសិនបើបុគ្គលិកអាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ ៕ VOD